ព្រៃឈើ​និង​សត្វព្រៃ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នឹង​ឈាន​ទៅ​វិនាស​ហិនហោច​ក្នុង​ពេល​ដ៍​ខ្លី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ឈើ​ប្រភេទ​សុ​ក្រំ ផ្ចឹក និង​ឈើ​ប្រណីត​ដូច​ជា ធ្នង់ បេង នាងនួន ក្នុង​ដែន​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច បាន​ឈាន​ទៅ​រលាយ​ហិនហោច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​សកម្មភាព​កាប់​បំផ្លាញ​បាន​ប្រព្រឹត្ត​រាល់ថ្ងៃ​ពី​សំណាក់​ឈ្មួញ ដែល​សកម្មភាព​បំផ្លាញ​នោះ​ស្ថិត​នៅ​ចំណុច​ភូមិសាស្ត្រ ក្បាល​អូរ​ម៉ែ​ធុ​- ក្រង់​គុយ​- ក្រង់​ត្រាច​- ពាម​ក្រាយ -​ពាម​អូរ​តូ -​ភ្នំ​ង៉​ត​- ក្បាល​អូរ​ខ្ញែ​ង​- ក្រង់​ជី​លក​- អូរ​មីង​ជុង​-​អូរ​កន្លះ​- ភ្នំ​កង់​ស្យា​ល់​- អូរ​កញ្ជះ​- តាម​ដងអូរ​របោះ​- អូរ​ម៉ា​ញ​តា​ប៉ោក មា​នរណា​យន្ត​កំពុង​កាត់ឈើ​ប្រមាណ​ជាង ៤០០​គ្រឿង​ចូល​ក្នុង​ព្រៃ​អារច្រៀក​ចាប់តាំងពី​ខែ​មិ​នា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។

សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​បាន​ឲ្យ​ដឹង​ថា ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ស្ថិត​ក្នុងភូមិ​សាស្ត្រ​៤​ស្រុក​ក្នុង​ខេត្តមណ្ឌលគិរី​និង​ក្រចេះ គឺ​ស្រុក​កែវ​សីមា កោះ​ញែក ពេ​ជ្រា​ដា និង ស្រុក​ស្នួល មួយ​ចំណែក​ធំ​ដែល​នៅ​សល់​ព្រៃស្រោង​នៅឡើយ ដែល​ជា​គោលដៅ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​កំពុង​តែ​ស្រក់ទឹកមាត់ និង​ប្រើប្រាស់​ល្បិច​កល​គ្រប់​រូបភាព​ដើម្បី​បាន​បន្លំ​កាប់​ឈើ​ទាំងនោះ ។ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​កំពុង​ជា​គោលដៅ​ក្រុម​ឈ្មួញ​មាន​ងារ​សុទ្ធតែ «​ឧកញ៉ា​» កំពុង​ជ្រៀតចូល​កាន់កាប់​ដី​ព្រៃ​សម្បទាន​ក្នុង​បំណង​ប្រើប្រាស់​ជា​ខែល ដើម្បី​បន្លំ​លួច​កាប់​ឈើ​នៅ​ក្រៅ​ដែនដី​របស់​ក្រុម​ហ៊ុម​ខ្លួន​ដែល​សកម្មភាព​នេះ​បាន​ប្រព្រឹត្ត​ទៅ​ហើយ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​សព្វថ្ងៃ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ជ្រក​ក្រោម​អំណាច​ឥទ្ធិពល​របស់​ឧ​ញ៉ា និង​មន្ត្រី​យោធា​ពីរ​រូប​នៅ​ខេត្តក្រចេះ​មានឈ្មោះ ឃី ផេង និង​ឈ្មោះ ផ​យ ពក (​ដែល​ជា​ម្ចាស់​ស្ថានីយ៍​ប្រេង​នៅ​ខេត្តក្រចេះ​ដែរ​នោះ​) ពួក​គេ​ជា​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​រាប់​ជំនាន់​មក​ហើយ ដោយ​មេ​ឈ្មួញ​ទាំង​ពីរ​រូប​នេះ​មាន​កូនចៅ​ប្រើ​រណា​យន្ត​ជាង​២០០​គ្រឿងក្នុង​ម្នាក់​ៗ​ដើម្បី​ធ្វើ​សកម្មភាព​កាប់ និង​ប្រមូល​ទិញ​ឈើ​យ៉ាង​អនាធិបតេយ្យ នៅ​ក្នុង​ដែន​ព្រៃ​សហគមន៍ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ បើ​គេ​ចូល​ទៅ​ដល់​ក្នុង​តំបន់​ព្រៃ​ជ្រៅ គេ​មិន​អាច​ស្តាប់ ឮ​សម្លេង​សត្វព្រៃ​យំ ឬ​ស្រែក​អ្វី​ទៀត​ឡើយ ក្រៅពី​ឮ​តែ​សំឡេង​រណា​យន្ត​អារឈើ​ទាំង​យប់​ទាំង​ថ្ងៃ ដែល​នឹង​ធ្វើ​ឲ្យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​វិនាស​ក្នុង​ពេល​ដ៍​ខ្លី​ខាង​មុខ បើ​គ្មាន​វិធានការ​បង្ក្រាប​ទប់ស្កាត់​ជា​បន្ទាន់​នោះ​ទេ ។ ចំណែក​សត្វ​ព្រៃធំ​ៗ​ដូច​ជា ដំរី ខ្ទីង ទន្សោង ក៏​គេ​កម្រ​បានឃើញ​ដូច​ការ​ពី​មុន​ដែរ តែ​សម្រាប់​សត្វ​ជ្រូកព្រៃ ទន្សាយ ស្វា​…​មក​នៅ​ក្បែរ​ព្រៃ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ដោយសារ​គ្មាន​ជម្រក ។ ដោយឡែក​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​និយាយ​ដែរ​ថា កុំ​ថា​ឡើយ​ព្រៃ​ការពារ ឬ​ព្រៃ​អភិរក្ស​ដែល​រង​នូវ​ការ​កាប់​បំផ្លាញ សូ​ម្បី​ឈើ​នៅ​ក្នុង​សហគមន៍​ដែល​បម្រុង​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ប្រើប្រាស់ និង​ទុក​សម្រាប់​ឲ្យ​ពួក​គេ​ស្គាល់​នូវ​ប្រភេទ​ដើមឈើ​ព្រៃ​ក្នុងស្រុក​ខ្មែរ​ក៏​គេ​លួច​កាប់​ស្ទើរ​អស់​គ្មាន​សល់ ។

ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ភូមិ​អ​ន្ទ្រ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​ពេ​ជ្រា​ដា ជ្រក​ក្រោម​ស្លាក ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច តែ​ស្ថិត​នៅ​ក្រៅ​ដែនដី​សម្បទាន​អូស​ដឹក​ជញ្ជូន​ឈើ​ចូល​បន្លំ​ជាមួយ​ឈើ​ស្របច្បាប់​ក្នុង​ព្រៃ​ក្រុមហ៊ុន ។ បើ​ទោះជា​ព្រៃ​សម្បទាន​របស់​ក្រុមហ៊ុន​និ​មួយ​ៗ​កាប់​គ្មាន​សល់​ដើមឈើ​ធំ​ៗ តែ​គេ​នៅ​តែ​ឃើញ​ឈ្មួញ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ដែល​មា​នទី​តាំងនៅ​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច បែរជា​ដឹកឈើ​រាប់​ឆ្នាំ​មក​ហើយ មិន​ចេះ​អស់ ហើយ​ឈើ​ទាំងនោះ​ទៀត​សោត​សុទ្ធតែ​ជា​ប្រភេទ​ឈើ​ស្រល់​ថ្មី​ៗ អារច្រៀក រួច​ដឹក​រាល់​យប់​យក​ទៅ​នៅ​វៀតណាម​តាម​ព្រំដែន​នៃ​ខេត្ត​ត្បូងឃ្មុំ ដែល​ក្នុង​មួយ​យប់​មាន​ឈើ​មិន​តិច​ជាង​៣០​ទៅ​៤០​រថយន្ត​យី​ឌុ​ប​នោះ​ទេ ។

ពាក់​ព័​ន្ឋ​នឹង​បញ្ហា​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ២០១៥ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេពី លោក សំ​រ៉​ង់ ឌី​វិចិត្រ នាយក​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច និង​លោក ឈិ​ត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ៕