ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស​បុក​ខឿន​ស្ពាន​អាកាស​តិច​ណូ

​រាជ​ធានី​ភ្នំពេញ ៖ បុរស​២​នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​ពេក​មក​ដល់​ផ្លូវ​កោង​ក្រោម​ដី​ស្ពាន​អាកាស​តិច​ណូ​ជ្រុល​ទៅ​បុក​ខឿន ​បណ្តាល​ឲ្យ​បែក​រលាត់​ធ្វើ​ឲ្យ​រថយន្ត​បង្ក​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​បើក​ទៅ​មុខ​លែង​រួច កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ​ធ្នូ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី នៅ​ចំណុច​ស្ពាន​អាកាស​តិច​ណូ​ក្រោម​ដី ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​ ។

សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​​ដឹង​ថា មុន​កើតហេតុ​ គេ​​ឃើញ​បុរស​២​នាក់​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-9779 ស៊េរី​ទំនើប បើកបរ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​​ផ្លូវ​កោង​ស្ពាន​អាកាស​តិច​ណូ​ក្រោម​ដី​មិន​បាន​បន្ថយល្បឿន​លឿនក៏​​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​ស្ពាន​បណ្តាល​ឲ្យ​បែក​រលាត់​ខឿន​តិចតួច​អស់​ប្រមាណ​៥​កង់ ចំណែក​រថយន្ត​បង្ក​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​ទៅ​មុខ​លែង​រួច តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ចរាចរ​ណ៌​ជើងគោក​ ដើម្បី​​ដោះ​ស្រាយ​សំណង​ថ្លៃ​ខូចខាត​ខឿន​ស្ពាន​អាកាស​ក្រោម​ដី ៕