វិចារណកថាៈ មានបញ្ហាកើតឡើង កាន់តែច្រើន នៅក្នុងសង្គម

 ប្រជាពលរដ្ឋទូទៅមាន សេចក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាផ្សេងៗ ដែលកើតឡើង នៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ន ហើយបញ្ហាទាំងនោះនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត សម្រាប់មនុស្ស គ្រប់មជ្ឈដ្ឋាន។ ចំណុចគួរឲ្យកត់សម្គាល់មួយរយៈពេលចុងក្រោយនេះ គឺសីលធម៌សង្គម ហាក់ដូចជាមានការធ្លាក់ចុះយ៉ាង គំហុក ហើយអំពើហិង្សា គំនុំ និងការកាប់សម្លាប់គ្នាចេះ តែកើនឡើងឥត ឈប់ឈរ។ បញ្ហានេះ តម្រូវឲ្យមន្ត្រីអាជ្ញាធរ សមត្ថកិច្ច ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធគិតគូរឡើងវិញ ចំពោះការពង្រឹងសីលធម៌សង្គម ដើម្បីកុំឲ្យអំពើហិង្សា និងករណីកាប់សម្លាប់គ្នារាលដាល កាន់តែខ្លាំង ថែមទៀត។ ក្នុងនោះការលុបបំបាត់បទល្មើសផ្សេងៗ ដូចជាគ្រឿងញៀន អំពើចោរកម្ម និងល្បែងស៊ីសង គ្រប់ទីកន្លែង គឺជាកត្តាសំខាន់បំផុតដើម្បីរក្សាភាពសុខសាន្តនៅក្នុងសង្គមជាតិ។

 សូមបញ្ជាក់ថា នៅក្នុងសង្គមខ្មែរនាពេលកន្លងមក ប្រជាពលរដ្ឋទូទៅមានសីលធម៌រស់នៅខ្ពង់ខ្ពស់ថ្លៃថ្នូរ កូនចៅគោរព ប្រណិប័តន៍ ឪពុកម្តាយ មាមីង ជីដូនជីតាយ៉ាងខ្ជាប់ខ្ជូនមិន ដែលហ៊ានប្រព្រឹត្តខុសឆ្គង ដោយ ប្រការណាមួយឡើយ។ សូម្បីតែក្មេងៗក្នុងភូមិ ក៏គោរពមនុស្សចាស់ទុំក្នុងភូមិដោយដោះមួក ឬឱនគោរព ពេលជួបតាមដងផ្លូវ ហើយពោលពាក្យ ទន់ភ្លន់សួរសុខទុក្ខជាការគួរសម។ ប៉ុន្តែសព្វថ្ងៃនេះ ករណីកូនវាយ សម្លាប់ឪពុកម្តាយ កាប់សម្លាប់ឪពុកម្តាយបានកើត ឡើងគួរឲ្យភ័យខ្លាច ហើយមូលហេតុសំខាន់ គឺបណ្តាល មកពីគ្រឿងស្រវឹង និងគ្រឿងញៀន ដែលរាលដាលឥតឈប់ឈរ។ អាចនិយាយបានថា គ្រឿងស្រវឹង និង គ្រឿងញៀន គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញឲ្យសីលធម៌រស់នៅ ក្នុងសង្គមខ្មែរ ធ្លាក់ចុះយ៉ាងគំហុក និងបង្កើត ជាវិបត្តិសង្គមគួរឲ្យព្រួយបារម្ភ។ មិនតែប៉ុណ្ណោះករណីអំពើឃាតកម្ម ដោយសារតែគំនុំតិច តួចក៏កំពុង តែកើត ឡើងយ៉ាងពេញបន្ទុកដែរ ធ្វើឲ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិត ហើយអ្នកឈ្នះត្រូវជាប់ឃុំក្នុង ពន្ធនាគារ។

 តាមសង្កេតជាក់ស្តែង មួយរយៈពេលចុងក្រោយនេះ ករណីបុរសចំណាស់ៗចាប់រំលោភ ឬបៀតបៀនកេរ្តិ៍ខ្មាស កុមារីតូចៗ អាយុពី ៦ ទៅ១៤ឆ្នាំ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដូចដែលគេហទំព័រ និងសារព័ត៌មាននានា បានចុះផ្សាយ ជាសាធារណៈរួចទៅហើយ។ ករណីបែបនេះ បង្ហាញឲ្យឃើញថា សីលធម៌ក្នុងសង្គមខ្មែរ កំពុងតែធ្លាក់ចុះ ព្រោះបុរស ចំណាស់ៗ ដែលមានវ័យចន្លោះពី ៦០ ទៅ៧៥ឆ្នាំ បានចាប់រំលោភចៅខ្លួនឯង ឬកុមារីតូចៗក្នុងភូមិ ដោយភ្លេចគិតពីបាប បុណ្យ ធ្លាក់នរក។ ប្រការនេះ ជារឿងដែលមិនគួរកើតឡើង ទាល់តែសោះ នៅក្នុងសង្គមខ្មែរដែលធ្លាប់តែមាន ប្រពៃណី ល្អផូរផង់ និងមានការប្រាស្រ័យទាក់ទងគ្នា ប្រកបដោយមេត្តាធម៌ និងគុណធម៌ ។ នៅពេលដែលសីលធម៌សង្គម ធ្លាក់ចុះបែបនេះ បទល្មើសផ្សេងៗកាន់តែកើនឡើង ហើយនាំឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រពៃណីទំនៀមទម្លាប់ និងការយោគ យល់គ្នា ជួយគ្នានៅក្នុងសង្គមដែលប្រជាពលរដ្ឋទូទៅត្រូវការភាពសុខសាន្ត។

 រឿងឲ្យភ័យខ្លាចបំផុតនោះ គឺមួយរយៈពេលចុងក្រោយនេះ អំពើប្លន់ប្រដាប់អាវុធ បានកើតឡើងជាបន្តបន្ទាប់ ហើយមនុស្ស ជាច្រើននាក់ ត្រូវស្លាប់បាត់បង់ជីវិត និងរងរបួសគួរឲ្យអាណិតអាសូរ។ ក្រុមចោរប្លន់ប្រដាប់អាវុធ មានភាពកាន់តែសាហាវ ក្នុងការបាញ់សម្លាប់មនុស្ស ដើម្បីយកមាសប្រាក់ ទ្រព្យសម្បត្តិ ដោយមិនបានឲ្យតម្លៃ អាយុជីវិតមនុស្សដូចគ្នាបន្តិច ណាឡើយ។ ដូច្នេះនៅពេលដែលសមត្ថកិច្ចចាប់ខ្លួនពួកគេបាន គឺតុលាការគួរ តែផ្តន្ទាទោសពួកចោរឲ្យសមទៅនឹង បទឧក្រិដ្ឋដែលពួកគេប្រព្រឹត្ត ហើយត្រូវវែកមុខក្រុមចោរ ទាំងអស់យក ទៅដាក់ទោស ឲ្យខាងតែបាន។ ជាក់ស្តែងករណី ប្លន់ប្រដាប់អាវុធជាបន្តបន្ទាប់ នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កណ្តាល កំពង់ស្ពឺ កំពត និងរាជធានីភ្នំពេញ នាពេលកន្លង មកថ្មីៗនេះ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង ចំពោះសន្តិសុខសង្គម និងសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសអាជីវករ លក់មាស ប្តូរប្រាក់ គឺជាជនដែលងាយ រងគ្រោះជាងគេ ដោយសារករណីប្លន់ប្រដាប់អាវុញ។

 មជ្ឈដ្ឋាននានា បានលើកឡើងថា នៅក្នុងសង្គមខ្មែរបច្ចុប្បន្នមានបញ្ហាកើតឡើងកាន់តែច្រើន ដូចជាអំពើ ប្លន់ប្រដាប់អាវុញ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ជម្លោះដីធ្លី និងករណីមន្ត្រីជាន់ខ្ពស់ អ្នកមានអំណាច មិនគោរពច្បាប់ជាដើម។ បញ្ហាសង្គមភាគច្រើនកើតឡើងដោយសារ គ្រឿងញៀន គ្រឿងស្រវឹង និងល្បែស៊ីសង ដែលកើតឡើងយ៉ាងរាល ដាលទាំង នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ហើយសីលធម៌សង្គមកាន់ តែធ្លាក់ចុះទាបទៅៗគួរឲ្យព្រួយ បារម្ភបំផុត។ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញចំពោះបញ្ហា ដែលកើតឡើងក្នុងសង្គមនាពេលបច្ចុប្បន្ន ជាពិសេសមូល ហេតុដែលធ្វើឲ្យកើតមានបទល្មើសផ្សេងៗ នាំឲ្យប៉ះ ពាល់សន្តិសុខសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋខ្មែរទូទៅត្រូវ រំលឹកដល់អតីតកាល ដែលជនជាតិខ្មែរមានសីលធម៌រស់នៅខ្ពង់ខ្ពស់ថ្លៃថ្នូរ ចេះអធ្យាស្រ័យគ្នា យោគយល់គ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងនូវការយករឿងគំនុំមកកាប់សម្លាប់គ្នា ដោយខ្វះការពិចារណា។ ដើម្បីភាពសុខសាន្តក្នុងសង្គម គឺការលុបបំបាត់បទល្មើសផ្សេងៗ និងការពង្រឹងសីល ធម៌សង្គមឡើងវិញ គឺជាកត្តាសំខាន់បំផុតសម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ន៕