មតិ​មនុស្សសម័យ​ថ្មី​និយម​ទិញ​ទំនិញ​អនឡាញ អ្នក​សង្ស័យ​នៅ​តែ​រក​តាម​ផ្សារ

មតិ​មនុស្សសម័យ​ថ្មី​និយម​ទិញ​ទំនិញ​អនឡាញ អ្នក​សង្ស័យ​នៅ​តែ​រក​តាម​ផ្សារ

១០ ទៅ ២០ ឆ្នាំ​មុន​បើ​គេ​ត្រូវការ​ទិញ​ទំនិញ​ប្រើប្រាស់ មាន​តែ​រក​នៅ​តាម​ផ្សារ​និង​ហាង​លក់​ទំនិញ​នានា​ដោយ​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ទៅ​មក​​​​និង​ត្រូវ​ដើរ​តត្រុក​ពី​តូប​មួយ​ទៅ​តូប​មួយ​ដើម្បី​ស្វែង​រក​ផលិតផល​តាម​តម្រូវការ ដែល​ពេល​ខ្លះ​ខាត​ទាំង​ពេល​ឥត​ប្រយោជន៍ដោយសារ​មិន​អាច​ទិញ​បាន​របស់​ដែល​ខ្លួន​ពេញ​ចិត្ត​។

 

 មតិ​មនុស្សសម័យ​ថ្មី​និយម​ទិញ​ទំនិញ​អនឡាញ អ្នក​សង្ស័យ​នៅ​តែ​រក​តាម​ផ្សារ

 

ប៉ុន្តែ​សម័យ​ថ្មី​​គេលែង​ចាំ​បាច់​ធ្វើ​តាម​ទម្លាប់​ចាស់​ដូច​មុន​ទៀត​ហើយ អង្គុយ​នៅ​តែ​ផ្ទះ​ក៏​គេ​អាច​ទិញ​ទំនិញ​​​បាន​យ៉ាង​ងាយ​ឬ​ដែល​គេ​ហៅ​ថា Online Shopping។

 

ការ​ទិញ​​ទំនិញ​​តាម​ Online អតិថិជន​មិន​ចាំ​បាច់​ចំណាយ​ពេល​ដើរ​ជ្រេ​តម្លៃ​ពី​តូប​មួយ​​ទៅ​តូប​មួយ​គួ​រ​ឲ្យ​ធុញទ្រាន់​​ ​និង​ត្រូវ​​ត​ថ្លៃ​​ជាមួយ​អ្នក​លក់​នាំ​ឲ្យ​ហត់​មាត់​។​ អតិថិជន​មាន​ការ​បាម្ភ​បំផុត​នៅ​ពេល​ដើរ​ទិញ​ទំនិញ ខ្លះ​ប៉ះ​អ្នក​លក់​​ដែល​​កាត់​ថ្លៃ​តាម​តែ​ចិត្ត​​នឹក​ឃើញ ធ្វើ​ឲ្យ​ពិបាក​ឲ្យ​តម្លៃ​សម​ស្រប​អាច​ទទួល​យក​បាន។

 

ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ និង​ការ​កើន​ឡើង​ចំនួន​​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​​របស់​ពលរដ្ឋ​កម្ពុជា​ជាកត្រា​​រុញច្រាន​ឲ្យ​មានការ​និន្នាការ​​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន​អាជីវកម្ម​លើ​អ៊ីនធឺណិត ដែល​កំពុង​រីក​ដូច​ផ្សិត។ មនុស្ស​សម័យ​ថ្មី​បាន​មើល​​ឥរិយាបថ​សម្រាប់​ការ​​ទិញ​តាម Online មិន​ត្រឹម​តែ​ងាយស្រួល​និង​ចំណេញ​ពេល​វេលា វារឹត​តែ​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ទាន់​សម័យ​ថែម​មួយ​កម្រិត​ទៀត។

 

ទោះ​បី​ជា​គេ​មើល​ឃើញ​ឥរិយាបថ​ផ្លាស់ប្តូរ​មួយ​ចំនួន​ ដែល​ពលរដ្ឋ​សម័យ​ថ្មី​ងាក​ទៅ​រក​ការ​ប្រើប្រាស់​សេវាកម្ម​ទិញ​​ទំនិញ​អនឡាញ​ តែ​ក៏មាន​ទស្សនៈ​​មិន​មាន​គាំទ្រ​ទាំង​ស្រុង​នោះ​ដែរ​។

 

​មតិ​​ខ្លះ​គិត​ថា ការ​ទិញ​ទំនិញ​តាម​ Online ​​​ពួកគេ​ទទួល​ស្គាល់​ថា​មាន​ភាព​ប្រសើរ​ជាង​មុន​តែ​មិន​ប្រាកដ​ថា​មាន​សុវត្ថិភាព​ ១០០%​ នោះ​ទេ។ មនុស្ស​ជា​ច្រើន​នៅ​តែ​មាន​ទស្សនៈ​ថា របស់​ទាល់​តែ​ទៅ​មើល​និង​ស្ទាប​ផ្ទាល់​ទើប​ដឹង​ច្បាស់​​និង​កាន់​តែ​ជឿជាក់។

 

ការ​ទៅ​មើល​ប៉ះ​ផ្ទាល់​ពួកគេ​អាច​ពិនិត្យ​ពិច័យ​បាន​ច្បាស់​លាស់​ និង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទោះ​បី​ល្អ ឬ​អាក្រក់។ ណាមួយ​មិន​បារម្ភ​ខ្លាច​ទិញ​ហើយ​មិន​សម ឬ​មិន​ល្អ​នាំ​ឲ្យ​មាន​ការ​សោកស្ដាយ និង​ខាត​បង់​ថវិកា​ចោល​ដោយ​ឥត​ប្រយោជន៍។ ចំណែក​មួយ​ចំនួន​ក៏​​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​​ភ័យ​ខ្លាច​តម្លៃ​អាច​ថ្លៃ​ជាង​ទំនិញ​ដែល​លក់​លើ​ទី​ផ្សារ។

 

ការ​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ Online Shopping អាច​ចាត់​ទុក​ថា​ជា​រឿង​ថ្មី​មួយ​សម្រាប់​ប្រជាជន​ខ្មែរ។ ទោះ​បី​គេ​មើល​ឃើញ​ថា​ការ​ទិញ​ទំនិញ​តាម​អនឡាញ​ប្រឈម​ហានិភ័យ​ខ្ពស់​ ប៉ុន្តែ​មធ្យោបាយ​មួយ​នេះ​ក៏​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ពី​​អ្នក​ដែល​មាន​មាន​ភាព​មមាញឹក​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ដកឃ្លា​មិន​រួច ​និង​យុវវ័យ​សម័យ​ថ្មី​មួយ​ចំនួន​៕

 

ប៊ុណ្ណារ៉ា