កម្ពុជា​គាំទ្រ​លើ «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​-​វិ​ថី​មួយ​» របស់​ចិន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ការ​ដាក់​ចេញ​នូវ « គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​-​វិ​ថី​មួយ » ។ កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​នេះ នឹង​ចូលរួម​ចំណែក​ដល់​សន្តិភាព​ក្នុង​តំបន់ និង​ពិភពលោក ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ការ​ភ្ជាប់​ទំនាក់ទំនង វិបុលភាព​រួម​គ្នា និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​មួយ​ក្នុង​ពិធី​បើក​សន្និសីទ​ស្តី​ពី « គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​-​វិ​ថី​មួយ និង​ផល​ទាក់ទង​ចំពោះ​កម្ពុជា » កាលពី​ថ្ងៃ​ទី​២១ ធ្នូ កន្លង​ទៅ ដោយ​មាន​វត្តមាន​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី ។ ពិធី​នេះ​សហការ​រៀបចំ​ដោយ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

នៅ​ក្នុង​វេទិកា​នេះ​បាន​ប្រមូលផ្តុំ​ទៅ​ដោយ​បញ្ញវន្ត អ្នក​ស្រាវជ្រាវ បណ្ឌិត សាស្ត្រាចារ្យ និង​អ្នកជំនាញ​ជា​ច្រើន​រូប ដោយ​បាន​ជជែក​ពិភាក្សា ធ្វើ​បទ​បង្ហាញ​អំពី​ការ​ស្រាវជ្រាវ និង​ផ្លាស់​ប្តូរ​យោបល់​ទៅ​លើ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​-​វិ​ថី​មួយ ព្រមទាំង​ផល​ទាក់ទង​ចំពោះ​កម្ពុជា​ផង​ដែរ ។

វេទិកា​នេះ​នឹង​រួមចំណែក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដោយ​យល់​ទៅ​លើ​ការ​លើក​ស្ទួយ និង​វិភាគ​ដ៏​ស៊ីជម្រៅ​ឆ្ពោះទៅ​រក​ការ​អនុវត្ត​ឱ្យ​បាន​រលូន និង​ប្រកបដោយ​ផ្លែផ្កា​នូវ​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី Xi Jinping នៅ​ឆ្នាំ​២០១៣ ក៏​ដូច​ជា​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​នូវ​ទំនាក់​ទំនងជា​មិត្តភាព និង​សហប្រតិបត្តិការ​ល្អ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ។

ចំណុច​២​សំខាន់​ៗ​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​នេះ​រួម​មាន ៖
១-​គំនិត​ផ្តួចផ្តើម​ផ្លូវ​សូត្រ​ដែល​ជា​ផ្លូវ​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រជាជន​អាស៊ី អឺរ៉ុប និង​អា​ហ្រិ្វ​ក ។ ផ្លូវ​សូត្រ​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដ៏​សម្បើម​ដល់​ប្រទេស​ជា​ច្រើន ដែល​ចូលរួម​ក្នុង​គម្រោង​នេះ ហើយ​ក៏​បង្ហាញ​នូវ​និមិត្តរូប សន្តិភាព កិច្ច​សហប្រតិបត្តិការ ការ​ចូលរួម​ពី​ភាគី​ផ្សេង​ៗ ការ​រៀនសូត្រ និង​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​កិត្យានុភាព​រួម​។ ទំហំ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​សូត្រ​នេះ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​គ្របដណ្តប់​លើ​ផលិតផល​សរុប​ក្នុងស្រុក​របស់​ពិភពលោក​ប្រមាណ​ជា​៥៥​ភាគរយ ដែល​មាន​ប្រជាជន​ប្រមាណ​ជា​៧០​ភាគរយ​នៃ​ពិភពលោក ។

២-​ផ្តោត​ទៅ​លើ​ទំនាក់ទំនង​ល្អ កិច្ច​សហប្រតិបត្តិការ និង​មិត្តភាព​រវាង​កម្ពុជា​-​ចិន ដែល​ប្រទេស​ទាំង​ពីរ​នេះ​មាន​ប្រវត្តិ​ទំនាក់ទំនង​គ្នា​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ណាស់​មក​ហើយ បើ​ទោះបីជា​ប្រទេស​ទាំង​ពីរ​បង្កើត​ទំនាក់ទំនង​ការទូត​តាំងពី​៥៧​ឆ្នាំ​មុន​ក្តី ។ មរតក​ការទូត ដែល​បាន​ស្ថិតស្ថេរ និង​ផ្តល់​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មកនេះ ដោយសារ​តែ​មានការ​ជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​របស់​ចិន លោក Mao Zedong នាយក​រដ្ឋមន្ត្រី Zhou Enlai ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​មួយ​ចំនួន​ទៀត ជាមួយ​ព្រះ​បរម​រតន​កោ​ដ នរោត្តម សីហ​នុ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ចិន និង​កម្ពុជា នៅ​ពេល​ក្រោយមក​ទៀត ជា​ពិសេស លោក​ប្រធានាធិបតី Xi Jinping និង​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការ​បន្តវេន​មរតក​ការទូត​នេះ​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​កម្ពុជា​ចិន​មាន​ភាព​ប្រសើរ​ឡើង​មួយ​កម្រិត​ថែម​ទៀត និង​បាន​បង្កើត​ឱ្យ​មាននូវ​សហប្រតិបត្តិការ​ទ្វេភាគី ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​តាំងពី​ឆ្នាំ​២០១០ ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​សម្ដែង​នូវ​ការ​កោតសរសើរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ការ​ដាក់​ចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​នេះ ហើយ​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​ស៊ីជម្រៅ​នេះ​នឹង​ចូលរួម​ចំណែក​ដល់​សន្តិភាព​ក្នុង​តំបន់​និង​ពិភពលោក ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ការ​ភ្ជាប់​ទំនាក់ទំនង វិបុលភាព​រួម​គ្នា និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។

ដើម្បី​ត្រៀម​រៀបចំ​ខ្លួន​ឱ្យ​ល្អ​ស្រប​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សក្តានុពល​យ៉ាង​ធំ​សម្បើម​នេះ កម្ពុជា​ក៏​បាន​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ខ្លួន​ផង​ដែរ ។ នៅ​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​ជា​មធ្យម​៧,៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ហើយ​ត្រូវ​បាន​ធនាគារពិភពលោក​ចាត់​ទុក​ថា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៦ ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ក្នុង​ពិភពលោក ។

កំណើនសេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​៧,៤​ភាគរយ​នៅ​ឆ្នាំ​២០១៣ និង​៧​ភាគរយ​នៅ​ឆ្នាំ​២០១៤ និង​រំពឹង​ថា នឹង​ទទួល​បាន​កំណើន​ប្រមាណ​៧,៣​ភាគរយ​នៅ​ឆ្នាំ​២០១៥ និង​ប្រមាណ​៧,៥​ភាគរយ​នៅ​ឆ្នាំ​២០១៦ ។ សមិទ្ធផល​ទាំង​អស់នេះ​អាច​សម្រេច​បាន​ដោយសារ​តែ​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ សន្តិសុខ និង​ការ​បង្រួបបង្រួម​ជាតិ ដែល​បាន​មក​ពី​នយោបាយ​ឈ្នះ​ៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​នយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម ២០១៥-២០២៥ ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​បន្ថែម​ទៀត​លើ​ឧស្សាហកម្ម​វាយនភ័ណ្ឌ ទេសចរណ៍ និង​កសិកម្ម ហើយ​បាន​កំណត់​អាទិភាព​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ ។

ជា​ផ្នែក​មួយ​នៃ​ផែនការ​៥​ឆ្នាំ​របស់​ចិន ២០១៦ ដល់​២០២០ ចិន​ក៏​បាន​បង្កើត​ឱ្យ​មាន​ស្ថាប័នហិរញ្ញវត្ថុ​សំខាន់​ៗ​រួម​មាន ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​មូលនិធិ​ផ្លូវ​សូត្រ (SRF) ដើម្បី​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ ជា​ពិសេស ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ក៏​បាន​រួមចំណែក​ក្នុង​គម្រោង​ភ្ជាប់​អាស៊ាន​ផង​ដែរ ។ កម្ពុជា​ក៏​ដើរតួ​នាទី​ស្នូល​ផង​ដែរ​ក្នុង​ផ្លូវ​សូត្រ​ថ្មី​នេះ ហើយ​ការ​បង្កើត « គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ និង​ខ្សែក្រវាត់​មួយ » គឺ​គាប់​ជួន​ពេល​សមាហរណកម្ម​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ។

ខណៈ​ដែល​គម្រោង​នេះ​ផ្ដោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត ប្រទេស​ចិន​គួរតែ​គាំទ្រ​បន្ថែម​ទៀត​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​អាស៊ាន រួម​ទាំង​កម្ពុជា​ផង​ដែរ ជា​ពិសេស ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ ដូច​ជា ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​ផ្ទេរ​បច្ចេកវិទ្យា ក៏​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ ដើម្បី​ជំរុញ​ការ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ដើម្បី​ឱ្យ​ពួក​គេ​អាច​ទាញ​យកចំណេញ​បាន​ទាំងស្រុង​ពី​គម្រោង ។

ម្យ៉ាងទៀត ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​នៅ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ មាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​យូរណាស់​មក​ហើយ​ជាមួយ​ប្រទេស​ចិន ហើយ​ពួក​យើង​ទទួល​បាន​ផលប្រយោជន៍​រួម​គ្នា​ពី​ទន្លេ​នេះ ក៏​ដូច​ជា​មាន​ប្រវត្តិសាស្ត្រ សន្តិភាព សន្តិសុខ ស្ថិរភាព ជីវភាព​រស់នៅ និង​ជោគវាសនា​រួម​គ្នា​ផង​ដែរ​។ ជាក់ស្ដែង ធនធាន​ធម្ម​ជាតិ និង​វប្បធម៌​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​តាម​ដង​ទន្លេ ផ្ដល់​នូវ​តម្លៃ​រួម និង​ឱកាស​ដ៏​ប្រសើរ​សម្រាប់​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន កិច្ច​សហប្រតិបត្តិការ និង​ការ​ផ្លាស់​ប្ដូរ​វប្បធម៌ ដែល​អាច​រួម​បញ្ចូល និង​លើកកម្ពស់​បាន​ដោយ​គំនិត​ផ្ដួចផ្ដើម​នេះ​។ ដោយសារ​កត្តា​ទាំងនេះ ប្រទេស​ចិន​គួរតែ​យក​ការ​អភិវឌ្ឍ​អាង​ទន្លេមេគង្គ​ជា​អាទិភាព​នៅ​ក្នុង​គំនិត​ផ្ដួចផ្ដើម​នេះ​ដើម្បី​ការ​អភិវឌ្ឍ និង​វិបុលភាព​រួម​គ្នា ៕