តួកគី បដិសេធ មិនដកទ័ព ចេញពីអ៊ីរ៉ាក់ឡើយ លុះត្រាណា ISIS ត្រូវបានកម្ចាត់សិន

អង់ការ៉ា៖ បើទោះបីជា មានការតវ៉ា ពីសំណាក់ប្រជាជន និង រដ្ឋាភិបាល អ៊ីរ៉ាក់ រហូតដល់ កើត ការដាក់ពាក្យ បណ្តឹង ទៅកាន់អង្គការ សហប្រជាជាតិ ក៏ដោយ ក៏រដ្ឋាភិបាលតួកគី បានចេញ មុខបញ្ជាក់ជាថ្មី ពីការប្តេជ្ញា របស់ ខ្លួន ថានឹងមិនដកទ័ពចេញពីទីក្រុង មូស៊ុល របស់ប្រទេស អ៊ីរ៉ាក់ នោះឡើយ ដរាបណា ពួក ISIS នៅក្នុងតំបន់ មិនទាន់កម្ចាត់ចេញអស់។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ ២០១៥ នេះទៀតថា ការអះអាងពីជំហរតួកគី ខាងលើនេះ ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី អាហ៍ម៉េត ដាវូតូគ្លូ នៅក្នុងសភាជាតិ របស់តួកគី កាលពីថ្ងៃទី២២ ខែធ្នូ ម្សិលមិញនេះ។ តួកគី បានព្យាយាមបក ស្រាយហើយ បកស្រាយទៀត ចំពោះមតិជាតិ និង អន្តរជាតិ ថាខ្លួនមិនបានធ្វើក្នុងន័យ ឈ្លានពាន អ៊ីរ៉ាក់ នោះទេ ក៏ប៉ុន្តែវាជាការជួយអ៊ីរ៉ាក់សុទ្ធសាធ។

គួរបញ្ជាក់ថា ប្រទេសតួកគី មួយរយៈនេះ បានទទួលរងនូវជម្លោះផ្នែកការទូតមួយចំនួនពី សំណាក់បណ្តាប្រទេស ដែលធ្លាប់ល្អូកល្អឺន ដូចជាការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ដែលនាំឲ្យចំណងការទូតប្រេះស្រាំ និងពេល ថ្មីៗនេះ ខ្លួនបានបញ្ជូនទ័ព ដោយចិត្តឯង ទៅ កាន់ទីក្រុងព្រំដែនមូស៊ុល របស់អ៊ីរ៉ាក់ ដោយគ្មានការអនុញ្ញាត ពីប្រទេសនេះជាមុនឡើយ៕

តួកគី បដិសេធ មិនដកទ័ព ចេញពីអ៊ីរ៉ាក់ឡើយ លុះត្រាណា ISIS ត្រូវបានកម្ចាត់សិន