សម្តេច​ហ៊ុនសែន​៖ កម្ពុជា កំពុងមាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​

ភ្នំពេញ: ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ថា នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ មិនមាន​វិបត្តិ​អ្វី​ទេ​។ ផ្ទុយទៅវិញ កម្ពុជា កំពុងមាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​។​

​ក្នុង​ពិធី​ប្រកាស​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទំនប់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ នៅ​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាសថា កម្ពុជា សព្វថ្ងៃនេះ កំពុងមាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​។ កម្ពុជា មិនមាន​វិបត្តិ​អ្វី​ទេ​។ អ្នក​ដែល​ចាត់ទុកថា កម្ពុ​ជាមាន​វិបត្តិ​នោះ គឺជា​វិបត្តិ​ផ្ទាល់ខ្លួន​។ តែ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ កំពុងតែ​សប្បាយរីករាយ និង​ការអភិវឌ្ឍន៍ ដោយ​សម្ពោធ​សមិទ្ធផល​នានា​។​

​ដោយ​បញ្ជាក់​ពីសារ​នយោបាយ​ខ្លី មុន​បញ្ចប់​សន្ទរកថា សម្តេច​តេ​ជោ ហ៊ុនសែន បន្តថា អ្នក​ថា មាន​វិបត្តិ ជា​រឿង​របស់​បុគ្គល​ម្នាក់​ពីរ​នាក់​។ រីឯ​អ្នក​ជាប់គុក ដោយសារតែ​ជា​អ្នកប្រព្រឹត្តិ​ខុសច្បាប់ ដូច្នេះ​ត្រូវតែ​ជាប់គុក​។

សេចក្តីប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ខាងលើនេះ បានធ្វើឡើង បន្ទាប់ពី​លោកសមរង្ស៊ី ប្រធានគណបក្ស​សង្គ្រោះ​ជាតិ កំពុងស្ថិតនៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួន ក្នុងសំណុំរឿងក្តី​នៅ​តុលាការ​។​ លោកសមរង្ស៊ី ក៏ត្រូវបាន​រដ្ឋសភា លុបឈ្មោះចេញពីតំណាង​រាស្ត្រ កាល​ពី​ខែវិច្ឆិកា ក្រោយ​ពី​រដ្ឋសភា បាន​បោះ​ឆ្នោត​ទម្លាក់​​លោក​កឹម​សុខា​ អនុប្រធាន​គណបក្សសង្គ្រោះជាតិ ចេញពីតំណែង​អនុប្រធានទី១ រដ្ឋសភា​ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥៕