រថយន្ត​២​គ្រឿង​បុក​គ្នា​​​​ខ្ទាតទៅ​ប៉ះ​​រថយន្ត​​មួយ​គ្រឿង​ទៀត​ រង​​របួសធ្ងន់​ម្នាក់

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​​រង​របួសធ្ងន់​ ត្រូវ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​បើករថយន្ត​លឿន​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​​​​ពេញទំហឹង​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​បែន​ចត​ស្ងៀម​មួយ​គ្រឿង​ទៀត បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ នៅ​ក្បែរ​តង់​ចល័ត​ក្នុង​បរិវេណ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្ត​បង្ក​ម៉ាក​កាម​រី​ហា​យ​ប្រី​ដ ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណរង​របួសធ្ងន់ ចំណែកឯ​រថយន្ត​រង​គ្រោះ​ម៉ាក​ឡង់​គ្រី​ស្ស័​រ ស៊េរី​ឆ្នាំ​១៩៩៣ ពណ៌​សម្បក​​ឪឡឹក ពាក់​ស្លាក​លេខសៀមរាប 2A-4842  និង​រថយន្ត​បែន ​ពណ៌​ស​ ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ ។

បើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​រថយន្ត​បង្ក​ចេញពី​ហូប​ការ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ មុខ​តង់​ចល័ត​កោះ​ពេជ្រ​​ក៏​ជ្រុល​ចង្កួត​​ទៅ​បុក​​រថយន្ត​មួយ​គ្រឿង​​​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា បណ្តាលឱ្យ​​រថយន្ត​រង​គ្រោះ​ជាប់​លេខ​រ៉ឺ​យ៉ែ​ថយក្រោយ ​បើក​ថយក្រោយ​ប្រមាណ​ជា​១០០​ម៉ែត្រ ទៅ​ប៉ះ​​នឹង​​រថយន្ត​បែន​កង់​១០​មួយ​គ្រឿង​​​​ទៀត​ ដែល​​ចត​​ទុក​នៅ​ក្នុង​ការដ្ឋាន​ក្បែរ​នោះ​ហើយ​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​ទៀត​ បាន​បន្ត​ទៅ​បុក​​​គំនរ​ដែក​ដែល​គេ​គរ​ចោល​នៅ​ក្បែរ​នោះ​ជាប់​គាំង​ទៅ​ទៀត​លែងរួច កុំ​អី​ធ្លាក់​ចូល​ទឹកទន្លេ​បាត់​ទៅ​ហើយ ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បណ្តាល​ឲ្យ​រថយន្ត​បង្ក​ និង​រថយន្ត​រង​គ្រោះ​ទាំង​២​គ្រឿង ខូចខាត​មួយ​កំណាត់​មុខ​ទាំងស្រុង​ដូច​គ្នា ​ឯ​អ្នក​បើករថយន្ត​បង្ក​រង​របួសធ្ងន់​បាក់ ជើង ​ត្រូវ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​ចំណែក​អ្នក​បើក​បរ​រថយន្ត​រង​គ្រោះ​មិន​មាន​រង​របួសនោះទេ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​ទាំង​២​គ្រឿង ​ត្រូវ​បាន​សម្ថ​កិច្ច​ស្ទួ​ច​យក​ទៅ​រក្សា​​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​ចូលខ្លួន​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