ក្រសួង​មហា​​​ផ្ទៃ​ដំណើរ​​​ការ​ប្រព័ន្ធ​​​ កា​​​មេរ៉ា​​​ជា​អំ​​​ណោយ​​​របស់​​​ចិន

រយៈពេល​ប្រាំខែ​បន្ទាប់ពី​មន្ត្រី​នគរបាល​ចិន​ស្លៀក​ពាក់​ស៊ីវិល​​បាន​បំពាក់​​កាមេរ៉ា​ជាង​២០០គ្រឿង​​នៅ​តាម​ចំណុច​ប្រសព្វ​មួយ​ចំនួន​​នៅក្នុង​រាជ​ធានី​ភ្នំពេញមក កាលពី​ម្សិល​មិញ មន្ត្រី​ក្រសួង​មហា​ផ្ទៃ​​បាន​បើក​ដំណើរ​ការ​​​កាមេរ៉ា​ទាំងនេះ។

កាមេរ៉ា​ទាំង​នេះ​ជាអំណោយ​របស់​​ក្រុង​ប៉េកាំង​ ដើម្បី​ជួយ​ដល់​អាជ្ញាធរ​កម្ពុជា​ពិនិត្យ​មើល​បទ​ល្មើស​ និង​ចរាចរណ៍ក្នុង​រាជធានី ហើយ​ត្រូវ​បាន​បំពាក់​ដោយ​មន្ត្រីមកពី​ក្រសួង​​​​​សន្តិសុខ​សាធារណៈចិន​​ចាប់តាំងពី​ខែ​កក្កដា។ ​​អេក្រង់​ទំហំ​៣២ម៉ែត្រ​ក្រឡាត្រូវ​បាន​ដំឡើង​​​​នៅ​ក្នុង​មជ្ឈមណ្ឌលទី​បញ្ជាការ​ថ្មី​នៅ​អគ្គស្នង​ការ​ដា្ឋាន​នគរបាល​ជាតិ។

យោង​តាម​​លោក សោម ធារុត ប្រធាន​ការិយាល័យ​វិទ្យុ​ទាក់ទង​​នៃនគរបាល​ជាតិ​​​ដែល​មន្ត្រីរបស់លោក​នឹង​ប្រចាំការ​នៅ​មជ្ឈ​មណ្ឌលទី​បញ្ជាការ​នេះបាន​ឱ្យ​ដឹងថា កាលពី​ម្សិលមិញ នៅ​សល់​តែជាង​មួយ​សប្តាហ៍​ទៀត​​​​​មុនពេល​ច្បាប់ចរាចរណ៍ថ្មី​ត្រូវ​បាន​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃទី១ ខែមករានោះ ​ប្រព័ន្ធ​​កាមេរ៉ា​​ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ។

លោកបាន​ថ្លែង​ថា នគរបាល​ជាតិ​​ក៏បាន​ធ្វើ​ពិធី​​ដើម្បី​ថ្លែង​អំណរគុណ​​ដល់​មន្ត្រី​ចិន​ផង​ដែរ។ លោក​បាន​លើក​ឡើង​ថា “​ថ្ងៃនេះ យើង​​​​​បាន​សម្តែង​ការ​អបអរសាទរ​​ដល់​ក្រសួង​សន្តិសុខ​សាធរណៈចិន​​ចំពោះ​ការ​ធ្វើ​អំណោយ​​ដល់​ព្រះរាជាណាចក្រ​កម្ពុជា” ដោយ​លោក​ពន្យល់ថា ​លោក​មិន​អាច​​ធ្វើ​អត្ថាធិប្បាយ​​បន្ថែម​​​​បានទេ ពីព្រោះ​​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ពិធី​ជាមួយ​មន្ត្រី​ចិន​នៅឡើយ។

លោក មិន សុវណ្ណា ប្រធាន​នាយកដ្ឋាន​​វិទ្យុ​ទាក់ទងមិន​អាចទាក់ទង​បានទេ។ កាលពី​ខែសីហា ឆ្នាំ២០១៤ នគរបាល​ជាតិ​បាន​រាយ​​ការណ៍ថា ​ប្រទេសចិន​​នឹង​ផ្តល់​អំណោយ​ជា​ទឹក​ប្រាក​់​ជាង​​៣លាន​ដុល្លារ​​សម្រាប់ប្រព័ន្ធ​កាមេរ៉ា​នេះ​។

លោក ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរ​បាល​​​ជាតិ​​បានមាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា កាមេរ៉ា​ទាំងនេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​រក្សា​សណ្តាប់​​ធ្នាប់​នៅ​តាមដង​ផ្លូវ​ក្នុង​រាជ​ធានីភ្នំពេញ និង​ជួយ​តាមដាន​សកម្មភាព​របស់​ឧក្រិដ្ឋជន​ដទៃ​ទៀត​ដែលកើត​ឡើង​តាម​ផ្លូវ​សំខាន់ៗ​នៅ ក្នុង​រាជធានី​ផងដែរ។

ឧត្តម​សេនីយ៍ឯក ហ៊ឹម យ៉ាន បាន​មាន​​ប្រសាសន៍ថា “កាមេរ៉ាទាំងនេះ​ជា​ឧបករណ៍​ដ៏ សំខាន់​ក្នុងការ​ត្រួតពិនិត្យ​​ស្ថានភាព​ចរាចរណ៍ ​​​និង​បទល្មើស​​ផ្សេង​ៗទៀត​នៅតាម​ដងផ្លូវ​…​។ ​វានឹង​ជួយ​​បញ្ជូន​​រូបភាព​ដើម្បី​បម្រើ​ដល់​ការ​ងារ​សន្តិសុខ​ ដូច​ជាឃើញ​អ្នក​ដែល​បំពាន​ច្បាប់​​ចរា​ចរណ៍​ជាដើម”។

លោក​បានបន្ថែមថា ”​​យើង​រំពឹង​ថាក្រុង​ប៉េកាំងនឹង​ជួយ​ផ្តល់​កាមេរ៉ាបន្ថែមទៀត​​នៅ​ពេល​​អនាគត​។ កាលពី​ខែ​ធ្នូ ឆ្នាំមុន រដ្ឋាភិបាល​​​​បាន​ប្រកាសថា ប្រទេស​ចិន​នឹង​ជួយ​សាង​សង់​​​​ការិយាល័យ​ថ្មីៗ​​​សម្រាប់​នគរបាល​ជាតិ​ក្នុង​រាជធានី​ភ្នំពេញផងដែរ៕សារុន​

The post ក្រសួង​មហា​​​ផ្ទៃ​ដំណើរ​​​ការ​ប្រព័ន្ធ​​​ កា​​​មេរ៉ា​​​ជា​អំ​​​ណោយ​​​របស់​​​ចិន appeared first on ខេមបូឌា ដេលី.