លោក ម៉ក់ ជី​តូ ទទួលស្គាល់ថា សមត្ថកិច្ច​ខ្វះ​លទ្ធភាព​គ្រប់គ្រង​អាវុធ​ខុសច្បាប់

អគ្គ​ស្នងការរង​នគរបាលជាតិ​លោក ម៉ក់ ជី​តូ អះអាងថា សមត្ថកិច្ច​មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​អាវុធ​ខុសច្បាប់​នៅឡើយ​ទេ។ លោក​អះអាងថា សមត្ថកិច្ច​នឹង​រៀបចំ​ការគ្រប់គ្រង​អាវុធ តាមបែប​លក្ខណៈ​វិទ្យា ដើម្បី​ស្រាវជ្រាវ​រកមុខ អ្នក​ដែល​លក់ និង​ទិញ​អាវុធ​ខុសច្បាប់​ចែកចាយតៗគ្នា​នេះ ក្នុងការ​ទប់ស្កាត់​អំពើចោរកម្ម​ក្នុងសង្គម។

លោក ម៉ក់ ជី​តូ ទទួលស្គាល់ថា ការខ្វះ​លទ្ធភាព​គ្រប់គ្រង​អាវុធ​ខុសច្បាប់​នេះ គឺជា​ចន្លោះប្រហោង​មួយ ដែល​ធ្វើ​ឲ្យ​ជនល្មើស​អាចមាន​លទ្ធភាព​ទិញ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ក្នុង​សកម្មភាព ឆក់ ប្លន់ របស់​ពួកគេ។ លោក​កត់សម្គាល់​ដែរ​ថា មន្ត្រីរាជការ និង​ឯកជន​មួយចំនួន ក៏មាន​អ្នកប្រើប្រាស់​អាវុធ​ខុសច្បាប់​ដែរ ដោយសារតែ​កង្វះខាត​ល​ទ្ធ​ភាព​គ្រប់គ្រង​អាវុធ​ខុសច្បាប់​នេះ។ លោក ម៉ក់ ជី​តូ បន្ថែមថា បច្ចុប្បន្ន​សមត្ថកិច្ច​មា​ន​លទ្ធភាព​អាច​គ្រប់គ្រង​បានតែ​អាវុធ​របស់​អង្គភាព និង​អាវុធស្របច្បាប់​ប៉ុណ្ណោះ។

ថ្លែង​នៅក្រោយពី​កិច្ចប្រជុំ​រួម​រវាង តុលាការ អយ្យការ និង​នគរបាល​យុត្តិធម៌ កាលពី​ម្សិលមិញ​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ការ​គ្រប់​គ្រង់​អាវុធ​របស់​យើង​មានការ​ស្មុគស្មាញ​ខ្លះ និយាយ​ឲ្យ​ត្រង់​ទៅ​យើង​គ្រប់គ្រង​តែ​អាវុធ​របស់​អង្គភាព។ យើង​គ្រប់​តែ​អាវុធ​ប្រើប្រាស់​ស្របច្បាប់ ដល់​អាវុធ​ខុសច្បាប់​យើង​គ្រប់គ្រង​អត់​ទាន់​បានទេ នេះហើយ​ដែល​យើង​ត្រូវ​ប្រឹងប្រែង។ឥឡូវនេះ​បញ្ហា​ត្រង់​ថា​ការគ្រប់គ្រង​របស់​យើង យើងភ័យខ្លាច​នៅមាន​ការ​ចន្លោះប្រហោង ត្រង់​ថា​អាវុធ​នេះ​មាន​អ្នកខ្លះ​ប្រើប្រាស់​ខុសច្បាប់ នេះ​មិនមែន​និយាយ​តែ​ក្រុម​ល្មើស​ចោរ​ទេ សូម្បី​មន្ត្រីរាជការ​ខ្លះ​ក៏​ប្រើ​ខុសច្បាប់​ដែរ»។

លោក ម៉ក់ ជី​តូ ក៏បាន​ព្រមាន​ទៅដល់​អ្នក​ដែល​ទិញ និង​លក់​អាវុធ​ខុសច្បាប់​ថា នៅពេល​ខាងមុខនេះ​សមត្ថកិច្ច​នឹង​រៀបចំ​ការគ្រប់គ្រង​អាវុធ តាមបែប​លក្ខណៈ​វិទ្យា ដើម្បី​ស្រាវជ្រាវ​រកមុខ អ្នក​ដែល​លក់ និង​ទិញ​អាវុធ​ខុសច្បាប់​ចែកចាយតៗគ្នា​នេះ។ អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ បាន​ប្តេជ្ញាចិត្ត​ថា សមត្ថកិច្ច​នឹង​ខិតខំ​បំពេញការងារ ដើម្បី​បង្ការ​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ក្នុងករណី​លួច ឆក់ ប្លន់ ក្នុង​គោលបំណង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ។

ជុំវិញ​បញ្ហា​ចោរកម្ម​កន្លងមក មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួលបន្ទុក​ព័ត៌មាន សន្តិសុខ និង​បង្ក្រាប​បទល្មើស លោក ហុង វិ​ណុល បាន​បដិសេធថា ក្រុម​ជនល្មើស​ដែលមាន​អាវុធ​ខុសច្បាប់​ចេញ ឆក់ ប្លន់ ទាំងនោះ គឺ​មិនមាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច ដូច​មតិ​រិះគន់​មួយចំនួន​ឡើយ។ លោក​បាន​អះអាងថា ការប្រើប្រាស់​អាវុធ​រប​ស់ជន​ល្មើស​ទាំងនោះ គឺ​ពួកគេ​មាន​ប្រភព​នៃ​អាវុធ​ខុសច្បាប់ ដែល​បាន​ចែករំលែក​អាវុធ​គ្នា ឬក៏​ដោះដូរ​គ្នា ក្នុង​ការចេញ​ប្រព្រឹត្ត​បទល្មើស។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ២០១៥នេះ បទល្មើស​លួច មាន១០៣៨ បទល្មើស​ឆក់​មាន ៩ករណី បទល្មើស​ប្លន់​មាន ២៥០ករណី។ បើ​ប្រៀបធៀប​នឹ​ឆ្នាំ២០១៤ បទល្មើស​ទ​ទាំងអស់នេះ បាន​ថយចុះ​ប្រមាណ១៤ភាគរយ៕