ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ប្រគេនព្រះ​សព ព្រះមេគណ​ខេត្តសៀមរាប

ខេត្តសៀមរាប​ ៖ ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ ​ប្រគេន​ព្រះ​សព ព្រះ​សុ​មង្គលសិលា​ចា​រ្យ ឥន្ទ​កេស​រោ បណ្ឌិត ពេជ្រ សន ព្រះ​មេគណ​ខេត្តសៀមរាប ដែល​បាន​​​ចូល​ព្រះ​ទិវង្គត កាលពី​វេលា​ម៉ោង៥និង៤៥​នាទី​ព្រឹកថ្ងៃ​៨កើត ខែមិគសិរ ឆ្នាំមមែ សប្តស័ក ព​.​ស​ ​២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ព្រះ​ជន្មាយុ៨២​ព្រះ​វស្សា ដោយ​ព្រះ​រាគា​ពា​ធ នៅ​មន្ទីរពេទ្យកាល់​ម៉ែត្រ រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​នេះ​នា​ព្រឹក​ថ្ងៃ​១៣​កើត ខែមិគសិរ ឆ្នាំមមែ សប្តស័ក ព​.​ស​២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅ​ក្នុង​បរិវេណ​វត្ត​ព្រះ​ឥ​ន្ធ​កោ​សី​យ៍ ក្រុង​/​ខេត្តសៀមរាប ​។ 

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​របស់​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​ខេត្ត លោក ​នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​និង​លោក​ជំទាវ រួម​ទាំង​ការ​និមន្ត អញ្ជើញ ចូលរួមពី​ព្រះ​មហាវិមលធម្ម ពិន សែ​ម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ និងព្រះ​អនុគណ​ក្រុង ស្រុក ព្រះថេរានុត្ថេរៈ​ជា​សិស្ស​គុណ និងលោក លោកជំទាវ ជា​សមា​ជិក​​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ជាតិ​អប្សរា មេបញ្ជាការ បញ្ជាការ​រង​ កងកម្លាំងប្រដាប់​អាវុធ​ទាំង​បី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ អាជ្ញាធរ​ក្រុង ស្រុក ចៅសង្កាត់ និង​ប្រជា​បរិស័ទ​ផង​ដែរ ។

​នៅ​ក្នុង​ឱកាស​នេះ​​ដែរ ​ទាំង​មន្ត្រី​សង្ឃ គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ​ក្រុង ស្រុក បាន​និមន្ត និង អញ្ជើញ​​ដាក់​កម្រងផ្កា និងបូជា​ទៀន​ ធូប ​ប្រគេន​​​ព្រះ​សព ដើម្បី​ឧទ្ទិស​ព្រះ​វិញ្ញាណ​ក្ខន្ធ​របស់​ព្រះ​អង្គ បាន​និមន្ត​ទៅ​កាន់​ព្រះ​បរម​សុគតិភពឱ្យ​បាន​គ្រប់​ៗ​ជាតិ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ ។

​​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង និងលោក​ជំទាវ ក៏​បាន​នាំ​យក​​​បច្ច័យ​ចំនួន២​លាន​រៀល  ប្រគេនជូន​ព្រះសង្ឃ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​បុណ្យព្រះសព ​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ ឥន្ទ​កេស​រោ បណ្ឌិត ពេជ្រ សន ព្រះ​មេគណ​ខេត្ត​ផង​ដែរ ៕​​