ក្រុមហ៊ុន​ចិន​ដែល​ទទួលបាន​ដី​សម្បទាន​ក្នុងស្រុក​ព្រៃនប់ កំពុង​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល​

ជម្លោះដីធ្លី​នៅក្នុង​ខេត្ត​ព្រះសីហនុ បានកើត​ឡើង​រាប់សិប​ករណី​ហើយ តាំងពី​ជំនាន់​លោក ឈិ​ត សុខុន ធ្វើជា​អភិបាលខេត្ត រហូតដល់​លោក យន្ត មីន មកកាន់​តំណែង​ជា​អភិបាលខេត្ត គឺ​ពុំមាន​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​១០៦​គ្រួសារ​រស់នៅក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ចោទប្រកាន់​ក្រុមហ៊ុន​យិះ​ជៀរបស់​ចិន​ថា​បាន​បន្ត​គំរាមកំហែង​បណ្ដេញ​ពួកគាត់​ចេញពី​លំនៅដ្ឋាន​និង​ដី​កសិកម្ម​ដែល​ពួកគាត់​ធ្លាប់​បង្កបង្កើនផល​តាំងពី​ឆ្នាំ​១៩៩២ ដោយ​ប្រើ​កម្លាំងប្រដាប់អាវុធ​គំរាម​ពួកគាត់​មិន​ឲ្យ​ប្រកប​របរ​កសិកម្ម​និង​សង់ផ្ទះ​ជាដើម​។ ប្រការនេះ​បានធ្វើ​ឲ្យ​ពួកគាត់​ជួប​ការលំបាក​យ៉ាងខ្លាំង ដោយសារតែ​មិនអាច​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ចិន គំរាមកំហែង​បណ្ដេញ​ចេញពី​ធ្លី​បាន​អំពាវនាវ​ឲ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ តាមរយៈ​ការ​កាត់​ខ្វៀ​ល​ដី​លំនៅដ្ឋាន​និង​ដី​កសិកម្ម ក៏ដូចជា​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ កុំ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ក៏បាន​រិះគន់​ផងដែរ​ថា កន្លងមក​អាជ្ញាធរ​ស្រុក​ព្រៃនប់ ក៏ដូចជា​អជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ប្រកបដោយ​តម្លាភាព​ឡើយ ហើយ​ក្រុមហ៊ុន​យិះ​ជៀ​នៅតែ​ប្រើ​កម្លាំងប្រដាប់អាវុធ​គំរាមកំហែង​ប្រជាពលរដ្ឋ​យ៉ាង​កំរោល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា តាំងពី​លោក យន្ត មីន ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ​រួចមក មិនបាន​ជួយ​អ្វី​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ចិន​ឆក់​ប្លន់​ដីធ្លី​នៅ​ឃុំ​រាម ស្រុក​ព្រៃនប់​នោះឡើយ​។

កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​សហគមន៍​ព្រែក​ត្របែក សហគមន៍​អណ្ដូងទឹក សហគមន៍​ថ្ម​ធំ នៅក្នុង​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ខ្លាច​បាត់បង់​លំនៅដ្ឋាន​និង​ដីស្រែ​ចម្ការ​ដែល​ពួកគាត់​រស់នៅ​និង​ប្រកប​របរ​កសិកម្ម​តាំងពី​ឆ្នាំ​១៩៩២​រហូតមក​។ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​១០៦​គ្រួសារ បាន​ត្អូញត្អែរថា​ក្រុមហ៊ុន​យិះ​ជៀ​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈពេល​៩៩​ឆ្នាំ​ពី​រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ពី​ពួកគាត់​និង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​បណ្ដេញ​ពួកគាត់​ចេញពី​ដីធ្លី​យ៉ាង​ព្រៃផ្សៃ​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​យិះ​ជៀ​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​នេះ​កំពុង​រំលោភសិទ្ធិ​មនុស្ស​បំផ្លាញ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​បំផុត​៕

yun-620លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
00ae5bfd-315a-4e76-972c-1dfd6ba0d7c6