ស្ថានភាព​នៅ​តំបន់​រោងចក្រ​ក្រុង​បាវិត​វិល​រក​ភាព​ស្ងប់ស្ងាត់​បន្ទាប់​ពី​មាន​ការ​ចរចា

នៅ​ថ្ងៃ​ទី​២៣ ធ្នូ ស្ថានភាព​តវ៉ា​របស់​កម្មករ​នៅ​ក្រុង​បាវិត បាន​វិល​រក​ភាព​ស្ងប់​ស្ងាត់​វិញ​ហើយ បន្ទាប់​ពី​អាជ្ញាធរ ភាគី​ក្រុមហ៊ុន​រោងចក្រ និង​សហ​ជីព​តំណាង​កម្មករ ប្រជុំ​ស្វែងរក​ដំណោះ​ស្រាយ​បញ្ឈប់​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​របស់​កម្មករ។

ប៉ុន្តែ​សន្តិសុខ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ក្រុង​បាវិត​ទាំង​៤​នោះ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​បារាស​យ៉ាង​តឹង​រឹង មិន​ឲ្យ​កម្មករ​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ទាំង​នោះ​ឡើយ ដោយ​ភាគី​ក្រុមហ៊ុន និង​រោងចក្រ​សម្រេច​ឲ្យ​កម្មករ​ទាំងអស់​បាន​ឈប់​សម្រាក​ចំនួន​២​ថ្ងៃ ដើម្បី​ឲ្យ​កម្មករ​រម្ងាប់ចិត្ត និង​ទុក​ពេល​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ។

ចំណែក​កម្មករ​៤​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ នឹង​អាច​បាន​នៅ​ក្រៅ​បណ្ដោះអាសន្ន​នៅ​ពេល​ខាង​មុន បើ​យោង​តាម​ការ​អះអាង​របស់​អាជ្ញាធរ បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​តំណាង​សហជីព​កម្មករ​ស្នើ​ឲ្យ​តុលាការ​ដោះលែង​កម្មករ​ទាំង​៤​នាក់​នេះ។

កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន(Manhattan) តាយសេង (Tai Seng) ក្នុង​ក្រុង​បាវិត បាន​ចេញ​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​១៦ ធ្នូ ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល ២០​ដុល្លារ​បន្ថែម និង​រហូត​ដល់​មាន​ការ​ចាប់​កម្មករ​៤​នាក់ ដាក់​ពន្ធនាគារ។ ហើយ​កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ការ​តវ៉ា​បាន​ផ្ទុះ​កាន់​តែ​ធំ​ឡើង ឈាន​ដល់​ប្រើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​វិញ រវាង​សមត្ថកិច្ច និង​កម្មករ និង​បណ្ដាល​ឲ្យ​សមត្ថកិច្ច​៣​នាក់​រង​របួស និង​ខូច​ឡាន​បាញ់​ទឹក​មួយ​គ្រឿង ដោយសារ​កម្មករ​គប់​ដុំ​ថ្ម និង​ដប​ទឹក​សុទ្ធ ខណៈ​ដែល​កម្មករ​មួយ​ចំនួន ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ និង​គប់​ដុំ​ថ្ម​ត្រូវ​វិញ​ដែរ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។