សម្តេច​ហ៊ុនសែន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ទំនប់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ នៅ​ខេត្តកោះកុង​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ទំនប់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ កម្លាំង ២៤៦ មេ​ហ្គា​វ៉ា​ត់ ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង​។​

​ទំនប់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ នៅ​ខេត្តកោះកុង វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម ឆាយ​ណា ណេ​ស៊ិន​ណ​ល ហេ​វី ម៉ាស៊ីន​ណា​រី ( China National Heavy Machinery Corporation ) របស់​ចិន ដែល​បានចាប់ផ្តើម​សាងសង់ នៅ​ឆ្នាំ​២០១០ ស្ថិតនៅ​ឃុំ​ពីរ គឺ​ឃុំ​ឫស្សី​ជ្រំ ស្រុក​ថ្មបាំង និង​ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្តកោះកុង ក្នុង​ទឹកប្រាក់​វិ​និ យោគ ៥៤០ លាន​ដុល្លារ​អាមេរិក​។ នៅ​ឆ្នាំ​២០១៤ ទំនប់​វា​រី​អគ្គិសនី​នោះ បាន​ដំណើរការ​សាកល្បង​។​

​សូម​រម្លឹកថា រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា​យើង មាន​កិច្ចព្រមព្រៀង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ចំនួន ១១ រួចមកហើយ ដែលមាន​អនុភាព ផ្គត់ផ្គង់​សរុប ចំនួន ២.១២៣ មេ​ហ្គា​វ៉ា​ត់​។ ក្នុងចំណោម​ប្រភព​អគ្គិសនី​ទាំង ១១​នោះ មាន​ប្រភព​អគ្គិសនី ចំនួន ៨ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​រួចរាល់​ហើយ ដែល​អនុភាព​ផ្គត់ផ្គង់​អគ្គិសនី សរុប ១.០៧២ មេ​ហ្គា​វ៉ា​ត់ រួមមាន ទី​១៖ វា​រី​អគ្គិសនី​គិរី​រម្យ​១ ( ១២​មេ​ហ្គា​វ៉ា​ត់ ) ទី​២៖ វា​រី​អគ្គិសនី កំចាយ ( ១៩៤,១​មេ​ហ្គា​វ៉ា​ត់ ) ទី​៣៖ វា​រី​អគ្គិសនី​គិរី​រម្យ​៣ ( ១៨​មេ​ហ្គា​វ៉ា​ត់ ) ទី​៤៖ វា​រី​អគ្គិសនី​ស្ទឹង អា​តៃ ( ១២០​មេ​ហ្គា​វ៉ា​ត់ ) ទី​៥៖ វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ក្រោម ( ៣៣៨ មេ​ហ្គា​វ៉ា​ត់​) និង​ទី​៦៖ វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ ( ២៤៦ មេ​ហ្គា​វ៉ា​ត់ )​។​

​ក្រៅពីនោះ កម្ពុជា ក៏មាន​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម នៅ​ខេត្ត​ព្រះសីហនុ ( ១០០ មេ​ហ្គា​វ៉ា​ត់ ) ព្រមទាំង​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម កម្លាំង ៤០៥ មេ​ហ្គា​វ៉ា​ត់ ចំនួន ៣ គ្រឿង គ្រោង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០១៥ មួយគ្រឿង ឆ្នាំ​២០១៦ មួយគ្រឿង និង​ឆ្នាំ​២០១៧ មួយគ្រឿង​។​

​ជាមួយគ្នា​នោះ ប្រទេស​កម្ពុជា​យើង ក៏បាន​នាំចូល​អគ្គិសនី​ពី​ប្រទេស​វៀតណាម តាម​ច្រក ភ្នំ​ដិ​ន ខេត្តតាកែវ ( ១៧០ មេ​ហ្គា​វ៉ា​ត់ ) ព្រមទាំង​ការនាំ​ចូល​ពី​ប្រទេស​ថៃ ចំនួន ១២០ មេ​ហ្គា​វ៉ា​ត់​។​

​ក្រៅពីនោះ កម្ពុជា ក៏​នៅមាន​គម្រោង​វា​រី​អគ្គិសនី សេ​សាន​ក្រោម នៅ​ខេត្តស្ទឹងត្រែង ដែលមាន​កម្លាំង ៤០០ មេ​ហ្គា​វ៉ា​ត់ គ្រោង​ដាក់​ឲ្យ​ដំណើរការ នៅ​ឆ្នាំ​២០១៨៕

សម្តេច​ហ៊ុនសែន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ទំនប់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ នៅ​ខេត្តកោះកុង​