នៅពេល​ទៅកាន់​តំណែង​ជា​មេ​គយ​ខេត្តកំពង់ធំ លោក ថោង សុខាំ​ភូ ប្រហែលជា​មិន​បោះបង់​អំពើពុករលួយ​ឡើយ

នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥​នេះ លោក ថោង សុខាំ​ភូ អតីត​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំង​ជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តកំពង់ធំ​។ បញ្ហា​នេះ​មជ្ឈដ្ឋាន​នានា​បាន​វាយតម្លៃ​ទុកជាមុន​ថា នៅពេល​កាន់តំណែង​ជា​មេ​គយ​ខេត្តកំពង់ធំ លោក ថោង សុខាំ​ភូ នឹងមិន​បោះបង់​អំពើពុករលួយ​ឡើយ ព្រោះ​អំពើពុករលួយ​ជា​ជំនាញ​របស់​មន្ត្រី​គយ​រូបនេះ​ទៅហើយ​។ ដូច្នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​តាមដាន​ទៅលើ​សកម្មភាព​របស់លោក ថោង សុខាំ​ភូ ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

នៅពេលដែល​លោក ថោង សុខាំ​ភូ ត្រូវ​ទៅ​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តកំពង់ធំ​នោះ គឺ​លោក ឆែ សុភា អតីត​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តឧត្ដរមានជ័យ បានមក​កាន់តំណែង​ជា​មេ​គយ​ខេត្តបន្ទាយមានជ័យ​ជំនួស​លោក ថោង សុខាំ​ភូ​។ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ សង្ឃឹមថា​លោក ឆែ សុភា នឹងមិន​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង​ដូច​លោក ថោង សុខាំ​ភូ នោះទេ​។ ប្រសិនបើ​លោក ឆែ សុភា យកតម្រាប់​តាម​លោក ថោង សុខាំ​ភូ ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ជំរិត​យកលុយ​ពី​ឈ្មួញ អាជីវករ និង​ក្រុម​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​អំពើ​ចិត្ត​នោះ ប្រាកដ​ជាមាន​បាតុកម្ម​តវ៉ា​មុខ​ស្នាក់ការ​សាខាគយ​ខេត្តបន្ទាយមានជ័យ យ៉ាង​គគ្រឹកគគ្រេង​ជាមិនខាន​។ ជាពិសេស​កុងត្រូលជជុះ​នៅ​ចំណុច​ផ្លូវ​លេខ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នឹងត្រូវ​លោក ឆែ សុភា លុបបំបាត់ចោល​ជាមិនខាន​។

គួរ​រំលឹក​ដែរ​ថា លោក ថោង សុខាំ​ភូ ជា​មន្ត្រី​គយ​មួយរូប​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​តាំងពី​នៅ​ធ្វើជា​មេ​គយ​ច្រក​កំពង់ផែ​កែវផុស រហូត​ទៅធ្វើជា​មេ​គយ​នៅ​ខេត្តបន្ទាយមានជ័យ​។ ដោយសារតែ​អំពើពុករលួយ​ហួសហេតុ​នោះ​ហើយ ទើប​ឈ្មួញ អាជីវករ និង​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ ប្រមូល​ផ្ដុំគ្នា​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់ ហើយ​ទីបំផុត​លោក ថោង សុខាំ​ភូ ត្រូវ​ដកហូត​ចេញពី​តំណែង​មេ​គយ​ខេត្តបន្ទាយមានជ័យ ឲ្យ​ទៅធ្វើជា​មេ​គយ​នៅ​ខេត្តកំពង់ធំ​វិញ​។ មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា លោក ថោង សុខាំ​ភូ ពេល​ទៅធ្វើជា​មេ​គយ​ខេត្តកំពង់ធំ​នោះ នឹងមិន​លះបង់​ទម្លាប់​អាក្រក់​របស់ខ្លួន​ឡើយ ហើយ​បុគ្គល​នេះ​នឹង​ប្រើប្រាស់​តួនាទី​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​បន្តទៀត​ជាមិនខាន​៕

IMG_8179 - Copyលោក ថោង សុខាំភូ ប្រធានសាខាគយខេត្តកំពង់ធំថ្មី​