ប៉េ​អឹ​ម​ក្រុង​ប៉ោយ​ប៉ែ​ត​វាយ​ខ្នោះ​បុរស​ម្នាក់​ក្នុង​សង្វៀន​បញ្ជល់មាន់​ដោយ​មិនដឹង​មូលហេតុ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​ប៉េ​អឹ​ម​ក្រុង​ប៉ោយ​ប៉ែ​ត ចាប់​វាយ​ខ្នោះ​នៅ​ក្នុង​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ ស្ថិត​នៅ​ខាងកើត​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃ​ទី​២២ ធ្នូ  ២០១៥ ក្នុងភូមិ​ប៉ោយ​ប៉ែ​ត និង​សង្កាត់​ប៉ោយ​ប៉ែ​ត ដោយ​ពុំ​ដឹង​ពី​មូលហេតុ ។

បើ​តាម​ប្រភព​ខ្លះ​បង្ហើប​ថា ហេតុការណ៍​នេះ​កើតឡើង​ពី​រឿង​កាច់​ល្បែង​ឈ្លោះ​គ្នា ។ នៅ​កន្លែង​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​បាន​យក​រថយន្ត​ស៊ី​រ៉ែ​ន​១​គ្រឿង ទៅ​ចត​ក្បែរ​ទ្វារ​ចេញ​ផ្នែក​ខាងក្រោយ​នៃ​សង្វៀន​បញ្ជល់មាន់​នោះ បន្ទាប់​មក សមត្ថកិច្ច​ក្រៀក​បុរស​ដែល​វាយ​ខ្នោះ​នោះ យក​ចូល​រថយន្ត​យ៉ាង​ប្រញាប់ប្រញាល់ ។ ចំណែក​ក្រុម​អ្នក​ញៀន​ល្បែង​មួយ​ចំនួន ដែល​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​សង្វៀន បាន​រារាំង​ការ​ប្រមាញ់​យក​រូបភាព​របស់​ភ្នាក់ងារ​កោះសន្តិភាព ដោយ​ខ្លះ​ចាប់​កាបូប ខ្លះ​ដើរ​ពាំង​ពីមុខ
ដរាបណា សមត្ថកិច្ច​ដឹក​ជនសង្ស័យ​ចេញ​ទៅ​បាត់ ទើប​ក្រុម​នោះ​ឈប់​រារាំង ។

បុគ្គល​ម្នាក់​ដែល​មក​រារាំង​មិន​ឱ្យ​យក​ព័ត៌មាន​ប្រាប់​ថា ករណី​ខាងលើ គឺ​សមត្ថកិច្ច​ចូល​ទៅ​ឃាត់ខ្លួន​មនុស្ស​ស្រវឹងស្រា មិនមែន​ករណី​ផ្សេង​ឡើយ ។ មនុស្ស​ផ្អើល​ឈុ​ល ភាគច្រើន​អ្នក​ចេញពី​វង់ល្បែង​នោះ ។ ប្រភព​លើក​ឡើង​ខុស​គ្នា​ថា អាច​មក​ពី​កាច់​លុយ​ចាក់​ល្បែង​លើ​កំរាល ទើប​ឈ្លោះ​គ្នា ។

យ៉ាងណា​ក៏​ដោយ ជុំវិញ​ការ​វាយ​ខ្នោះ​បុរស​ម្នាក់​ខាងលើ លោក​ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា​លោក​មិន​ទាន់​បាន​ទទួល​សេចក្តីរាយការណ៍​ពី​កម្លាំង​ក្រោម​ឱវាទ​នៅឡើយ​ទេ ។ គួរ​បញ្ជាក់​ថា សង្វៀន​បញ្ជល់មាន់ ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​ឡាក់​គី​ខាងលើ​នេះ បច្ចុប្បន្ន​ចំនួន​អ្នក​ញៀន​ល្បែង កើត​មាន​កាន់តែ​ច្រើន​ឡើង​ៗ ខ្មែរ​ចូល​លេង​ដូច​ហែ​កឋិន​អ៊ីចឹង
បើ​ទោះជា​មួយ​រយៈ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​កំពុង​ព្រួយបារម្ភ​អំពី​អំពើ​ប្លន់ ដែល​កើត​មាន​តាម​ខេត្ត​-​ក្រុង​មួយ​ចំនួន​ក៏​ដោយ​។