រថ​​​យន្ត​​​មួយ​គ្រឿង​ផ្ទុក​ស៊ីម៉ង់ត៍​ និង​ឥដ្ឋ​​​លើស​ទម្ងន់ ​​បង្ក​​ឲ្យ​​បាក់​​​ស្ពាន​​មួយ​​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី

ក្រុម​មន្ត្រី​បាននិយាយ​ថា​ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​​និង​ឥដ្ឋទម្ងន់​ជាង​៤០តោនមួយ​គ្រឿង​បាន​បណ្តាល​ឱ្យ​បាក់ស្ពាន​នៅក្នុង​ខេត្ត​មណ្ឌលគិរី​កាល​ពី​យប់​ថ្ងៃច័ន្ទ ដោយ​កាត់​ផ្តាច់​ការ​ធ្វើ​ដំណើរ​ទៅកាន់​កំណាត់​ផ្លូវ​ធំ ភាគ​ខាង​កើត​ស្រុក​​​​​ពេជ្រាដា​​ និងរមណីយដ្ឋាន​ទឹក​ធ្លាក់​ប៊ូស្រា​ដ៏ពេញ​និយម។​​​

ស្ពាន​អូរផ្លាយដែលកំណត់​ទម្ងន់ត្រឹម​តែ​២០តោននោះ​ ​​ឆ្ពោះ​ទៅកាន់រមណីយដ្ឋាន​​ទឹក​ធ្លាក់​​នេះ​និង​ទៅកាន់​ព្រំដែន​វៀត​ណាម។

លោក អឿ ឈុនរី អនុប្រធាន​មន្ទីរ​សាធា​រណ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​​បាន​មាន​ប្រសាសន៍​​ថា ស្ពាន​ដែក​នេះ​បាន​បាក់​​ជាពីរ​​នៅម៉ោង​​ប្រហែល​ ១១ និង​៤៥នាទី​​យប់​ បណ្តាល​ឱ្យ​មន្ត្រី​មូលដ្ឋាន​ប្រញាប់​ប្រញាល់​​រក​ផ្លូវ​ផ្សេង​ឆ្លងកាត់​ស្ទឹង​អូរផ្លាយនេះ​។

លោក​បាន​ឱ្យ​ដឹង​​កាល​ពី​ម្សិល​មិញ​ថា “​ឥឡូវ​​​ស្ទឹង​នេះ​មិន​អាច​ឆ្លង​កាត់​បានទេ ពីព្រោះរថ​យន្ត​​​ជាប់​​នៅ​កណ្តាល​ស្ពាន​បាក់នោះតែម្តង​”។

លោក ម៉ូ ថុននារ័ក្ស អនុប្រធាន​មន្ទីរ​​បាន​​មាន​ប្រសាសន៍​ថា ម្ចាស់​រថយន្ត​ឈ្មោះ​ ថៃ ផាត ដែល​ក៏​​ជា​ម្ចាស់​ឡឥដ្ឋ​នៅក្នុង​ឃុំ​ប៊ូស្រា​ ត្រូវ​នគរបាល​ខេត្ត​បញ្ជាឱ្យចំណាយ​​ប្រាក់​​ជួស​ជុលស្ពាន​នេះឡើង​វិញ​។

លោក ថុននារ័ក្ស ​បាន​លើកឡើង​ថា “​នគរ​​​បាល​នឹង​ចាត់​វិធានការ​​ច្បាប់​ ប្រសិន​បើគាត់​មិន​ចំណាយ​​​​​ប្រាក់​ជួស​ជុល​ស្ពាន​នេះ” ដោយ​លោក​​​ពន្យល់​ថា លោក ថៃ ផាត​ នឹង​ប្រឈម​ការ​ចាប់ខ្លួន​ ប្រសិនបើ​​​គាត់​មិន​​​ជួស​ជុល​​​ស្ពាន​នេះ​ទេនោះ។

លោក ថុន​នារ័ក្ស បានមាន​ប្រសាសន៍ថា មន្ទីររបស់លោក​រវល់​ឈូសឆាយកំណាត់​ផ្លូវ​ដែលមិន​បាន​ប្រើ​ប្រាស់​ឆ្ពោះ​​ទៅកាន់​​ស្ពាន​ចាស់​កាត់​ស្ទឹង​​ចម្ងាយ​ប្រហែល​​៣០០ម៉ែត្រ​​ខាង​ជើង​ស្ពាន​ដែល​បាក់​នេះ។

នៅពេល​ទាក់​ទង​កាលពី​រសៀល​ម្សិល​មិញ លោក ងួន សារ៉ន អភិបាល​ស្រុក​ពេជ្រាដា​ បាន​​​មាន​ប្រសាសន៍ថា ផ្លូវ​ឈូសឆាយ​បាន​ប្រហែល​​​៦០ភាគរយ​ហើយ។

លោក​​ថ្លែង​ថា​ “​បច្ចុប្បន្ន​នេះ យើង​កំពុង​ជួស​ជុល​ផ្លូវ​ចាស់​ដើម្បី​ឱ្យ​ធ្វើដំណើរ​បណ្តោះ​អាសន្ន​សិន ហើយ​វានឹង​រួច​រាល់​នៅ​ថ្ងៃ​ស្អែក”។

លោក គុត ចាន់រ៉ា អាយុ​៤១ឆ្នាំ​ ជា​កសិករ​នៅ​​​ឃុំ​ប៊ូស្រា បាន​និយាយ​ថា​ ​ការ​ងារ​មិន​អាច​​​ចប់​ឆាប់ៗ​ទេ។ គាត់​បាន​និយាយ​ថា “​ឥឡូវ​នេះ​​​​​យើង​កំពុង​ប្រមូលផល​​ដំឡូង​មី ហើយ​ប្រសិន​​​បើ​​មិន​មាន​ស្ពាន​សម្រាប់​ដឹក​ជញ្ជូន​កសិផល​របស់​យើង​ឱ្យ​បាន​ឆាប់ទេនោះ តម្លៃនឹង​ធ្លាក់​ចុះ​មិន​ខាន”។

គាត់​បាន​បន្ថែម​ថា​ “​ស្ពាន​បាក់ នឹង​មិន​មាន​ភ្ញៀវ​ទេសចរ​ច្រើន​មក​លេង​ទេ ហើយ​ប្រជា​ជនជាច្រើន​​នឹង​បាត់​ចំណូល”៕សារុន​​​​

The post រថ​​​យន្ត​​​មួយ​គ្រឿង​ផ្ទុក​ស៊ីម៉ង់ត៍​ និង​ឥដ្ឋ​​​លើស​ទម្ងន់ ​​បង្ក​​ឲ្យ​​បាក់​​​ស្ពាន​​មួយ​​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី appeared first on ខេមបូឌា ដេលី.