អាណាចក្របៃតង ឡើងទៅជួបក្រុមវ៉ិចតូរី វគ្គផ្តាច់ព្រ័ត្រ

នៅ​ទី​បំផុត ការ​ប្រកួត​ពាន​រង្វាន់ បាល់ទាត់ Soccer League 2015 ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រក​ឃើញ​ក្រុម​ខ្លាំង ដែល​ត្រូវ​ឡើង​ទៅ​ជួប​គ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ គឺ​ក្រុម​អាណាចក្រ​បៃតង និង​ក្រុម​វ៉ិចតូរីអេហ្វស៊ី។

ការ​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ​របស់​ក្រុម​អាណាចក្រ​បៃ​តង បាន​កើត​មាន​ឡើង កាល​ពី​ថ្ងៃអង្គារ ម្សិល​មិញ ខណៈ​ពួក​គេ​បាន​យក​ឈ្នះ​លើ​ក្រុម​​ សម្ព័ន្ធគណៈកម្មការ សម្របសម្រួល សនិស្សិតបញ្ញាវ័ន្តកម្ពុជា (គ.ស.ន.ប.ក) ៩-៨ ក្នុងការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​នៅ​ពហុកីឡដ្ឋាន​ជាតិ​នោះ ខណៈ​ក្រុម​វ៉ិចតូរី បាន​យក​ឈ្នះក្រុម​​យុវជន​ក១២ ក្នុង​លទ្ធ​ផល ២-០ កាល​ពី​ថ្ងៃ​ចន្ទ។
a
ជាមួយ​លទ្ធ​ផល​នេះ ក្រុម​អាណាចក្រ​បៃ​តង និង​ក្រុម​វ៉ិចតូរី​អេហ្វស៊ី នឹង​ត្រូវប្រកួត​ដណ្តើម​ពាន Soccer League 2015 នេះ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ខណៈ​ក្រុម​សម្ព័ន្ធ គ.ស.ន.ប.ក និង​ត្រូវ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ និង​លេខ​៤​ជាមួយ​ក្រុម​យុវជន​ក១២ នា​រសៀលម៉ោង ៣:៣០ ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ នៅ​ពហុកីឡដ្ឋាន​ជាតិ។

គួរ​បញ្ជាក់​ថា សម្រាប់​ពាន​រង្វាន់ Soccer League 2015 ក្រុមម្ចាស់​​ជើង​ឯក នឹង​ទទួល​​បាន​ពាន​១ មេដាយ​មាស​២៥​គ្រឿង អម​ដោយ​​ទឹក​ប្រាក់​១០​លាន​រៀល ឯ​ក្រុម​​លេខ​២ បាន​មេដាយ​ប្រាក់​២៥​គ្រឿង ទឹក​ប្រាក់​៧​លាន​រៀល ខណៈ​ក្រុម​​​លេខ​៣ ទទួល​បាន​មេដាយ​សំរឹទ្ធ​២៥​គ្រឿង អម​ដោយ​ទឹក​ប្រាក់ ៥​លាន​រៀល។ ចំណែក​​​ក្រុម​លេង Fair Play នឹង​ទទួល​បាន​ទឹក​ប្រាក់ ១​លាន​រៀល ហើយ​​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ ទទួល​បាន​ប្រាក់ ១​លាន​រៀល ដូច​អ្នក​ចាំទី​ល្អ​ជាង​គេដែរ ហើយ​ក្រុម​អាជ្ញា​កណ្ដាល​ដឹក​នាំការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ នឹង​ទទួល​បានប្រាក់​​១​លាន​រៀលដែរ៕