បុរស​ម្នាក់​លួច​ឈើ​ច្រើន​លើក ចុង​ក្រោយ​ត្រូវ​ម្ចាស់​ក្របួច​ជាប់

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជាប់ចោទ​ចូល​លួច​ឈើ​បេង​ជា​ច្រើន​លើក តែ​លើក​ចុង​ក្រោយ​នេះ ត្រូវ​ម្ចាស់​គេ​ទាន់​ចាប់​បាន​ប្រគល់​ឱ្យ​កម្លាំង​ប៉េ​អឹ​ម​ស្រុក​អន្លង់​វែង កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ធ្នូ ២០១៥ ស្ថិត​ក្នុងភូមិ​លំ​ទង ឃុំ​លំ​ទង ស្រុក
អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សុខ ប៉ា​ង អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្ម​ភាព​ចូល​លួច​ឈើ​របស់​ឈ្មោះ​ទឹម រតនៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទី​លំ​ភូមិ​ជាមួយ​គ្នា​ចំនួន​២​លើក​មក​ហើយ តែ​លើក​ទី​៣​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ចាប់ខ្លួន​ឲ្យ​ប៉េ​អឹ​ម​ស្រុក​អន្លង់​វែង​ចុះ​ទៅ​យក​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ប្រភព​បន្ត​ថា ឈើ​បេង​ចំនួន​២​សន្លឹក ដែល​មាន​ទំហំ​៥ គុណ​២​ម៉ែត្រ​២​តិក​នេះ ដែល​ជនជាប់ចោទ​លួច បើ​គិត​ជា​ទឹកប្រាក់​ស្មើ​១​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​តែ​ធ្វើការ​សាកសួរ​នៅ​ទីបញ្ជាការ​អាវុធ​ហត្ត​នៅឡើយ ។