ព្យាបាល​ជាំមុខ​តាមបែប​ធម្មជាតិ​

​បញ្ហា​ស្បែ​កមុខ​មិនមែន​បញ្ចប់​នៅត្រឹម​រន្ធ​ញើស​បើក​ធំ មុខ​ឡើង​ខ្លាញ់ ឬ ឡើង​«​មុន​»​នោះទេ ប៉ុន្តែ​នៅមាន «​ជាំមុខ​» ដែល​កើត​មកពី​កម្តៅថ្ងៃ​ដ៏​ក្តៅ​ខ្លាំង​ក្នុងស្រុក​យើង​ទៀតផង ។ ប៉ុន្តែ​រាល់​បញ្ហា​សុទ្ធ​តែមាន​ដំណោះស្រាយ​ទាំងអស់ ដូច្នេះ​ពេលនេះ​យើង​បាន​ប្រមែប្រមូល​នូវ​វិធី​ថែទាំ​ស្បែក​មុខ​ឱ្យ​ប្រាសចាក​ពី​ជាំមុខ​… ដោយ​អ្នក​ក៏​អាចធ្វើ​ខ្លួនឯងបាន ។​

*​ជាំមុខ​មាន​ពីរ​ប្រភេទ​
១-​ជាំមុខ​ប្រភេទ​រាក់​
​ជាំមុខ​មួយ​ប្រភេទ​នេះ​មាន​លក្ខណៈ​ពណ៌​ត្នោត​បង្ហាញ​ច្បាស់ៗ ។ វា​កើត​នៅតែ​ត្រង់​បរិវេណ​ស្បែក​កំព្រា​របស់​យើង (Epidermis)​ធ្វើឱ្យ​យើង​អាច​ព្យាបាល​ឱ្យ​ជា​បាន​ដោយ​ងាយ ។​

២-​ជាំមុខ​ប្រភេទ​ជ្រៅ
​ជាំមុខ​មួយ​ប្រភេទ​នេះ​វា​នៅក្នុង​កម្រិត​ជ្រៅ​ជាង​ស្បែក​កំព្រា មាន​លក្ខណៈ​ពណ៌​ស្វាយៗ​បង្ហាញ​មិនសូវ​ច្បាស់ ។ ភាគច្រើន​មិនអាច​ព្យាបាល​ដោយ​ថ្នាំលាប​ឱ្យ​ជា​ដាច់​បានទេ ពោលគឺ​ត្រូវ​ប្រើ​វិធី​បាញ់​ឡេ​ស៊័​រ​ជួយ​បន្ថែមទៀត​ទើប​អាចជា​បាន ។​

ព្យាបាល​ជាំមុខ​តាមបែប​ធម្មជាតិ​

*​វិធី​ព្យាបាល​ជាំមុខ​ឱ្យ​ជា​ដាច់
​អ្នក​ដែលមាន​បញ្ហា​ជាំ​មុខគួរ​ស្វែងរក​ផលិតផល​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល មិន​ចំពោះ​ថា​រក​ទិញ​នៅ ទីផ្សារ ឬ ពិគ្រោះ​ជាមួយ​ក្រុម​អ្នកជំនាញ​ផ្នែក​ស្បែក គួបផ្សំ​ព្យាយាម​ចៀសវាង​ការ​ប្រឈម​ចំពោះ​កម្តៅថ្ងៃ​យូរៗ ជាពិសេស កម្តៅថ្ងៃ​ខ្លាំង​នៅ​ចន្លោះ​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ៣ រសៀល ។ សម្រាប់​ស្ត្រី​ណា​ដែល​ត្រូវ​ប្រើ​ជីវិត​កណ្តាល​ថ្ងៃ គួរតែ​លាប ឡេ​ការពារ​កម្តៅថ្ងៃ SPF ខ្ពស់ជាង ១៥ ឡើងទៅ ហើយ​បាំងឆត្រ ឬ ពាក់មួក​ដើម្បី​ការពារ​កម្តៅថ្ងៃ​មួយផ្នែក​ទៀត ។ មិនតែប៉ុណ្ណោះ ការព្យាបាល​ជាំមុខ​ក៏​អាច​ចាត់ការ​ឱ្យ​ជា​ដាច់​បាន​ដោយ​រូបមន្ត​ពី​ធម្មជាតិ​ដូចខាងក្រោម ។​

​រូបមន្ត​ទី ១ ៖ មើម​ឆៃថាវ
​មុននឹង​យក​ឆៃថាវ​ទៅធ្វើ​ម្ហូប​ត្រូវ​រំលែក​ចេញមក​ប្រើ​ជា​ប្រយោជន៍​សម្រស់​បន្តិច ដោយ​កាត់​វា​ទាំង​សម្បក រួច​ប្រើ​កាំបិត​សាប់​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ ចាក់ទឹក​ក្រូចឆ្មារ​ចូល​ប​ន្តិ​ច ។ បន្ទាប់ពី​លាងមុខ និង ជូត​ដោយ​កន្សែងពោះគោ​ស្ងួត​ហើយ ត្រូវ​លាប​ក្រែ​មមើ​ម​ឆៃថាវ​ឱ្យ​សព្វ​ផ្ទៃមុខ លញ់​ឈ្លី​ដោយ​ចុង​ម្រាម​ប្រមាណ​ជា ៥ នាទី បិទ​បំពោក​ទុកចោល ២០ នាទី​ទៀត រួច​លាង​ចេញ​ដោយ​ទឹកស្អាត ប្រើ​រូបមន្ត​នេះ​ប្រមាណ​ជា​មួ​ួ​យ​សប្តាហ៍​ម្តង​ក៏​ជាការ​គ្រប់គ្រាន់​ហើយ ។​ ​ប៉ុន្តែ​បី​មាន​អារម្មណ៍​ថា​ចង់​ប្រើពេល​ខ្លីៗ​ត្រូវ​ហាន់​មើម​ឆៃថាវ​ជា​កង់​ស្តើងៗ​យកមក​ដុស​ត្រង់​បរិវេណ​ដែល​ជាំមុខ ប្រមាណ​ជា ៥ នាទី រួច​លាង​ចេញ ។ ឧស្សាហ៍​ធ្វើជា​ប្រចាំ​ព្រឹក​-​ល្ងាច ពេលនោះ​ជាំមុខ​ក៏​នឹង​រលុប​បាត់​ម្តង​បន្តិចៗ​បានដែរ ។​

ព្យាបាល​ជាំមុខ​តាមបែប​ធម្មជាតិ​

​រូបមន្ត​ទី ២ ៖ ស្វាយ​ទុំ​
​យក​ស្វាយ​ទុំ​មួយ​ផ្លែ​បកសម្បក​ចេញ រួច​ចិត​យកតែ​សាច់​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​មួយ​ស្លាបព្រា​កាហ្វេ​យក​ដីសផុយ ២-៣ គ្រាប់ មក​កិន​ឱ្យ​ម៉ដ្ឋ រួច​ដាក់​លាយ​ចូលគ្នា ។ លាងមុខ​ឱ្យ​ស្អាត ជូត​ឱ្យ​ស្ងួត រួច​យកមក​បំពោក​ឱ្យ​សព្វ​ផ្ទៃមុខ​ទុកចោល​ប្រមាណ​ជា ២០ នាទី ធ្វើឱ្យបាន​ត្រឹមតែ​មួ​យស​ប្តា​ហ៍ ២-៣ ដង ពេលនោះ​អ្នកនឹង​សង្កេតឃើញថា ស្នាម​ជាំ​ចាប់ផ្តើម​រលុប​បាត់ម្តង​បន្តិចៗ ហើយ​ថែមទាំង​ធ្វើឱ្យ​ផ្ទៃមុខ​ក្មេងខ្ចី​ទៀតផង ។​

ព្យាបាល​ជាំមុខ​តាមបែប​ធម្មជាតិ​

​រូបមន្ត​ទី ៣ ៖ ស៊ុត​ស​
​រូបមន្ត​នេះ សុភាពនារី​ណា​ដែលមាន​បញ្ហា​រឿង​«​មុនខ្សាច់​»​ក៏បាន​ទទួលផល​ប្រយោជន៍​បែប​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ ព្រោះ​គ្រាន់តែ​យក​ស៊ុត​សមក​លាប​ឱ្យ​សព្វ​ផ្ទៃមុខ ទុកចោល​ប្រមាណ​ជា ៥-១០ នាទី ឬ រង់ចាំ​រហូត​ទាល់តែ​ស៊ុត​ស​ស្ងួត រួច​លាង​ទឹក​សម្អាត​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​សឹម​សម្អាត​ដោយ​ទឹក​ត្រជាក់​ម្តងទៀត វា​នឹង​ជួយ​បឺត​យក​របស់​កខ្វក់​ឱ្យ​ជ្រុះ​ចេញ ជាហេតុ​ធ្វើឱ្យ​យើង​អាច​ព្យាបាល​បាន​ទាំង​មុខជាំ និង «​មុន​»​ក្នុងពេល​តែមួយ​តែម្តង ។​

ព្យាបាល​ជាំមុខ​តាមបែប​ធម្មជាតិ​

​រូបមន្ត​ទី ៤ ៖ អម្ពិល​ទុំ​
​ចង់​មាន​ស្បែក​មុខ​ភ្លឺ​ថ្លា ផូរផង់ គ្មាន​ស្នាម​ជាំ ត្រូវយក​អម្ពិល​ទុំ​ច្របាច់​យកតែ​ទឹក​(​ទឹកថ្លាៗ​មិនត្រូវ​ឱ្យ​ខាប់​ពេក​ទេ​)​ដាក់ ចូលទៅក្នុង​ឆ្នាំង រួច​យកទៅដាក់​ដាំ​ទាល់តែ​ពុះ ចាក់ទឹក​ឃ្មុំ​ចូល​រួច​កូរ​គ្រឿងផ្សំ​ចូលគ្នា​រង់ចាំ​រហូត​ទាល់តែ​គ្រឿងផ្សំ​ត្រជាក់ ហើយ​យកមក​បំពោក​ឱ្យ​សព្វ​ផ្ទៃមុខ​ទុកចោល​ប្រមាណ​ជា ១ ម៉ោង ហើយ​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ។ ឧស្សាហ៍​ធ្វើជា​ប្រចាំនៅ​អ្នកនឹង​បានទទួល​ស្បែ​កមុខ​ថ្មី​គ្មាន​ស្នាម​ជាំ ។​

ព្យាបាល​ជាំមុខ​តាមបែប​ធម្មជាតិ​

​រូប​មន្តី ៥ ៖ ស្លឹកត្រចៀក​ក្រាញ់​
​ស្លឹកត្រចៀក​ក្រាញ់​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​រោគ​សើ​ស្បែក​ស្រាប់​ហើយ ។ ការយក​ស្លឹក​ត្រចៀកក្រាញ់ មក​គាប​យកតែ​ទឹក​ប្រើ​ជូត​ឱ្យ​សព្វ​ផ្ទៃមុខ​ជំនួស​ការប្រើ​ថូ​ន័​រ​ជាប្រចាំ​រាល់ថ្ងៃ​មុន​គេង នឹង​ជួយ​ព្យាបាល​ជាំមុខ​ឱ្យ​បាត់​បាន​យ៉ាងមាន​ប្រសិទ្ធភាព ។​

ព្យាបាល​ជាំមុខ​តាមបែប​ធម្មជាតិ​

​រូបមន្ត​ទី ៦ ៖ ប្រទាល​កន្ទុយក្រពើ​
​នេះ​ក៏​ជា​ឱសថ​ពី​ធម្មជាតិ​មួយទៀត​ដែល​សម្បូរ​ទៅដោយ​គុណប្រយោជន៍​យ៉ាងច្រើន​អនេក មិន​ចំពោះ​ថា​ជួយ​លុបបំបាត់​ស្នាម​អុជ​ខ្មៅ ឬ ព្យាបាល​ជាំមុខ​ទេ ដោយ​គ្រាន់តែ​យក​សាច់​អន្ធិល​របស់ ប្រទាល​កន្ទុយក្រពើ​មក​លាប​ឱ្យ​សព្វ​ផ្ទៃមុខ ព្រឹក​-​ល្ងាច​ឱ្យបាន​ជាប់ៗ​គ្នា​ប្រមាណ​ជា ១-២ ខែ​តែ​ប៉ុណ្ណឹង ក៏​អាច​ចាត់ការ​ជាមួយ​ស្នាម​ជាំមុខ​ឱ្យ​បាត់​បាន​ហើយ ។​

ព្យាបាល​ជាំមុខ​តាមបែប​ធម្មជាតិ​

​រូបមន្ត​ទី ៧ ៖ ខ្ទឹមបារាំង​
​ស្តាប់ទៅ​មាន​ស្ត្រី​មិនតិច​ទេ​អាច​ស្រមៃ​គិតថា​ត្រូវ​ឈឺផ្សារ​ពេញ​ផ្ទៃមុខ​តែម្តង​ហើយ ។​ប៉ុន្តែ​បើ​អ្នកជា​ស្ត្រី​ដែល​និយម​ចូលចិត្ត​សា​ឌឺ​ស​ហ្សឹ​ម​(Sadism : សប្បាយ​ដោយ​ការធ្វើ​បាប​គេ​)​ស្រាប់ ត្រូវ​សាកល្បង​យក​ខ្ទឹមបារាំង​មក​បកសម្បក​ចេញ លាង​ឱ្យ​ស្អាត រួច​យកទៅ​ក្រឡុក​ឱ្យ​ម៉ដ្ឋ ចាក់ទឹក​ប៉ោម​សែ​ឌ័​រ ឬ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​ទឹកខ្មេះ​ដែល​ធ្វើ​ពី​ប៉ោម​នេះឯង ចាក់​ចូលទៅ​តែ បន្តិច​ដើម្បី​ការពារ​អាការ​ក្រហាយ​ផ្សា ។ កូរ​គ្រឿងផ្សំ​ឱ្យចូល​គ្នា រួច​យកមក​លាប​ត្រង់​បរិវេណ​ដែល​ជាំមុខ ទុកចោល​ប្រមាណ​ជា ២ នាទី ឬ ត្រឹមតែ​ល្មម​យើង​អាច​ទ្រាំ​ភាព​ក្រហាយ​ផ្សា​ក៏បាន ។ ធ្វើឱ្យបាន​មួយថ្ងៃ ២ ដង ព្រឹក​-​ល្ងាច​ជាការ​គ្រប់គ្រាន់ ។

ព្យាបាល​ជាំមុខ​តាមបែប​ធម្មជាតិ​

ប៉ុន្តែ​បើមាន​អារម្មណ៍​ថា​ក្រហាយ​ខ្លាំងពេក គឺអាច​ថែម​ទឹកស្អាត​បន្តិច​ដើម្បី​កាត់បន្ថយ​កំហាប់​អា​សុី​ដ​បាន ។​​វិធី​មួយទៀត​គឺ​ត្រូវយក​ខ្ទឹមបារាំង​មក​ចិត​ជា​កង់ៗ ជ្រលក់​ក្នុង​ទឹក​ប៉ោម​សៃ​ឌ័​រ រួច​យកមក​ដាក់​លើ​បរិវេណ​ដែល​ជាំមុខ ។ ដោយ​ថាមពល​នៃ​អា​សុី​ដ​នឹង​អាចជួយ​កាត់បន្ថយ​ជាំមុខ និង ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​កាន់តែ​ភ្លឺ​ថ្លា​ឡើង ។​ សរុបសេចក្តី​មក វិធី​ព្យាបាល​ជាំមុខ​មាន​ច្រើន​រូបមន្ត ប៉ុន្តែ​មិន​ចំពោះ​ថា​ចង់​ព្យាបាល​ដោយ​ប្រើ​ផលិតផល​បំបាត់​ជាំមុខ ឬ លាប​បំពោក​ដោយ​ឱសថ​ធម្មជាតិ​អ្វី​នោះទេ យក​ល្អ​យើង​គួរតែ​ចៀសវាង​កម្តៅថ្ងៃ​ដើម្បី​ការពារ​កុំឱ្យ​កើត​ស្នាម​ជាំមុខ​ជាការប្រសើរ ៕​ឆាន់ ចំ​រ៉ា​