អំពើ​ប្លន់​ប្រដាប់អាវុធ​ជា​បន្តបន្ទាប់​ក្នុង​ខេត្តកំពង់ស្ពឺ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​អសន្តិសុខ​សង្គម​

លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ និង​លោក កែវ ពិសី ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ពុំមាន​សមត្ថភាព​ពង្រឹង​សន្តិសុខ​សង្គម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្ដៅ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​នោះទេ​។ ជាក់ស្តែង​ថ្មីៗ​នេះ​អំពើ​ប្លន់​ប្រដាប់អាវុធ​នៅក្នុង​ស្រុក​ភ្នំស្រួច បានកើត​ឡើងជា​បន្តបន្ទាប់​ដោយ​ក្រុមចោរប្លន់​ហាក់ដូចជា​គ្មាន​ញញើត​នឹង​សមត្ថកិច្ច​បន្តិច​ណា​ឡើយ​។ ប្រការនេះ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក អ៊ូ សំ​អួន និង​លោក កែវ ពិសី ជាបន្ទាន់ ហើយ​គិតគូរ​ពី​បញ្ហា​អសន្តិសុខ​ក្នុង​ខេត្តកំពង់ស្ពឺ​ផងដែរ​។​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​បាន​កត់សម្គាល់ថា កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ មាន​ករណី​ប្លន់​ជាងទង និង​ជា​អ្នកលក់​មាស​នៅ​ផ្សារ​តា​ឡា​ត់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​យក​អស់​គ្រឿងអលង្ការ​សរុប​២៦​តម្លឹង និង​បាញ់​ស្មៀនឃុំ​ជាំ​សង្កែ​ស្លាប់​ទៀតផង​។ នៅ​ព្រលប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ មាន​ក្រុមចោរ​កាន់​កាំភ្លើង​អាការ​២​នាក់​បាន​ស្ទាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​ប្រជាពលរដ្ឋ​២​នាក់ ដែល​ត្រឡប់​មកពី​ចូលរួម​ក្នុង​ពិធីមង្គលការ​មួយ​នៅ​ភូមិ​មានជ័យ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ដោយ​សុវត្ថិភាព​។ អំពើ​ប្លន់​ទាំង​២​ករណី​ខាងលើនេះ មិន​រំខាន​ដល់​សេចក្ដីសុខ​របស់​សមត្ថ​កិច្ច​ឡើយ គឺ​នៅពេល​ចោរប្លន់​រួច​គេចខ្លួនបាត់ ទើប​សមត្ថកិច្ច​ទៅដល់​កន្លែងកើតហេតុ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​រិះគន់ថា លោក កែវ ពិសី ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ មិនដែល​ខ្វល់​ពី​ការយកចិត្តទុកដាក់​ព​ង្រឹ​ង​សន្តិសុខ​សង្គម​នោះទេ គឺ​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​ស្នងការរង​ខ្លះ​មិនបាន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​នោះទេ ហើយ​បែរជា​បង្កើត​ក្រុមបាល់ទាត់​ដើម្បី​ប្រកួត ដោយ​ទុក​ឲ្យ​ចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​។ ប្រការនេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យឡើងវិញ​ទៅលើ​ភាព​អសកម្ម​របស់​ស្នងការ​និង​ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ ដែល​ធ្វេសប្រហែស​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ប្លន់​ប្រដាប់អាវុធ​កើត​ឡើងជា​បន្តបន្ទាប់​៕

141025092350102509502314DSC05707លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ​