ស្រវឹងស្រា​បើករថយន្ត​បុក​ដើម​ត្របែកព្រៃ​ និង​បង្គោល​ភ្លើង

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​អះអាង​ថា ​ជា​មន្ត្រី​នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ចេញពី​ជប់លៀង​ធ្លាក់​ភ្នែក​បើក​រថយន្ត​បុក​ដើម​ត្របែកព្រៃ ​រលាត់​សំបក​អស់​មួយ​ដុំ​ ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង ​បណ្តាល​ឱ្យ​​​ទ្រេត កាលពី​វេលា​ម៉ោង​១០ ​និង​២០​នាទី​យប់​ថ្ងៃ​ទី​២២ ធ្នូ ២០១៥ ស្ថិត​នៅ​ទល់មុខ​វិទ្យាល័យ​ហ៊ុន​ សែន​ ចាក់​អង្រែ​ក្រោម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​ ។​

ប្រភព​​ពី​អ្នក​ឃើញ​ហេតុការណ៍​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ត​​​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-5966 ជិះ​គ្នា​២​នាក់​អះអាង​ថា ​ជា​មន្ត្រី​នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ក្នុង​ស្ថានភាព​ស្រវឹង​​​ទើបនឹង​មក​ពី​ជប់លៀង ធ្វើ​ដំណើរ​​ពី​ជើង​ទៅ​ត្បូង ត្រឡប់​ទៅ​ផ្ទះ​វិញ ។

​មក​ដល់​ចំណុច​ខាងលើ​ បាន​រេ​ចង្កូត​ទៅ​បុក​ដើម​ត្របែកព្រៃ​បណ្តាល​​ឱ្យ​រលាត់​សំបក​អស់​មួយ​ដុំ ​ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បាន​បើក​ទៅ​បុក​បង្គោល​ភ្លើង ដែល​ជា​បង្គោល​ដែក បណ្តាល​ឲ្យ​ទ្រេត​បង្គោល ធ្វើ​ឲ្យ​រថយន្ត​បែក​កង់​មុខ​ទាំង​២​បាន ព្យាយាម​បើក​រត់​បាន​ជាង​១០០​ម៉ែត្រ​ ទៅ​ដល់​មុខ​ផ្ទះ​លេខ​១៤៣៧​ ទើប​រថយន្ត​ទៅ​មុខ​លែង រួច​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​មក​ដល់​ភ្លាម​ៗ​បាន​ទូរស័ព្ទ​ហៅ​ជំនាញ​ចរាចរ​ណ៍​ខណ្ឌមាន​ជ័យ ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត​ទៀត ។