ករណី​ប្រជាពលរដ្ឋ​ខ្មែរ​ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​

​រហូតមកដល់​ពេលនេះ​យួន​មិនដែល​លះបង់​មហិច្ឆតា​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​ម្ដងណា​ឡើយ ជាក់ស្ដែង​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តកំពត ខេត្តតាកែវ ខេត្ត​ត្បូងឃ្មុំ ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី បន​យួន​នៅតែ​រំលោភបំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន​។ ឥឡូវនេះ​ក្នុងខណៈដែល​បន​យួន​នៅតែ​បំពាន​លើ​បូរណភាព​ទឹកដី​ខ្មែរ​តាម​ព្រំដែន បែរជា​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន​មួយចំនួន​ក្នុង​ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្ដាល និង​ខេត្តក្រចេះ បែរជា​ជួល​ដី​ឲ្យ​ជនជាតិ​យួន​ដាំ​ដំណាំ​នៅតាម​ព្រំដែន​ដោយ​មិនបាន​គិតគូរ​ពី​ផលវិបាក​សម្រាប់​ប្រទេសជាតិ​នោះឡើយ​។

​តាម​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​៩៥២​គ្រួសារ រស់​នៅតាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-​យួន បាន​ជួល​ដី​ទំហំ​សរុប​៦៦៣១,៥៤​ហិកតា​ឲ្យ​ជនជាតិ​យួន​ដាំ​ដំណាំ​ផ្សេងៗ​នៅតាម​ព្រំដែន ហើយ​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​កន្លងមក​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ទៀតថា ករណី​ប្រជាពលរដ្ឋ​ខ្មែរ​ជួល​ដី​ឲ្យ​ជនជាតិ​យួន​នោះ គឺ​នៅ​ខេត្តតាកែវ មាន​២៦៣​គ្រួសារ នៅ​ខេត្តស្វាយរៀង ១៧៨​គ្រួសារ នៅ​ខេត្តព្រៃវែង ៣១២​គ្រួសារ នៅ​ខេត្តកណ្ដាល ១៧៨​គ្រួសារ និង​ខេត្តក្រចេះ ២១​គ្រួសារ​។ ក្នុងនោះ​ដី​ដែល​ពលរដ្ឋ​ខ្មែរ​ជួល​ឲ្យ​ជនជាតិ​យួន​នៅ​ខេត្តតាកែវ មាន​ទំហំ​ធំជាងគេ គឺ​៣៤២០​ហិកតា និង​បន្ទាប់មក​នៅ​ខេត្តព្រៃវែង មាន​ទំហំ​១២៩២​ហិកតា​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន មិនបាន​គិតគូរ​ចំពោះ​មហិច្ឆតា​ឈ្លានពាន​របស់​យួន​ឡើយ​។

មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង បាន​កត់សម្គាល់ថា កន្លងមក​ទាហាន​យួន​តែងតែ​ចូលមក​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើស្រែ​ចម្ការ​លើដី​កេរ​ដូនតា​ខ្មែរ​តាម​តំបន់​ព្រំដែន​នោះទេ បើទោះបី​មានការ​បោះបង្គោល​ព្រំដែន​រួចរាល់​យ៉ាងណាក៏ដោយ​។ ដូច្នេះ​ករណី​ប្រជាពលរដ្ឋ​ខ្មែរ​៩៥២​គ្រួសារ​ជួល​ដី​ទំហំ​៦៦៣១,៥៤​ហិកតា​នៅតាម​ព្រំដែន​ឲ្យ​ជនជាតិ​យួន​ដាំ​អំពៅ ដំឡូង​មី និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត គឺជា​រឿង​ដែល​អាជ្ញាធរ​នៃ​បណ្ដា​ខេត្ត​ដូច​រៀបរាប់​ខាងលើ​និង​ក្រសួងមហាផ្ទៃ មិនគួរ​មើលរំលង​នោះទេ​។ ជាពិសេស​គណៈកម្មការ​ព្រំដែន​កម្ពុជា ដែលមាន​លោក វ៉ា គឹមហុង ជា​ប្រធាន ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​រឿងរ៉ាវ​ដី​ខ្មែរ​ស្រែ​យួន​បានធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​បូរណភាព​ទឹកដី​នៅតាម​តំបន់​ព្រំដែន​ជា​បន្តបន្ទាប់​៕

ទាហានយួន (2) យួនចូលឃុំត្នោត