លោក នូ សុវណ្ណ​តារា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្ទឹងត្រែង ជាប់​សង្ស័យ​នៅ​ពីក្រោយ​បទល្មើស​បំផ្លាញ​រ៉ែ​មាស​

លោក នូ សុវណ្ណ​តារា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្ទឹងត្រែង ត្រូវ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​សង្ស័យថា ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់​អូរ​កា​ពី​ន ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ដោយហេតុថា បទល្មើស​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះ កើតឡើង​ជាច្រើន​ខែ​មកហើយ​មិនទាន់​ឃើញ​លោក នូ សុវណ្ណ​តារា ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ គឺ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​។ ហេតុនេះ​លោក ស៊ុយ សែម ដែលជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ចំពោះ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ចំណុច​អូរ​កា​ពី​ន ឃុំ​សន្តិភាព ជាបន្ទាន់​ព្រោះ​ជនជាតិ​យួន​កំពុង​បំផ្លាញ​រ៉ែ​មាស​របស់​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​បំផុត​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​សន្តិភាព បាន​អះអាងថា អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ចំណុច​អូរ​កា​ពី​ន បាន​កើតឡើង​ច្រើន​ខែ​មក​ហើយដោយ​មានការ​ជីក​លុង​កកាយ​យក​រ៉ែ​មាស​និង​មាន​ការប្រើ​សារធាតុ​គីមី​ចម្រាញ​យក​មាស នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ ជាពិសេស​ទឹកអូរ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ ករណី​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នេះ លោក ស៊ី សួន អភិបាលស្រុក​សៀម​ប៉ាង បានដឹង​យ៉ាងច្បាស់ ប៉ុន្តែ​បែរជា​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ហើយ​ធ្វើ​ដូចជា​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​ព្រមទាំង​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្ទឹងត្រែង ទទួលបាន​ផលប្រយោជន៍​ពី​ជនជាតិ​យួន​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​បំផ្លាញ​រ៉ែ​មាស​នៅ​ចំណុច​អូរ​កា​ពី​ន​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មាន​មន្ត្រី​ប្រដាប់អាវុធ​ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​ជនជាតិ​យួន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ចំណុច​អូរ​កា​ពី​ន ហើយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែរ​។ ជាក់ស្តែង​ក្នុងខណៈដែល​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង បែរជា​មន្ត្រី​ជំនាញ​និយាយថា មានការ​ផ្អាក​សកម្មភាព​ទៅវិញ​។ ក្នុងចំណោម​មន្ត្រី​ពុករលួយ​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះ គឺ​លោក នូ សុវណ្ណ​តារា អាច​ទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ​ទើប​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​និង​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​។ ចំណែក​មន្ត្រី​អាជ្ញាធរ​ស្រុក​និង​មន្ត្រី​អាជ្ញាធរខេត្ត ក៏​អាច​ទទួលបាន​ចំណែក​ផលប្រយោជន៍​រៀងៗ​ខ្លួន​ដែរ ទើប​ជនជាតិ​យួន​អាច​ចូលមក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

CH-01243 CH-01248 CH-01247 CH-01246 CH-01244