​ស្ងាត់​​ពុល​ស្រា បន្ទាប់​ពី​​​ទីតាំង​ផលិត​ និង​ចែក​ចាយ​ជិត​១​ពាន់​កន្លែងត្រូវ​ផ្អាក​ដំណើរ​ការ

ខេត្តក្រចេះ ​៖ ករណីពុល​ស្រា​ និង​សាច់​សត្វ​ឆ្កែ​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​រង​គ្រោះ​​ បាន​កើត​មាន​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្តា​ភូមិ​-​ឃុំ​-​ស្រុក​ក្នុង​ខេត្តក្រចេះ ​ត្រូវ​បាន​ស្ងប់ស្ងាត់​វិញ​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មានថ្ងៃ​ចុង​ក្រោយ​នេះ​ ខណៈ​ពេល​ដែល​តៀម​លក់​ស្រា​ទាំង​ចំនួន​ជាង​១៤០០​ នៅ​ទូ​ទាំង​ខេត្ត​ក៏​ត្រូវ​ផ្អាក​ការ​លក់ មិនតែប៉ុណ្ណោះ​ក៏​មាន​ទីតាំង​ផលិត​ និង​ចែកចាយ​​ចំនួន​ជិត​១​ពាន់​កន្លែងទៀតក៏​ត្រូវ​អាជ្ញាធរ​ឲ្យ​ផ្អាកដំណើរ​ការ​បណ្តោះអាសន្ន​ទាំងស្រុង​ដែរ។

បាតុភាព​នៃ​ការ​ពុល​ស្លាប់​ត្រូវ​បាន​គេ​ឃើញ​ថា បាន​ផ្ទុះ​ចេញ​យ៉ាង​គំហុក​ក្នុង​ខេត្តក្រចេះក្នុងអំឡុងពេល​មួយ​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១៥​នេះ ​ដោយ​ក្នុង​នោះ​បាន​បង្ក​ឲ្យ​អ្នកភូមិ​ប្រុស​-​ស្រី​យ៉ាងតិច​២០​នាក់​ត្រូវ​បាន​ពុល​ស្លាប់ និង​ជិត​២​រយ​នាក់​ត្រូវ​រង​គ្រោះ​ គឺ​ផ្តើមចេញ​ដោយសារ​តែ​ពុល​ស្រា និង​ពុល​សាច់​ឆ្កែ​។

ទាក់​ទិន​នឹង​​ការ​ពុល​នេះ បើ​យោង​តាម​របាយការណ៍​របស់​សាលាខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ពី​ដើមខែ​ធ្នូ រហូត​មក​ទល់​នឹង​ពាក់កណ្តាលខែធ្នូ ២០១៥ ការ​ពុល​សាច់សត្វ​ឆ្កែ និង​ពុល​ស្រា​.​ស បាន​បង្ក​ឲ្យ​មាន​មនុស្ស​យ៉ាងតិច​២០​នាក់ ក្នុង​នោះ ស្រី​១៣​នាក់ បាន​ស្លាប់​ និង​ក៏​មាន​មនុស្ស​ចំនួន​១៦១​នាក់ ស្រី​៥០​នាក់ បាន​រង​គ្រោះ​ធ្ងន់ និង​ស្រាល ដោយ​ការ​ពុល​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ជន​រង​គ្រោះ​ប្រុស​-​ស្រី​ទាំងនេះ រួម​មាន នៅ​ស្រុកស្នួល ​ឃុំ​ចំនួន​៣​​ គឺ​ឃុំ​ស្នួល ឃុំ​ឃ្សឹ​ម និង​ឃុំ​២​ធ្នូ ដែល​រង​នូ​ការ​ពុល​សាច់សត្វ​ឆ្កែ និង​ពុល​ស្រា​បង្ក​ឲ្យ​ស្លាប់​ចំនួន​១៥​នាក់​ ស្រី​៦​នាក់​ និង​រង​គ្រោះ​ចំនួន​១១៧​នាក់ ​ស្រី​៣៤​នាក់​ និង​កើត​មាននៅ​ស្រុក​ចិត្របុរី មាន​ចំនួន​២​ឃុំ គឺ​ឃុំ​សំបុក និង​ឃុំ​បុស​លាវ ក្នុង​នោះ​បាន​បង្កឲ្យ​មាន​មនុស្ស​ចំនួន​៥​នាក់​បាន​ពុល​ស្លាប់ ​ស្រី​២​នាក់​ និង​រង​គ្រោះ​ចំនួន​៥២​នាក់ ​ស្រី​១១​នាក់​។

ក្រោយ​ពី​មាន​ហេតុការណ៍​អញ​នក​ភូមិ​ប្រុស​-​ស្រី បាន​ស្លាប់​ជា​បន្តបន្ទាប់​ អភិបាលខេត្ត​ស្តីទី​លោក​ហឿ ស៊ី​យ៉ែ​ម បាន​ដឹកនាំ​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាពខេត្ត​ដើម្បី​មាន​វិធានការ​តឹង​រ៉ឹង​ទប់ស្កាត់​កុំ​ឲ្យ​មានការ​រីក​រាលដាល​។

បើ​យោង​តាម​របាយការណ៍​របស់​សាលាខេត្ត​ក្រចេះ​ចេញ​នៅ​ថ្ងៃ​ទី​២៣ ​ធ្នូ នេះ បាន​បង្ហាញ​ថា ក្នុង​វិធានការ​ក្តៅ​គ​គុ​គ​របស់​មន្ត្រី​នៃ​មន្ទីរ​ជំនាញក្រោម​ការ​សម្របសម្រួលពី​ស្ថាប័ន​អយ្យការ​ខេត្ត​ អាជ្ញាធរ​ខេត្តសម្រេច​ចុះ​បិទ​ទីតាំង​ផលិត​ស្រា​.​ស ទប់ស្កាត់​ការចែកចាយ​ និង​ផ្អាក​ការ​ដាក់​លក់​ស្រា​នៅ​តាម​តូប​លក់រាយជា​បណ្តោះអាសន្ន​នៅទូ​ទាំង​ខេត្ត ដែល​សុ​ទ្ធ​សឹង​គ្មាន​ច្បាប់​អនុញ្ញាត ​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព អាយុជីវិត ប្រជាពលរដ្ឋ​៕