ហ្វ៊ី​លី​ពី​ន​អនុញ្ញាត​ឱ្យ​លក់​វ៉ា​ក់​សាំង​ប្រឆាំង​ជំងឺគ្រុនឈាម

SANOFI PASTEUR មន្ទីរពិសោធន៍​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ឱសថ​បារាំង SANOFI ប្រកាស​កាលពី​ថ្ងៃ​ទី​២២ ធ្នូ ថា ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​លក់​លើ​ទីផ្សារ​នូវ​វ៉ាក់សាំង​របស់​ខ្លួន​ប្រឆាំង​ជំងឺគ្រុនឈាម DENGVAXIA ដែល​បែប​នេះ​វា​ក្លាយជា​វ៉ា​ក់​សាំង​ដំបូង​ដើម្បី​បង្ការ​ជំងឺគ្រុនឈាម​នៅ​អាស៊ី ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ មន្ទីរពិសោធន៍​នោះ​គូសបញ្ជាក់​ថា ខាង​រដ្ឋបាល​ស្បៀង​និង​ឱសថ​ហ្វ៊ី​លី​ពី​ន​អនុម័ត​ឱ្យ​ដាក់​លក់​វ៉ា​ក់​សាំង​ប្រឆាំង​ជំងឺគ្រុនឈាម DENGVAXIA ដើម្បី​បង្ការ​វីរុស​គ្រុនឈាម​៤​ប្រភេទ ដែល​កើត​លើ​មនុស្ស​មាន​អាយុ​ពី​៩​ទៅ​៤៥​ឆ្នាំ រស់នៅ​ក្នុង​តំបន់​ឆ្លង​ទាំងឡាយ ។

លោក OLIVIER CHARMEIL ប្រធាន​អគ្គនាយក​របស់ SANOFI PASTEUR គូសបញ្ជាក់​ថា ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ដំបូង​ប្រឆាំង​ជំងឺគ្រុនឈាម​នៅ​អាស៊ី​តំណាង​​ឱ្យ​៧០%​នៃ​អ្នក​ឆ្លង​លើ​ពិភពលោក គឺជា​ដំណាក់កាល​ចម្បង​មួយ​ក្នុង​ការ​បង្ការ​ជំងឺ​នោះ និង​ដើម្បី​សុខភាព​សាធារណៈ ។

ជំងឺគ្រុនឈាម​ជា​អាទិភាព​មួយ​សម្រាប់​សុខាភិបាល​សាធារណៈ​ក្នុង​បណ្តា​ប្រទេស​ត្រូ​ពី​កាល់​នៅ​អាស៊ី និង​អា​មេ​រិ​កឡា​ទី​ន ជា​ជំងឺ​មួយ​ដែល​ឆ្លង​ពី​មូស​ខ្លាខាំ ។ យោង​តាម​មន្ទីរពិសោធន៍​ខាងលើ គឺថា​គឺ​នៅ​អាស៊ី​ដែល​មាន​អ្នក​ឆ្លង​ជំងឺគ្រុនឈាម​ច្រើន​ជាងគេ​គឺ​១​ឆ្នាំ​ៗ​ដល់​៦៧​លាន​នាក់​។ ការ​យល់​ស្រប​របស់​ហ្វ៊ី​លី​ពី​ន​ឱ្យ​ប្រើប្រាស់​វ៉ា​ក់​សាំង​នេះ​កើត​មាន​បន្ទាប់​ពី​ប្រទេស​ម៉ិច​ស៊ិក ។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក WHO ថា ការ​ឆ្លង​រាលដាល​ជំងឺគ្រុនឈាម​លើ​ពិភពលោក មាន​ភាព​ឆាប់រហ័ស​នា​បច្ចុប្បន្ន ជាមួយ​អ្នក​ឆ្លង​៤០០​លាន​នាក់​ក្នុង​១​ឆ្នាំ​ៗ ។ កាលពី​៥០​ឆ្នាំ​មុន ជំងឺ​នេះ​មាននៅ​ក្នុង​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ឥឡូវ​មាន​ឆ្លង​ដល់​ប្រទេស​១២៨ ដែល​មាន​ប្រជាជន​សរុប​ជិត​៤​ពាន់​លាន​នាក់​ឯណោះ ៕