ក្រុម​ចោរ​បំពុល​ឆ្កែ​គាស់​ផ្ទះ​លួច​ម៉ូតូ​១​គ្រឿង ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​ភូមិ​-​ឃុំ​សុវត្ថិភាព

ខេត្ត​ប៉ៃលិន ៖ ​​ក្រុម​ចោរ​មាន​គ្នា​ប្រហែល​៤​ ទៅ​៥​នាក់​បាន​ធ្វើសកម្ម​​បំពុល​​​ឆ្កែ​១​ក្បាល​ឱ្យ​​សន្លប់  ​រួច​​គាស់​បង្អួច​ផ្ទះ​​ចូល​យក​ម៉ូតូ​​ម៉ាក​ឌ្រី​ម​​​១​គ្រឿង​​ជិះ​គេចខ្លួន​​ដោយ​សុវត្ថិភាព ខណៈ​​ម្ចាស់​ដេក​លង់លក់​នៅ​លើ​ផ្ទះ​​ លុះដល់​វេលា​ទៀប​​ភ្លឺ​​ភ្ញាក់​ឡើង​ចុះ​ទៅ​ក្រោម​ ដើម្បី​ផឹក​ទឹក ស្រាប់តែ​មើល​ទៅ​​ម៉ូតូ​អត់​​ឃើញ​ទើប​​មាន​ការភ្ញាក់​ផ្អើល​ថា ​បាត់​ម៉ូតូតែម្តង ​​។

​ហេតុការណ៍​នេះ ​​កើតឡើង​​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ​២០១៥ ​ស្ថិត​នៅ​ក្បែរ​​ផ្លូវជាតិ​លេខ​​៥៧ ក្នុងភូមិ​រថក្រោះ​​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​​ក្រៅ ។

ប្រ​ភ​​ពបាន​ឱ្យ​ដឹងថា ​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​រងគ្រោះ​​ឈ្មោះ​ជួន គឿ​ន អាយុ​៦១​​ឆ្នាំ ​​មាន​ទីលំ​​នៅ​ក្នុងភូមិ​-​ឃុំ​ខាង​លើ​​ បានឱ្យ​ដឹង​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​ធ្នូ ​ថា មុន​ពេល​កើតហេតុ កូនប្រុស​​របស់​គាត់​ម្នា​ក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ ទើប​នឹង​ទិញ​​បាន​១​ខែ មក​ពី​លេង​​ផ្ទះ​មិត្តភក្តិវេលា​ម៉ោង​១២​អធ្រាត្រ  រួច​​ក៏​អូស​ដាក់​នៅ​ក្នុងផ្ទះ​ដូច​​សព្វមួយ​ដង ហើយ​ឡើង​​ទៅ​​ដេក​នៅ​ខាង​លើ ។ លុះ​នៅ​វេលា​ម៉ោង​៤​ទៀប​​​ភ្លឺ​​ថ្ងៃ​​​កើត​ហេតុ ពេល​កូន​គាត់​ចុះ​​មកក្រោម​ មិនឃើញ​​ម៉ូតូ​១​គ្រឿងក្នុង​ចំណោម​ម៉ូតូ​៣​គ្រឿង ដែល​ដាក់​​ទុក​នៅ​ក្បែរ​គ្នា​​ ព្រោះ​​ម៉ូតូ​នោះ​ថ្មី​ជាងគេ ក៏​ផ្អើល​ឆោ​​​ឡោ​ឡើង​ប្តឹង​សមត្ថកិច្ច​តែ​ម្តង  ។ 

​ស្ត្រី​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​រៀបរាប់​បន្ត​ទៀត​ថា  មុន​នឹង​ក្រុម​ចោរ​បាន​ចូល​មក​គាស់​ចំរឹង​បង្អួច​ផ្ទះ​គាត់ ចូល​យក​ម៉ូតូ ពួក​វា​បាន​ដាក់​ថ្នាំពុល​លាយ​ជាមួយនឹង​ឆ្អឹង​មាន់​បោះ​ឱ្យ​ឆ្កែ​គាត់​ស៊ី បណ្តាល​ឱ្យ​ពុល  សន្លប់​ដេក​នៅ​ក្បែរ​ផ្ទះ​នោះ​ដែរ តែ​អត់​បាន​ព្រុះ​អ្វី​បន្តិច​ឡើ យ  ហើយ​ក្រោយមក  គាត់​ក៏​បាន​យក​ស្ករ និង​ទឹក​ឃុំ​បញ្ច្រក​ឱ្យ​វា​ផឹក  ទើប​ដឹងខ្លួន​ជា​ធម្មតា​វិញ ។ 

គាត់​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ដដែល ដោយ​មាន​បងប្អូន​រាយការណ៍ ប្រាប់​ថា ឃើញ​ជនសង្ស័យ​ពីរ​បី​នាក់​ជិះ​ម៉ូតូ​ដែល​បាត់​ខាងលើ ទើប​នាំ​គ្នា​ដេញ​តាម ហើយ ពេល​នោះ​មាន​ជនសង្ស័យ​ម្នាក់ បាន​បើក​ម៉ូតូ​ខាងលើ​រត់គេច​ខ្លួន​តាម​ច្រក​ផ្សារ​ឡែ​ម យ៉ាងលឿន​តែ​ម្តង  ។ ក្រោយមក​ក៏​បាន​ដាក់​ពាក្យ​ទៅ​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបងឱ្យ​តាមស្រាវជ្រាវ​បន្ត តែ​គាត់​មិន​សង្ឃឹម​ថា អាច​នឹង​រក​ម៉ូតូ​ឃើញ​ត្រឡប់​មក​វិញ​នោះ​ឡើយ  ។