ពិត​មែន​ទេ យុវវ័យ​​​សម័យ​ថ្មី​ខឹង​សង្សារ​ដឹង​តែ​ប្លុក Facebook គ្នា​ចោល?


ពិត​មែន​ទេ យុវវ័យ​​​សម័យ​ថ្មី​ខឹង​សង្សារ​ដឹង​តែ​ប្លុក Facebook គ្នា​ចោល?

យុវវ័យ​បច្ចុប្បន្ន​តែង​ប្រើ Facebook ដើម្បី​កម្សាន្ត​អារម្មណ៍​និង​ទទួល​ចំណេះ​ដឹង​ថ្មីៗ តែ​ក៏​មាន​យុវវ័យ​មួយ​ចំនួន​ប្រើ​បណ្ដាញ​សង្គម​យក្ស​នេះ ​ដើម្បី​បញ្ចេញ​កំហឹង​និង​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​សង្សារ​ ពេល​ឈ្លោះ​គ្នា​ទៅ​វិញ។

 

ពិត​មែន​ទេ យុវវ័យ​​​សម័យ​ថ្មី​ខឹង​សង្សារ​ដឹង​តែ​ប្លុក Facebook គ្នា​ចោល?

 

ទាក់ទិន​បញ្ហា​នេះ​យុវតី​សម្បុរ​ស ម៉ានិត និស្សិត​ឆ្នាំ​ទី៣​ផ្នែក​ធនាគារ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​និយាយ​ដូច្នេះ​ថា កញ្ញា​មិន​ធ្លាប់​មាន​សង្សារ​ទេ តែ​​ធ្លាប់​ប្លុក​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ប្រុស​ម្នាក់ ដែល​ធ្លាប់​សារភាព​ថា​ស្រឡាញ់​កញ្ញា។

 

ម៉ានិត​ថា ការ​ប្លុក​នេះ​គឺ​ដោយ​សារ​ខ្លួន​ខឹង​នឹង​គេ ដែល​មក​បំផ្លាញ​មិត្តភាព​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​កន្លង​មក។ យ៉ាងណា​ក៏​ដោយ​និស្សិត​ផ្នែក​ធនាគារ​រូប​នេះ​ថា ពេល​ទៅ​ក្រៅ​ដើរ​លេង​ជួប​មិត្តភ័ក្ដិ​ ម៉ានិត​និង​គេ​ម្នាក់​នោះ​នៅ​តែ​និយាយ​រក​គ្នា តែ​មិន​សូវ​ស្និទ្ធស្នាល​ដូច​ពេល​មុន​ឡើយ។

 

ងាក​មក​យុវតី​ស្រស់​សោភា​កញ្ញា នីតា ដែល​កំពុង​អង្គុយ​និយាយ​គ្នា​លេង​ជាមួយ​មិត្តភ័ក្ដិ​នៅ​ទីធ្លា​សាកលវិទ្យាល័យ ភូមិន្ទ ឱ្យ​ដឹង​ថា ពេល​ឈ្លោះ​គ្នា​ខ្លាំង​ជាមួយ​សង្សារ​ ខ្លួន​មិន​ដែល​ប្លុក​គេ​ចោល​ទេ តែ​បែរ​ជា​សង្សារ​ប្លុក​កញ្ញា​ចោល​ទៅ​វិញ។ យ៉ាងណា​ក្តី នីតា​ថា មក​ដល់​ឥឡូវ​គេ​ទាំង​ពីរ​នៅ​តែ​រាប់​អាន​គ្នា​ជា​មិត្ត​ដដែល​ទោះ​បី​ធ្លាប់​ជា​សង្សារ​នឹង​​គ្នា​ក៏​ពិត​មែន។

 

ចំណែក​ឯ​កញ្ញា​នីកា និស្សិត​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៃ​សាកលវិទ្យាល័យ​ឯកជន​មួយ​ដែល​អង្គុយ​ក្បែរ​នោះ​ក៏​ជួប​រឿង​ស្រដៀង​គ្នា​នឹង​កញ្ញា​នីតា​ដែរ ដោយ​មិត្ត​ប្រុស​របស់​ខ្លួន​ជា​អ្នក​លួច​ប្លុក​ចោល ពេល​ឈ្លោះ​គ្នា​ខ្លាំង តែ​ក៏ Unblock ហើយ Add កញ្ញា​វិញ​ ក្រោយ​ពី​ឈ្លោះ​មិន​បាន​យូរ​ប៉ុន្មាន។

