​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពីបទ​រក្សាទុក និង​ជួញដូរ​សារធាតុ​ញៀន​

កំពង់ចាម: កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន ខេត្តកំពង់ចាម បាន​សហការ​ជាមួយ នគរបាល​ស្រុក​ស្ទឹងត្រង់ បាន​ប្រើប្រាស់​ជំនាញ ចុះបង្ក្រាប​បទល្មើស​ជាក់ស្តែង ករណី​រក្សាទុក ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ១​ករណី ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៤​នាក់ ក្នុងនោះ​មាន​ស្រី ១ នាក់​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ៤ នាក់​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ៦ ព្រលប់ ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​សំណាក់​មួយកន្លែង ក្នុងភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​។​

​ជនសង្ស័យ​ទាំង​៤​នាក់ ប្រុស​ស្រី ដែល​ឃាត់ខ្លួន ទី​១.​ឈ្មោះ ហាន រី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ  មុខរបរ​កសិករ នៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​។ ចំពោះ​ជនសង្ស័យ​នេះ កន្លងមក គឺមាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ហើយ​មាន​សំណុំរឿង ដែល​សមត្ថកិច្ច​យើង បានដាក់​ទៅដល់​តុលាការ ហើយ​ចំនួន​៣​ករណី​ផ្សេងគ្នា ។ ទី​២.​ឈ្មោះ រុន វីរៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​។ ទី​៣.​ឈ្មោះ អាត រ៉ាវី ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​កសិករ ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ និង​ទី​៤.​ឈ្មោះ រ៉ា​ន់ ស្រីរ​ត្ន័ ភេទ​ស្រី អាយុ ២២​ឆ្នាំ មុខរបរ ស្រី​ខារ៉ាអូខេ ភូមិ​ខ្ទុ​ម ឃុំ​ជី​កង ស្រុក​ត្បូងឃ្មុំ​។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់ ខាងលើ កម្លាំង​ជំនាញ បាន​រឹបអូស​បាន​វត្ថុតាង រួមមាន ថ្នាំ​ម្សៅ​ក្រាម ពណ៌​ស ចំនួន​១៤​កញ្ចប់ (​ធំ​៣​កញ្ចប់ តូច​១១​កញ្ចប់​) ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច សំរាប់​ថ្លឹង គ្រឿងញៀន​ចំនួន​១ ឧបករណ៍​សេព និង​សំភារៈ​វេច​ខ្ចប់ មួយចំនួន អាវុធ​កែច្នៃ (​កាំភ្លើង​ស្នប់​) ចំនួន ១​ដើម ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលា ដំបូង​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ តាម​នីតិវិធី​។ ប្រសិនបើ​តុលាការ ស៊ើបអង្កេត​ឃើញថា ជននេះ មាន​ពិរុទ្ធភាព​មែន នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ២ (​ពីរ​) ឆ្នាំ ដល់​៥ (​ប្រាំ​) ឆ្នាំ និង​អាច​ទទួល​បន្ថែម​នូវ ទោសពិន័យ​ជា​ប្រាក់​ពី ៤.០០០.០០០ (​បួន​លាន​)​រៀល ដល់ ១០.០០០.០០០ (​ដប់​លាន​)​រៀល តាម​បញ្ញត្តិ​មាត្រា ៤០ នៃ​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១២៕V/S

​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពីបទ​រក្សាទុក និង​ជួញដូរ​សារធាតុ​ញៀន​

​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពីបទ​រក្សាទុក និង​ជួញដូរ​សារធាតុ​ញៀន​