បាក់​ដី​នៅ​ក្រុង SHENZHEN ចំនួន​អ្នក​បាត់​ខ្លួន​ថយ​មក​ត្រឹម​76​នាក់

អាជ្ញាធរ​ចិន​រាយការណ៍​កាលពី​រសៀល​ថ្ងៃ​ទី​២២ ធ្នូ​ថា ចំនួន​មនុស្ស​ដែល​បាត់​ខ្លួន​ក្នុង​ការ​បាក់​ដី​ដ៏​ធំ​នៅ​ទីក្រុង SHENZHEN ភាគ​ខាងត្បូង​ចិន បាន​ថយ​មក​ត្រឹម​៧៦​នាក់ ខណៈ​ការ​ទាក់ទង​អាច​ធ្វើ​បានជា​មួយ​អ្នក​ដែល​បាត់​ខ្លួន​មួយ​ចំនួន ។

អភិបាលរង​ក្រុង SHENZHEN លោក LIU QINGSHENG គូសបញ្ជាក់​ថា មុន​នេះ​ចំនួន​អ្នក​បាត់​ខ្លួន​ប្រកាស​ថា​មាន​៩១​នាក់ ក៏​ប៉ុន្តែ​ក្នុង​ចំណោម​មនុស្ស​ទាំងនោះ​១៥​នាក់​អាច​ទាក់ទង​បាន ។ ក្នុង​ចំណោម​អ្នក​បាត់​ខ្លួន​មាន​បុរស​៥១​នាក់ និង​នារី​២៥​នាក់ ។ អ្នក​ជួ​ួ​យ​សង្គ្រោះ​ជាង​៤.០០០​នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​នា​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ។ បញ្ជី​ឈ្មោះ​អ្នក​បាត់​ខ្លួន​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ធ្នូ ។ ភាគច្រើន​នៃ​អ្នក​ទាំងនោះ​មាន​ដើម​កំណើត​នៅ​ខេត្ត​ក្វា​ង​ទុង ខេត្ត​ហ៊ឺ​ណា​ន់ និង​ខេត្ត​ហ៊ូ​ណា​ន់ ។

សាកសព​មនុស្ស​ម្នាក់​ត្រូវ​បាន​កាយ​រក​ឃើញ​ពីក្រោម​គំនរ​បាក់បែក កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ។ ចំណែក​បុរស​ម្នាក់​ត្រូវ​បាន​សង្គ្រោះ​ទាញ​ចេញពី​គំនរ​បាក់បែក​ជាង​៦០​ម៉ោង បន្ទាប់​ពី​ការ​បាក់​ដី​នោះ​ដែល​កើត​មាន​ក្នុង​ឧទ្យាន​ឧស្សាហកម្ម​ក្រុង SHENZHEN ខេត្ត​ក្វា​ង​ទុង ។ យុវជន TIAN ZEMING ដែល​នៅ​រស់រាន​មានជីវិត​អាយុ​១៩​ឆ្នាំ ត្រូវ​បាន​កាយ​រក​ឃើញ​នៅ​រស់​ដោយ​កងឯកភាព​ប៉ូលិស​មួយ​នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ហើយ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ ៕