 

“គេ​ធ្លាប់​ប្លុក​ខ្ញុំ​ចោល​បង តែ​មិន​បាន​យូរ​ទេ…តែ​ប៉ុន្មាន​ម៉ោង Unblock ហើយ Add មក​វិញ​ហើយ ​ដោយ​សារ​គាត់​ជា​មនុស្ស​ឆេវឆាវ។ ខ្ញុំ​ក៏ Confirm ពេល​គេ Add មក​វិញ​ក្រោយ​ត្រូវ​គ្នា”។

 

ប្លែក​ពី​យុវតី​ខាង​លើ លោក ហា រី គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៃ​សាលា​ឯកជន​មួយ បាន​ឱ្យ​ដឹង​ដូច្នេះ​ថា មិត្ត​ស្រី​លោក​ធ្លាប់​ប្លុក​លោក​ចោល​ពី​ “មិត្ត (Friend)” ក្នុង Facebook ពេល​ឈ្លោះ​ខ្លាំង​រហូត​ដល់​ថ្នាក់​បែក​គ្នា។ ហា រី​ថា ក្រោយ​បែក​គ្នា​ប៉ុន្មាន​ថ្ងៃ មិត្ត​ស្រី​លោក​ក៏ Unblock លោក​វិញ តែ​មិន​បាន Add មក​វិញ​ទេ តែ​ដោយ​ចិត្ត​ខឹង​និង​ដើម្បី​បំភ្លេច​គេ​បាន​លឿន​ផង​នោះ ហារី​ក៏​ប្លុក​គេ​វិញ។

 

“ខឹង​ដែរ ពេល​ឃើញ​គេ​ប្លុក​អ៊ីចឹង។ ពេល​ឃើញ Profile គេ​លើ Facebook ដឹង​ថា​គេ​ Unblock វិញ​មិន​ខាន។ ពេល​នោះ​ខឹង​ផង​និង​ចង់​បំភ្លេច​គេ​ផង ក៏​ប្លុក​គេ​ចោល​រហូត​មក​ដល់​ឥឡូវ​ហ្នឹង​ទៅ”។ ​​

 

ចំពោះ​លោក​មុន្នី រម្យ ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​លោក​មាន​សង្សារ​ពីរ​នាក់​ហើយ តែ​មិន​ដែល​ប្លុក​នរណា​ម្នាក់​ទេ ទោះ​បី​ឈ្លោះ​រហូត​ដល់​ថ្នាក់​បែក​គ្នា​ក៏​ដោយ។

 

មុន្នី រម្យ​ថា ទោះ​បី​បែក​ក៏​អាច​រាប់​អាន​គ្នា​ជា​មិត្ត​វិញ​បាន​ដែរ មិន​បាច់​អី​ត្រូវ​ប្លុក​គ្នា​ចោល​នោះ​ទេ។ មាន​វិធី​ច្រើន​លើ Facebook ដែល​អាច​កំណត់​បាន បើ​មិន​ចង់​ឃើញ​គ្នា​​លើ​បណ្ដាញ​សង្គម​នេះ​ទៀត។

 

“ការ​បំភ្លេច​នរណា​ម្នាក់ មិន​ចាំ​បាច់​តែ​ត្រូវ​ប្លុក​គេ​ចោល​ទេ។ មាន​វិធី​ច្រើន​ណាស់ ដែល​អាច​បំភ្លេច​មនុស្ស​ម្នាក់​បាន ហើយ​ណាមួយ​នៅ​លើ Facebook បើ​មិន​ចង់​ឃើញ​មុខ​នរណា​ម្នាក់​ មាន​វិធី​ច្រើន​ដែរ​ដូច​ជា​ត្រឹម​តែ Unfriend អី​ទៅ​ក៏​បាន”។

 

អត្ថបទ៖ ប៉ែត ផាន់និត