Bony ខឹងសម្បា​​លោក Pellegrini ជុំ​វិញ​ការ​​មើល​រំលងក្នុង​ពេល​ជួប Arsenal

ខ្សែ​ប្រយុទ្ធ Wilfried Bony បាន​ធ្វើ​​ការ​រិះ​​គន់​លោក Manuel Pellegrini ចំពោះ​ការ​មិន​ដាក់​ឲ្យ​​រូប​គេ​លេង​ក្នុង​ជម្រើស​ដំបូង​ក្នុង​ពេល​ក្រុម Manchester City រង​បរា​ជ័យ​​នៅលើ​ទឹក​ដីក្រុម​ប្រជែង​ដណ្តើម​ពាន Premier League គឺ Arsenal​។

2ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិកូត​ឌី​វ័រ Bony បាន​ស៊ុត​បាល់​​បញ្ចូលទី​៣​គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​៤​លើក ក្នុង​ពេល​ដែល​​​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម Sergio Aguero របស់ Man City បាន​អវត្តមាន​​ដោយ​សារ​តែ​របួស​កែង​ជើង​។ ប៉ុន្តែ Aguero បាន​វិល​ចូលលេង​វិញ​សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​​កីឡ​ដ្ឋាន Emirates និង​បាន​លេង​ក្នុង​ជម្រើស​ដំបូង ខណៈ​ដែល Man City បាន​រង​បរា​ជ័យ ២-១ ក្នុង​ការ​ប្រកួតមួយ​ដែល​អាច​នឹង​បង្ហាញ​ពី​ភាព​ខ្លាំង​ដ៏សំខាន់​ទៅលើ​ការ​​ប្រជែង​ដណ្តើមពា​ន​។ ខណៈ​ដែល​តំណែង​របស់​លោក Pellegrini គ្រូ​បង្វឹក​ Man City បាន​ស្ថិត​ក្រោម​ការ​លើកឡើង​ផ្សេង​ៗ​​រួច​ជា​ស្រេច​​បន្ទាប់​ពីការ​ប្រកាស​របស់​លោក Pep Guardiola ថា លោក​នឹង​ចាក​​ចេញពីក្លិប Bayern Munich នៅ​​ឆ្នាំ​ក្រោយ​ Bony បាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​គ្រូ​បង្វឹក​សញ្ជាតិ​ស៊ីលី​រូប​នេះ​ជាមួយនឹង​​ការ​សម្តែង​នូវការ​ខឹង​សម្បា​របស់​គេ​។ នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា តើ​​រូប​គេពិត​ជា​ស័ក្តិ​សមក្នុង​ការ​លេង​ក្នុង​ជម្រើស​ដំបូង​ជំនួស​ការលេង​ជា​កីឡាករ​បម្រុង​​ក្នុង​តង់​ទី​២ ឬ​យ៉ាង​ណា? Bony បាន​ឆ្លើយ​ថា៖ «ខ្ញុំ​គិត​ថា ស័ក្តិ​សម​។ Aguero វិល​ពី​ការ​រង​របួស​វិញ​។ រូប​គេមិន​លេង​​សោះ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​។ ខ្ញុំពិត​ជា​ខក​ចិត្ត​នៅថ្ងៃ​នេះ​ដែល​ខ្ញុំមិន​លេងក្នុង​ជ្រើស​ដំបូង ប៉ុន្តែ ខ្ញុំ​​មិន​មែន​ជា​គ្រូ​បង្វឹក​ឡើយ​»​។ កីឡាករ​រូប​នេះ​បានបន្ថែម​​ទៀត​ថា​៖ «គ្រូ​បង្វឹក​ធ្វើ​អ្វី​ដែល​​គាត់​គិត​ថា ល្អ​បំផុត​សម្រាប់ក្រុម​​។ ខ្ញុំ​ប្រាកដ​ចិត្ត​ថា គ្រប់​គ្នា​​ដែល​ស្ថិត​ជា​កីឡាករ​បម្រុង​​ពិត​ជា​ចង់​លេង​។ គាត់​ត្រូវ​តែ​ជ្រើស​រើស​យក​កីឡាករ​តែ​១១​នាក់​ប៉ុណ្ណោះ​»​៕
ប្រភព​ព័ត៌​មាន៖ Bangkok Post