សហជីព​កម្មករ​ចំនួន ៤ អំពាវនាវ​ឲ្យ​កម្មករ​នៅ​បាវិត ចូលធ្វើការ​ឡើងវិញ ហើយ​ស្នើ​អាជ្ញាធរ​សមត្ថកិច្ច ដោះលែង​កម្មករ ៤ នាក់​

ខេត្តស្វាយរៀង: សហជីព​កម្មករ ចំនួន ៤ បាន​ចូលរួម​ដោះស្រាយ​បញ្ហា​កម្មករ​នៅ​បាវិត ដោយ​រួមគ្នា អំពាវនាវ​ឲ្យ​កម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង វិល​ចូលធ្វើការ​ឡើងវិញ​។ ក្នុងនោះ សហជីព​កម្មករ ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​សមត្ថកិច្ច ដោះលែង​កម្មករ ៤ នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ មកវិញ​។​

​សេចក្តីអំពាវនាវ​នោះ ត្រូវបាន​ធ្វើឡើង ក្រោយពី​កិច្ចប្រជុំ​ត្រីភាគី​រវាង​ថៅកែ​រោងចក្រ អាជ្ញាធរ​សមត្ថកិច្ច និង​សហជីព​កម្មករ​ទាំង ៤ កាលពី​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​។ សហជីព​កម្មករ​ទាំង​នោះ ក៏​ព្រមព្រៀង​ចូលខ្លួន សម្របសម្រួល​ជាមួយ​កម្មករ​ផងដែរ​។​

​ចំពោះ​ការលើកឡើង​របស់​សហ​ជីព​ខាងលើ ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច និង​ថៅកែ​រោងចក្រ បាន​យកទៅ​ពិចារណា តែ​មិនទាន់​សម្រេច​យ៉ាងណា នៅឡើយ​ទេ​។​

​រហូតដល់​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ​នេះ អាជ្ញាធរ​សមត្ថកិច្ច តំណាង​រោងចក្រ និង​សហជីព បាន​បន្ត​ចុះទៅ​កាន់​តំបន់​សេដ្ឋកិច្ច មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច តា​យ សេង ដើម្បី​ផ្សព្វផ្សាយ ណែនាំ​ឲ្យ​កម្មករ ចូលធ្វើការ​ឡើងវិញ​។

​យ៉ាងណាក៏ដោយ កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក ២ ថ្ងៃ នៅ​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែធ្នូ ដើម្បី​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​។​

​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បានធ្វើ​កូដកម្ម ចាប់តាំងពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។ កូដកម្ម​នោះ បាន​បណ្តាល​ឲ្យ​កម្មករ គប់​ដុំថ្ម​លើ​រោងចក្រ ហើយ​រហូតដល់​សមត្ថ​កិច្ច​ប៉ូលិស​ប៉េអឹម ប្រើ​ឡានទឹក បាញ់​បំបែក​ការជួបជុំ កាលពី​ព្រឹក​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែធ្នូ​៕​

សហជីព​កម្មករ​ចំនួន ៤ អំពាវនាវ​ឲ្យ​កម្មករ​នៅ​បាវិត ចូលធ្វើការ​ឡើងវិញ ហើយ​ស្នើ​អាជ្ញាធរ​សមត្ថកិច្ច ដោះលែង​កម្មករ ៤ នាក់​