លោក Van Gaal រំពឹង​បន្តនៅ​​ជា​មួយ Man United

លោក Louis van Gaal មាន​ក្តី​សង្ឃឹម​ថា អាច​បន្ត​​តំណែង​របស់​លោក​នៅ​ថ្ងៃ​បុណ្យ​ណូ​អែល ក្រោយពីមានការ​លើក​ឡើង​ថា អ្នក​ចាត់​ការ​ទូទៅ​របស់ Manchester United រូប​នេះ នឹង​ត្រូវ​បណ្តេញ​ចេញ​នៅមុន​ពេល​​​ក្រុម​របស់​លោក​ធ្វើ​​ដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹក​​ដី​ក្រុម Stoke City នៅ​ថ្ងៃ Boxing Day​។

vangel-manuលោក Van Gaal ដឹង​ដោយ​​ខ្លួន​លោក​ថា កំពុង​តែ​ស្ថិ​តក្នុង​គ្រោះ​ថ្នាក់​នៃការ​បណ្តេញ​ចេញ​នៅ​ត្រឹម​ពាក់​កណ្តាល​ផ្លូវ​នៃ​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ​​របស់​លោក ក្រោយ​ពី​ការ​មិន​ស្គាល់​ឈ្នះ​សោះ​ចំនួន​​៦​ប្រកួត​របស់​ក្រុម Man United បាន​ធ្វើ​ឲ្យពួកគេ​រង​នូវការ​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Champions League ដ៏​អា​ម៉ាស និង​​ធ្លាក់​ចេញ​ពី​ក្រុម​ខ្លាំង​ទាំង​បួននៃក្រប​ខ័ណ្ឌ Premier League​។ ក្រោយ​ពីការ​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-១ របស់​ក្រុម Man United ​ក្នុង​ផ្ទះខ្លួន​ឯង​ក្រោម​ស្នា​ដៃ​ក្រុម Norwich City កាលពី​ថ្ងៃ​សៅរ៍ វា​ត្រូវ​បាន​គេ​លើក​​ឡើង​ថា លោក Van Gaal នៅ​សល់​ការ​ប្រកួត​២​លើក​​ទៀត​ក្នុងការ​សង្គ្រោះ​ការ​ងារ​របស់​លោក​។ សារ​ព័ត៌​​មាន​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ថា ការ​​រង​បរា​ជ័យ​នៅ​ពេល​ប្រកួត​ជា​មួយនឹង​ក្រុម Stoke នៅ​ថ្ងៃ​សៅរ៍​នេះ ឬ​​ពេលជួប​ក្រុម Chelsea នៅ​កីឡ​ដ្ឋាន Old Trafford នៅ​ថ្ងៃ​ចន្ទ នឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួ​សារ​ត្រកូល Glazer ម្ចាស់​កម្ម​សិទ្ធិ​ក្លិប Man United បណ្តេញ​​លោក​ចេញ​។ ប៉ុន្តែ កាល​ពី​ថ្ងៃ​អង្គារ វា​ហាក់​បង្ហាញ​ថា Van Gaal ប្រហែល​ជា​មិន​អាច​​មាន​ពេល​វេលា​​ទៀត​ឡើយ ក្រោយ​​ពី​បណ្តាញ​សង្គម Twitter ត្រូវ​បាន​គេ​បង្ហោះ​ជា​ច្រើន​​ទាក់​ទង​នឹង​ការ​ពិភាក្សា​​ថា លោក​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​។ ប្រភព​ព័ត៌​មាន​ទាំង​នោះ​ត្រូវ​បាន​ផ្តល់​នូវ​ការ​ជឿ​ជាក់​តាម​រយៈ​​ព័ត៌​មាន​ថា លោក Ed Woodward អនុ​​​ប្រធាន​ប្រតិ​បត្តិ​របស់ Man United បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍​ដើម្បី​ជួប​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​​របស់​ក្លិប​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា កា​សែត Manchester Evening News បាន​ចេញ​ផ្សាយ​នា​ពេល​ក្រោយ​​មក​ថា លោក Woodward បាន​ពិភាក្សា​តែ​ទៅលើ​​បញ្ហា​ពា​ណិជ្ជ​កម្ម​ជាង​ការកំណត់​លើ​អនា​គត​របស់​លោក Van Gaal​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia