នារីខ្មែរ៣រូប បញ្ចេញទស្សនៈជុំវិញ ការប្រារព្ធទិវាគ្រិស្តម៉ាស នៅក្នុងប្រទេសយើង ស្របពេលដែលយុវវ័យ កំពុងពុះកញ្ជ្រោល

ភ្នំពេញ៖ ជាការពិតណាស់ទិវា រឺបុណ្យគ្រិស្តម៉ាស (Christmas រឺ Christmas Day) មិនមែនជាទិវា ឬពិធីបុណ្យប្រពៃណីជាតិខ្មែរយើងនោះឡើយ។ ប៉ុន្តែរៀងរាល់រដូវកាលពិធីនេះ បានឈានចូលមកដល់ម្តងៗ យើងសង្កេតឃើញថា យុវវ័យខ្មែរមួយចំនួនមានភាពពុះកញ្ជ្រោល និងបានចូលរួមអបអរនឹងពិធីនេះ នឹងគេនឹងឯងដែរ ហើយជាពិសេសបើយើងសង្កេតមើល នៅតាមបណ្តាក្រុមហ៊ុនឯកជន បានរៀបចំតុបតែង ដើម្បីស្វាគមន៍គ្រិស្តម៉ាស សឹងគ្រប់ៗកន្លែង។

ជាក់ស្តែងដោយថ្ងៃបុណ្យគ្រិស្តម៉ាស នឹងមកដល់ឆាប់ៗនេះហើយ ខ្មែរឡូត ក៏បានធ្វើការសាកសួរមតិ ពីនារីៗខ្មែរចំនួន៣រូប ពីការយល់ឃើញរបស់ពួកគាត់ ចំពោះការប្រារព្ធពិធីបុណ្យ ប៉ែកអុឺរ៉ុបមួយនេះនៅស្រុកយើង ថាតើពួកគាត់យល់យ៉ាងណាដែរ?

នារីខ្មែរ៣រូប បញ្ចេញទស្សនៈជុំវិញ ការប្រារព្ធទិវាគ្រិស្តម៉ាស នៅក្នុងប្រទេសយើង ស្របពេលដែលយុវវ័យ កំពុងពុះកញ្ជ្រោល
ការតុបតែលម្អរ ក្នុងក្រុងភ្នំពេញ ដើម្បីទទួលថ្ងៃបុណ្យគ្រិស្តម៉ាស

កញ្ញា គីម ចាន់ណារី អាយុ ២០ឆ្នាំ ជានិស្សិតខ្មែរមួយរូប ដែលកំពុងបន្តការសិក្សានៅប្រទេសជប៉ុន បានបញ្ចេញទស្សនៈយ៉ាងដូចនេះថា៖ "ជាការពិតណាស់ បុណ្យគ្រិស្តម៉ាសមិនមែនជាបុណ្យជាតិយើងនោះទេ ដូច្នេះនាងខ្ញុំមិនគាំទ្រឲ្យយុវវ័យ ប្រារព្ធពិធីបុណ្យនេះ ឲ្យដូចជាបុណ្យជាតិយើងនោះទេ ហើយនាងខ្ញុំក៏មិនប្រកាន់ ឬរើសអើងរាល់ពិធីបុណ្យនៃជាតិសាសន៍ដទៃនោះដែរ។ ក្នុងនាមខ្ញុំនារីខ្មែរមួយរូប ខ្ញុំយល់ឃើញថាប្រជាជនយើង ជាពិសេសយុវវ័យភាគច្រើន យល់ខុសនៃនិយមន័យ និងប្រព្រឹត្តិខុសសកម្មភាព នៃបុណ្យគ្រិស្តម៉ាសជាច្រើន។ ឧទាហរណ៍ជាក់ស្តែង សកម្មភាពនៃការលេង ប៉ាតម្សៅទៅវិញទៅមកជាដើម។ នាងខ្ញុំសូមសួរថា តើនារីប៉ុន្មាននាក់ដែលត្រូវគេបន្លំ? ហើយអ្នកណាជាការខាតបង់? ចុះភាពថ្លៃថ្នូររបស់យុវជនខ្មែរនៅឯណា?" 

នារីខ្មែរ៣រូប បញ្ចេញទស្សនៈជុំវិញ ការប្រារព្ធទិវាគ្រិស្តម៉ាស នៅក្នុងប្រទេសយើង ស្របពេលដែលយុវវ័យ កំពុងពុះកញ្ជ្រោល
កញ្ញា គីម ចាន់ណារី

ណារី បានពន្យល់បន្ថែមទៀតថា៖ "ដោយហេតុតែប្រទេសយើង មានពហុសាសន៍រស់នៅជាមួយ យើងមិនត្រូវរើសអើងលើពិធីបុណ្យ របស់សាសនាណាមួយទេ ប៉ុន្តែយុវវ័យត្រូវពិចារណាថា តើវាសាកសមដែរទេ ដែលយើងជាជនជាតិខ្មែរ កាន់ព្រះពុទ្ធសាសនា ហើយទៅប្រារព្ធពិធីសាសនាដ៏ទៃ ខ្លាំងជាងសាសនារបស់ខ្លួន ទៅទៀតនោះ? ហើយមួយទៀតយុវវ័យត្រូវពិចារណា ទៅលើសកម្មភាពទាំងឡាយ ដែលយើងធ្វើឡើង ក្នុងថ្ងៃបុណ្យគ្រិស្តម៉ាស ជាពិសេសយុវវជន មិនត្រូវបៀតបៀន ឬប្រើវិធីណាមួយ ដើម្បីកេងចំណេញទៅលើនារី ហើយចំពោះនារីៗយើង ក៏គួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងមិនគួរភ្លើតភ្លើន ចាញ់បោក ឬការបោកប្រាស់របស់គេនោះទេ" 

នារីខ្មែរ៣រូប បញ្ចេញទស្សនៈជុំវិញ ការប្រារព្ធទិវាគ្រិស្តម៉ាស នៅក្នុងប្រទេសយើង ស្របពេលដែលយុវវ័យ កំពុងពុះកញ្ជ្រោល
វិហារសាសនាគ្រិស្តមួយក្នុងក្រុងភ្នំពេញ

ចំណែក កញ្ញា ហួ គាសុម៉ាលី អាយុ២២ឆ្នាំ ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច វិញ បានបញ្ចេញទស្សនៈ ហាក់ផ្ទុយពីកញ្ញាណារី យ៉ាងដូច្នេះថា៖ "ជាការពិតណាស់បុណ្យគ្រិស្តម៉ាស គឺមិនមែនជាពិធីបុណ្យជាតិយើងនោះទេ ប៉ុន្តែនាងខ្ញុំបែរជាឃើញ មានការរៀបចំតុបតែងស្វាគមន៍ពិធីនេះ នៅពាសពេញទីកន្លែងក្នុងក្រុងភ្នំពេញ ហើយថ្វីត្បិតតែវាជាពិធីបុណ្យ សម្រាប់គ្រិស្តសាសនិក ប៉ុន្តែនាងខ្ញុំសង្កេតឃើញថាទាំងកុមារៗ និងយុវជនខ្មែរ បានចូលរួមនឹងពិធីបុណ្យនេះជាច្រើន។ បើតាមទស្សនៈខ្ញុំ ខ្ញុំគឺមិនមានការទើសទាល់អ្វីនោះទេ ប្រសិនបើប្រជាជនយើង ជាពិសេសយុវវ័យរីករាយនឹងពិធីបុណ្យនេះ ដោយត្រឹមត្រូវ និងថ្លៃថ្នូរនោះ ព្រោះថ្វីត្បិតតែសាសនាជាតិយើង ជាសាសនាព្រះពុទ្ធ ប៉ុន្តែក៏មានប្រជាជនខ្មែរមួយចំនួន បានទទួលសិទ្ធិសេរីភាពក្នុងការកាន់សាសនាគ្រិស្តផងដែរ ដូច្នេះហើយពួកគាត់អាចប្រារព្ធពិធីនេះ ទៅតាមចំណង់ចំណូលចិត្ត របស់ពួកគាត់។ ម្យ៉ាងវិញទៀតខ្ញុំយល់ថា អត្ថន័យនៃពិធីបុណ្យគ្រិស្តម៉ាស គឺជាទិវាជួបជុំក្រុមគ្រួសារ ការផ្លាស់ផ្តូរអំណោយ និងធ្វើការងារជាមួយគ្រួសារ ដែលជារៀងរាល់ថ្ងៃពួកគាត់ សុទ្ធសឹងតែរវល់ការងាររៀងខ្លួន មិនបានផ្តល់ពេលវេលាឲ្យគ្នាទៅវិញទៅមកនោះទេ ចឹងហើយពិធីនេះក៏ចាត់ទុកថា ជាឱកាសធ្វើឲ្យគ្រួសារបានកក់ក្តៅ មួយកំរិតទៀតផងដែរ" 

នារីខ្មែរ៣រូប បញ្ចេញទស្សនៈជុំវិញ ការប្រារព្ធទិវាគ្រិស្តម៉ាស នៅក្នុងប្រទេសយើង ស្របពេលដែលយុវវ័យ កំពុងពុះកញ្ជ្រោល
កញ្ញា ហួរ គាសុម៉ាលី

សម្រាប់កញ្ញា ម៉ុក បូរ៉ានី អាយុ ២២ឆ្នាំ មកពីខេត្តក្រចេះវិញ ក៏បានបញ្ចេញទស្សនៈ ដូច្នេះដែរថា៖ "នាងខ្ញុំមិនមានការទើសទាល់ចំពោះយុវវ័យ ក្នុងការចូលរួមអបអរសាទរបុណ្យគ្រិស្តម៉ាសនោះទេ ប៉ុន្តែសូមយុវវ័យទាំងអស់គួយល់ឲ្យច្បាស់ពីអត្ថន័យនៃពិធីនេះ ថាគេធ្វើឡើងដើម្បីអ្វី? មានប្រភពមកពីណា? ព្រោះខ្ញុំសង្កេតឃើញថា យុវវ័យខ្មែរភាគច្រើនពួកគាត់ចូលចិត្ត បង្វែរអត្ថន័យនៃទិវាណាមួយ ទៅជាប្រាសចាកពីអត្ថន័យដើមទាំងស្រុង ដូចជាទិវានៃក្តីស្រឡាញ់ ទៅជាបុណ្យសង្សារ រឺបុណ្យគ្រិស្តម៉ាស ទៅជាការដោះដូរខ្លួនប្រាណជាដើម។ វាមិនមែនជារឿងល្អនោះទេ ដែលព្រោះតែការភ្លើតភ្លើនមួយគ្រា បានធ្វើឲ្យយើងមានវិប្បដិសារីមួយជីវិតនោះ!"

នារីខ្មែរ៣រូប បញ្ចេញទស្សនៈជុំវិញ ការប្រារព្ធទិវាគ្រិស្តម៉ាស នៅក្នុងប្រទេសយើង ស្របពេលដែលយុវវ័យ កំពុងពុះកញ្ជ្រោល
កញ្ញា ម៉ុក បូរ៉ានី

ថ្វីត្បិតតែទស្សនៈនារីខ្មែរទាំងបីនាក់ខាងលើ ហាក់មានភាពខុសគ្នាខ្លះ ប៉ុន្តែគោលបំណងពួកគាត់ គឺបានបង្ហាញឲ្យយើងឃើញថា ពួកគាត់ពិតជាមាន ការដាស់តឿនខ្ពស់ដល់យុវវ័យខ្មែរ ដែលជាទំពាំងស្នងឬស្សីជាន់ក្រោយ ជៀសវាងការភ្លើតភ្លើន ដែលនាំឲ្យខូចអនាគត និងបង្កើតបានជាវិប្បដិសារីទៅថ្ងៃក្រោយ ដែលវាក៏ជាឧបសគ្គមួយ ដល់ការអភិវឌ្ឍន៍ប្រទេសជាតិយើងផងដែរ។

នារីខ្មែរ៣រូប បញ្ចេញទស្សនៈជុំវិញ ការប្រារព្ធទិវាគ្រិស្តម៉ាស នៅក្នុងប្រទេសយើង ស្របពេលដែលយុវវ័យ កំពុងពុះកញ្ជ្រោល
ការរៀបចំទទួលថ្ងៃបុណ្យគ្រិស្តម៉ាសនៅប្រទេសជប៉ុន

គួបញ្ជាក់ផងដែរថា ទិវាគ្រិស្តម៉ាស រឺបុណ្យគ្រិស្តម៉ាស (Christmas) គឺជាថ្ងៃសម្រាប់គ្រិស្តសានិក ទាំងឡាយនៅទូទាំងពិភពលោក ធ្វើពិធីអបអររំលឹកដល់កំណើតព្រះយេស៊ូ ដែលគេកំណត់យកថ្ងៃទី ២៥ខែធ្នូ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ នៅបរទេស គ្រិស្តម៉ាសគឺជាថ្ងៃបុណ្យធំ និងពិសេសជាងថ្ងៃណាៗទាំងអស់ ពួកគេបានជួបជុំគ្នា លេងល្បែង ប្តូរអំណោយ ទទួលទានអាហារជុំគ្នា រឺទៅវិហារសាសនាគ្រិស្តជាដើម ដែលមើលទៅវាហាក់ជាផ្ទុយ ទាំងស្រុង ពីការប្រារព្ធពិធីនេះ ដោយយុវវ័យខ្មែរយើងមួយចំនួន៕

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត