ចោរ​ម្នាក់​សារភាព​ថា ប៉ូលិស​ពាក់​សក្ដិ​៤ ដែល​គំរាម​បាញ់​អភិបាល ខណ្ឌដូនពេញ មានកូន​សុទ្ធតែ​ចោរ

ចោរ​ម្នាក់​សារភាព​ថា ប៉ូលិស​ពាក់​សក្ដិ​៤ ដែល​គំរាម​បាញ់​អភិបាល ខណ្ឌដូនពេញ មានកូន​សុទ្ធតែ​ចោរ

យោងតាមគេហទំព័រក្នុងស្រុកមួយបានចុះផ្សាយថា បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ចោរឆក់​ម្នាក់ ក្នុង​ចំណោម​គ្នា​២​នាក់ ទើប​បែក​រឿង​ថា ជនសង្ស័យ​ដែល​មានសំណាង​គេចខ្លួន​រួច​នោះ​ជា​កូនបង្កើត​របស់​ស្ត្រី​ពាក់​សក្ដិ​៤ ជា​នគរបាល​អគ្គនាយកដ្ឋាន​ភស្តុ​ភារ ដែល​គំរាម​បាញ់​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ ក្នុង​ពេល​ចុះ​មក​កាង​ម៉ូតូ​ចោរ​មិន​បាន​សម្រេច​ដូច​បំណង​នោះ​។

កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ សហការ​ជាមួយ​ផ្នែក​កម្លាំង​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ក្នុង​ចំណោម​២​នាក់ កាលពី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១៩​និង​៥០​នាទី ពី​បទ​លួច (​ឆក់​កាបូបស្ពាយ​មិន​បាន​សម្រេច​) ត្រង់​ចំណុច​មុខ​វត្ត​ឧណ្ណាលោម ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ភូមិ​២ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ញ៉ូ វៃ​តុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ភូមិ​តា​ព្រុំ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ចំណែក​បក្ខពួក​ជនល្មើស​ម្នាក់​ទៀត​ដែល​គេចខ្លួន​បាត់​នោះ​ឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ លូ​អី​ស ណា​ឌី​ន (Lois Nadine) ភេទ​ស្រី អាយុ​៧០​ឆ្នាំ មុខរបរ​ទេសចរណ៍ ជនជាតិ​អង់គ្លេស ស្នាក់​នៅផ្ទះ​សំណាក់​យីហោ ហា​ម៉ា​នី ផ្លូវ​លេខ​១៤៨ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ត្រូវ​ជនសង្ស័យ​ឆក់​កាបូប​មិន​បាន​សម្រេច ខណៈ​ពេល​ថ្មើរជើង​ជាមួយ​ប្តី​បណ្តាល​ឲ្យ​ដួល​ត្រឡប់ត្រឡិន​រង​របួសស្រាល​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​សាកសួរ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​បាន​ឆ្លើយ​សារភាព​ថា ជន​បក្សពួក​របស់​គេ​ដែល​ជិះ​ម៉ូតូ​គេចខ្លួន​ឈ្មោះ ម៉ៅ រូប​នោះ​គឺជា​កូន​របស់​មន្ត្រី​នគរបាល​ពាក់​ស័ក្ដិ​៤ ភេទ​ស្រី ដែល​គំរាម​សម្លាប់​អភិបាល​ខណ្ឌដូនពេញ និង​ធ្លាប់​ទៅ​ធានា​យក​ម៉ូតូ​របស់​មុខសញ្ញា​ឆក់ ឈ្មោះ ទី នៅ​អ​.​ហ​ដូនពេញ​ផង​ដែរ​។

ហើយ​ប៉ូលិស​ស័ក្ដិ​៤​នោះ​មានកូន​ប្រុស​៣​នាក់ គឺ​សុទ្ធតែ​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ហើយ​កំពុង​ជួល​ផ្ទះ​រស់នៅ​ក្នុង​ប្លុក​វត្តថា​ន់​។ សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ដែល​គេចខ្លួន​នោះ​កំពុង​តែ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ ៕