ក្រុមហ៊ុន​បរទេស​ជំរុញ​ឲ្យ​តារាចម្រៀង​ឬ​ម្ចាស់​ផលិតកម្ម​ខ្មែរ​ឈប់​ចម្លង​ចម្រៀង​ពី​បរទេស​

​ក្រុមហ៊ុន  Mercedes-Benz  Cambodia បាន​ជំរុញ​ឲ្យ​តារាចម្រៀង និង​ម្ចាស់​ផលិតកម្ម​ចម្រៀង​ខ្មែរ គួរ​ឈប់​ចម្លង​ពី​បរទេស ហើយ​ងាក​មក​បង្កើត​ស្នាដៃ​ចម្រៀង​ដោយ​ខ្លួនឯង ដើម្បី​មុខមាត់​ប្រទេសជាតិ​។ ក្រុមហ៊ុន​នេះ ក៏​លើកទឹកចិត្ត​ផងដែរ ឲ្យ​យុវជន​ដែល​ចង់​ខ្លាយជា​តារាចម្រៀង ឬ​តន្ត្រីករ​ជំនាន់​ក្រោយ ត្រូវ​នាំគ្នា​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួនឯង​។

​លោក ឃុន ចាន់ថា ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Mercedes-Benz  Cambodia ថ្លែងថា ក្រុមហ៊ុន​របស់លោក​ច​ង់​ឃើញ​វិស័យ​ចម្រៀង​ខ្មែរ​រីកចម្រើន តាមរយៈ​យុវជន​ខ្មែរ ឬ​តារាចម្រៀង​ខ្មែរ​បង្កើត​ស្នាដៃ​ចម្រៀង​ដោយ​ខ្លួនឯង ដោយ​ឈប់​លួច​ចម្លង​ពី​បរទេស​។ លោក​ថា ការលួចចម្លង​ពី​បរទេស​ធ្វើ​ឲ្យ​ឲ្យ​អាប់ឱន​មុខមាត់​របស់​ប្រទេសជាតិ​យ៉ាងខ្លាំង​។​« កាលណា​យើង​លួច​គេ យើង​មានឈ្មោះ​ជា​ចោរ​។ ឈ្មោះ​ជា​ចោរ​គឺ​មិនល្អ​ឡើយ​ខូច​កិត្តិយស​ជាតិ​។ ម្យ៉ាងទៀត បើ​លួច​ចម្លង​ពី​គេ​យូរៗ យើង​នឹង​បាត់បង់​ស្នាដៃ​ចម្រៀង​ទៅ​ថ្ងៃ​អនាគត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឃុន ចាន់ថា  ទន្ទឹមនឹង​លោក​បន្ត​បន្ថែម​យ៉ាងនេះ​ថា​៖« ខ្ញុំ​ដឹងថា ផលិតកម្ម​ដែល​លួច​ចម្លង​ចម្រៀង​ពី​បរទេស គាត់​ធ្វើ​ដើម្បី​តម្រូវការ​ទីផ្សារ និង​ដើម្បី​ចំណេញ​សម្រាប់​ក្រុមហ៊ុន​គាត់​។ តែ​ខ្ញុំ​គ្រាន់តែ​ចង់ឃើញ​ខ្មែរ​បង្កើត​ស្នាដៃ​ខ្លួនឯង​ឈប់​ចម្លង​ពី​បរទេស ដើម្បី​មុខមាត់​ជាតិ​យើង​»​។​

​ជាមួយគ្នានេះ លោក​ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Mercedes-Benz  Cambodia  រូបនេះ បាន​កត់សម្គាល់ថា កន្លងមក​លោក​សង្កេត​ឃើញតែ​តារាចម្រៀង​ជើងចាស់​របស់​កម្ពុជា​តែប៉ុណ្ណោះ ដែល​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួនឯង ដោយ​មិន​ចម្លង​ពី​បរទេស តែ​មិនសូវ​ឃើញ​តារាចម្រៀង​យុវវ័យ​ផលិត​ស្នាដៃ​ចម្រៀង​ខ្លួនឯង​នោះឡើយ​។ តែ​យ៉ាងណា លោក​ទទួលស្គាល់ថា មួយរយៈ​ចុងក្រោយ​នេះ ក៏មាន​យុវជន និង​តារាចម្រៀង​ខ្មែរ​ខ្លះ​ដែរ ដែល​ងាក​មក​បង្កើត​ស្នាដៃ​ដោយ​ខ្លួនឯង​។ លោក ចាន់ថា ដែលជា​អ្នក​ស្រលាញ់​វិស័យ​ចម្រៀង​ខ្មែរ​មួយរូប​ផង​នោះ បាន​បរិយាយ​យ៉ាងនេះ​ថា​៖«​យុវជន​ខ្លះ​គ្នា​មាន​សមត្ថភាព តែ​គ្នា​គ្មាន​ឱកាស​។ ដូច្នេះ​ក្រុមហ៊ុន Mercedes-Benz  Cambodia របស់ខ្ញុំ​ចង់​ឲ្យ​មានការ​ប្រកួត​ចម្រៀង Original ឲ្យ​បាន​ច្រើន ដើម្បី​ជាការ​លើកទឹកចិត្ត និង​ផ្តល់ឱកាស​ដល់​យុវជន​ដែលមាន​សមត្ថភាព តែ​គ្មាន​ឱកាស​បានបង្ហាញ បាន​បញ្ចេញ​សមត្ថភាព​តាមរយៈ​កម្មវិធី​នេះ ក្នុង​គោលដៅ​លើកស្ទួយ​វិស័យ​ចម្រៀង​ខ្មែរ​»​។​

​លោក លោក ឃុន ចាន់ថា អះអាងថា ដោយសារតែ​បែបនេះហើយ ទើប​ក្រុមហ៊ុន​របស់លោក​បានសម្រេច​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការរៀបចំ​ប្រគុំ​តន្ត្រី​និង​ការប្រកួតប្រជែង​តន្ត្រី Original ដែលមាន​ឈ្មោះ The Mic Cambodia ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ២៧ ខែធ្នូ ខាងមុខនេះ​។ លោក​ថា ការប្រឡងប្រជែង​តន្ត្រី Original នេះ ជាការ​ផ្តល់ឱកាស​យុវជន​ដែលមាន​សមត្ថភាព​បង្ហាញ​ស្នាដៃ​របស់ខ្លួន និង​បន្ថែម​កម្លាំងចិត្ត​ដល់​យុវជន​ដែល​បង្កើត​បទ​ចម្រៀង​ដោយ​ខ្លួនឯង​៕