កម្ពុជានឹងចំណាយទុន ជាង៦ពាន់លានដុល្លារ ទិញហ៊ុន៦២៣ ពីធនាគារវិនិយោគ ហេដ្ឋចរនាសម្ព័ន្ធអាស៊ី

ភ្នំពេញ ៖ នៅពេលដែលរដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ច ព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ី កម្ពុជាគ្រោងនឹង ទិញភាគហ៊ុនចំនួន៦២៣ភាគហ៊ុនស្មើនឹង០,០៦៣៥% នៃដើមទុនសរុប ដែលមានតម្លៃ ៦២,៣០លានដុល្លារអាមេរិក ។

បើតាមអះអាងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើង ក្នុងកិច្ចពិភាក្សាជាមួយគណៈកម្មការជំនាញរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ីកាលពីពេលថ្មីៗ នៅវិមានរដ្ឋសភា ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឲ្យកម្ពុជា ក្នុងរយៈពេលមធ្យម និងវែងនូវប្រភពហិរញ្ញប្បទានថ្មី ពីប្រភពដៃគូរអភិវឌ្ឍន៍នានា ផ្នែកធនាគារដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទាន លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យបង្កើត ផលិតភាពសេដ្ឋកិច្ច ដែលឆ្លើយតបទាំងស្រុងចំពោះតម្រូវការជាអាទិភាព ក្នុងបរិការណ៍ នៃការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គ មកម្ពុជា។

លោកបន្តថា ដោយមើលឃើញពីសារៈសំខាន់ នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ ថា AIIB ( Asian Infrastructure Investment Bank ) ចំពោះកម្ពុជា រាជរដ្ឋាភិបាលបានសម្រេច នឹងដាក់ ទុនក្នុងកម្រិតប្រហាក់ប្រហែល នឹងទុន ដែលបានដាក់ក្នុងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីឲ្យ សំឡេងកម្ពុជា មានទំងន់គ្រប់គ្រាន់សម្រាប់ការពារផលប្រយោជន៍របស់ខ្លួន ឲ្យបានជាអតិបរមាក្នុងធនាគារ AIIB។

តាមកិច្ចព្រមព្រៀង កម្ពុជាត្រូវបង់ដើមទុនដំបូង ១២,៤៦លានដុល្លារអាមេរិក ជា១០ដំណាក់កាល ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដែលក្នុង១ឆ្នាំត្រូវបង់ចំនួន ១,២៤៦,០០០ដុល្លារអាមេរិក។

លោកអូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ដែរថា« កិច្ចព្រមព្រៀងនេះមាន ១១ជំពូក ចែកចេញជា ៦០មាត្រាហើយបន្ទាប់ពី ការពិភាក្សាគ្នារួចមក គណៈកម្មការជំនាញនៃរដ្ឋសភា ក៏បានឯកភាពជាមួយតំណាងរាជរដ្ឋាភិបាល ដោយរក្សាទុកខ្លឹមសារនៃសេចក្តីព្រាងច្បាប់ នេះនៅដដែល ។

ចំណែកលោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានមានប្រសាសន៍ថា នឹងបញ្ជូនសេចក្ដីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បី សម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ធ្វើការពិភាក្សានិងអនុម័តនាពេលខាងមុខ៕