ទស្សនៈ​តារា​ខ្មែរ​ជុំវិញ​ចំណាត់​ការ​ក្រសួង​ព័ត៌មាន​លើ​ស្ថានីយ​ទូរទស្សន៍

ទស្សនៈ​តារា​ខ្មែរ​ជុំវិញ​ចំណាត់​ការ​ក្រសួង​ព័ត៌មាន​លើ​ស្ថានីយ​ទូរទស្សន៍

ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​ទេ​នោះ គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ ត្រូវ​អនុវត្តន៍​គោលការណ៍​ក្រសួង​ព័ត៌មាន ដោយ​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​នៅ​ចន្លោះ​ម៉ោង ៧:០០ នាទី​យប់ ដល់​ម៉ោង ៩:០០​នាទី​យប់​ចាប់​ពី​ខែ​មករា ២០១៦ តទៅ។ សិល្បករ​បាន​បញ្ចេញ​ទស្សនៈ​មួយ​ចំនួន​លើ​ចំណាត់​ការ​មួយ​នេះ​ដូច​ខាង​ក្រោម៖

 

ទស្សនៈ​តារា​ខ្មែរ​ជុំវិញ​ចំណាត់​ការ​ក្រសួង​ព័ត៌មាន​លើ​ស្ថានីយ​ទូរទស្សន៍

 

លោក សាវីន ហ្វីលីព និយាយ​ថា៖ “ខ្ញុំ​គិត​ថា បើ​ទូរទស្សន៍​ទាំង​អស់​គោរព​តាម​គោលការណ៍​នោះ​វា​ល្អ​ហើយ។ ចុះ​បើ​គេ​មិន​គោរព តើ​ក្រសួង​នឹង​មាន​វិធានការ​យ៉ាង​ណា ព្រោះ​មិន​មែន​ជា​លើក​ទី១​ទេ ខ្ញុំ​លឺ​ឡើង​ស៊ាំ​ត្រចៀក​ហើយ”។ តារា​សម្ដែង​រូប​នេះ​បន្ត​ថា ក្នុង​នាម​សិល្បករ​ខ្មែរ​ម្នាក់​សប្បាយ​ចិត្ត ប្រសិន​បើ​មាន​ការ​ផលិត​ភាពយន្ត​ខ្មែរ​កាន់​តែ​ច្រើន។ ហើយ​លោក​រង់ចាំ​មើល​វិធាន​ការ​នេះ​បន្ត​ទៀត។

 

ដោយ​ឡែក​លោក ហម ឈរ៉ា និយាយ​ថា៖ “ខ្ញុំ​ក៏​កំពុង​រង់ចាំ​មើល​នៅ​ឡើយ​ដែរ ដូច្នេះ​មិន​ទាន់​ហ៊ាន​និយាយ​មុន​យ៉ាង​ណា​ទេ។ ប្រសិន​បើ​មាន​ប្រសិទ្ធភាព ពួក​យើង​សប្បាយ​រីករាយ​ណាស់ តែ​បើ​បរាជ័យ ខ្ញុំ​គិត​ថា ជា​រឿង​មួយ​អាម៉ាស់​របស់​ក្រសួង”។ យ៉ាង​ណា​លោក​សង្ឃឹម​ថា ក្រសួង​ព័ត៌មាន​នឹង​ធ្វើ​បាន។

 

“ខ្ញុំ​គិត​ថា សិល្បករ​ខ្មែរ និង​ភាពយន្ត​ខ្មែរ​យើង គឺ​មិន​ចាញ់​បរទេស​ទេ សំខាន់​ឱ្យ​តែ​ក្រសួង​រៀប​ចំ​បាន​ល្អ”។ នេះ​ជា​ការ​លើក​ឡើង​របស់​តារា​សម្ដែង​វ័យ​ក្មេង សាយ សៀរ៉ា។ លោក​បន្ត​ម្យ៉ាង​ទៀត​ថា ប្រសិន​បើ​ខាង​ផលិតកម្ម​ហ៊ាន​ចំណាយ​លុយ​ច្រើន​បន្តិច រូប​គេ​ក៏​នឹង​ប្រឹងប្រែង​សម្ដែង​មិន​ឱ្យ​ចាញ់​ភាពយន្ត​បរទេស​ទេ។

 

លោក ឆាយ បូរ៉ា និយាយ​ក្នុង​លក្ខខ័ណ្ឌ​វិស័យ​ភាពយន្ត​ថា ទោះ​បី​ជា​វិស័យ​នេះ​បាន​ទទួល​ត្រឹម​តែ​ចំណែក​ខ្លះ សម្រាប់​ឱកាស​លើ​កញ្ចក់​ទូរទស្សន៍​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ដល់​ពេល​ហើយ ដែល​ផលិតករ​ត្រូវ​ខំ​ប្រឹងប្រែង​ទាំង​អស់​គ្នា ក្នុង​ការ​បង្កើន​សមត្ថភាព។ លោក​ថា៖ “យើង​មាន​វិធាន​ការ​ហើយ ដើម្បី​រួម​ចំណែក​ធ្វើ​ឱ្យ​គុណភាព​ភាពយន្ត​រីក​ចម្រើន​ព្រម​គ្នា មិន​មែន​សំដៅ​តែ​ភាពយន្ត​លើ​កញ្ចក់​ទូរទស្សន៍​នោះ​ទេ គឺ​សំដៅ​លើ​ឧស្សាហកម្ម​ភាពយន្ត​ទាំង​មូល”៕

 

អត្ថបទ៖ សំ ជំនាញ