ពង្រឹង​សន្តិសុខ​សាធារណៈយុទ្ធសាស្ត្រ​2 ៖ 1-​បង្ការ​មិន​ឱ្យ​កើតឡើង 2-​បើ​កើត​ហើយ​ត្រូវ​តែ​ស្រាវជ្រាវ​ចាប់​ឱ្យ​បាន

រាជធានី​ភ្នំពេញ ៖ ស្ថាប័ន​ចម្រុះ​រួម​មាន​ក្រសួងយុត្តិធម៌ តុលាការ អយ្យការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឯកភាព​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​រក្សា​សន្តិសុខ​សាធារណៈ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ស្តី​ពី​កិច្ចការ​អនុវត្ត​ច្បាប់​រវាង​អយ្យការ និង​នគរបាល​យុត្តិធម៌ ក្នុង​ការងារ​ពង្រឹង​សន្តិសុខ​សាធារណៈ បង្ការ​និង​ប​ង្រា​ប​បទល្មើស​ព្រហ្មទណ្ឌ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ នៅ​ទីស្តីការក្រសួង​យុត្តិធម៌ លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែង​ថា គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​ផ្តោត​សំខាន់​លើ​កិច្ចសហការ​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​មាន ស្ថាប័ន​តុលាការ អយ្យការ មន្ត្រី​នគ​បាល​យុត្តិធម៌ ។ ក្នុង​កិច្ចប្រជុំ​បាន​លើកយក​បញ្ហា​ប្រឈម ដើម្បី​រក​ដំណោះស្រាយ​រួម​គ្នា​ក្នុង​ការ​ពង្រឹង​សន្តិសុខ​សាធារណៈ ។

លោក គឹ​ម សន្តិភាព បន្ត​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​រយៈពេល​ប្រមាណ​៤​ម៉ោង បាន​រកឃើញ​ចំណុច​ប្រឈម​មួយ​ចំនួន ក្នុង​នោះ​ទាក់ទង​នឹង​កិច្ចសហការ​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ខ្វះខាត និង​ការ​យល់​ខុស​គ្នា​រវាង​ផ្នែក​ច្បាប់​និង​នីតិវិធី​មួយ​ចំនួន ។ ចំណុច​ប្រឈម​ទាំងនេះ​ត្រូវ​បាន​ដោះស្រាយ គឺ​ត្រូវ​បង្កើត​កិច្ចសហការ​រវាង​គ្នា​នឹង​គ្នា ដោយ​បង្កើន​ឲ្យ​មាន​កិច្ចប្រជុំ​ពិភាក្សា​គ្នា​នៅ​តាម​រាជធានី​-​ខេត្ត ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​ក្នុង​រយៈពេល​១​ខែ​ម្តង ធ្វើការ​ពិភាក្សា​គ្នា​ដោយ​ឈរ​លើ​គោលការណ៍​ពិភាក្សា​យ៉ាង​ទូលំទូលាយ ដើម្បី​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ និង​នីតិវិធី ក្នុង​ការ​ជៀសវាង​ចន្លោះ​ប្រហោង​ការ​អនុវត្ត​ច្បាប់​ដែល​បើកដៃ​ឲ្យ​ជនល្មើស ។

ក្រៅពី​នេះ ក្រសួងយុត្តិធម៌​នឹង​បង្កើត​ឲ្យ​មាន​ក្រុមការងារ​មួយ ដើម្បី​ធ្វើកា​ពិនិត្យ​ឡើង​វិញ​នូវ​ករណី​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​ច្បាប់​ថា​ត្រូវធ្វើ​វិសោធនកម្ម ឬ​ធ្វើការ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់ កុំ​ឲ្យ​មានការ​យល់​ខុស​គ្នា​នូវ​អត្ថបទ​ច្បាប់ ។ ជាង​នេះ​ទៀត ក្រសួងយុត្តិធម៌​ក៏​នឹង​មាន​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់​ជាតិ ពិនិត្យ លើ​ការ​លើកលែងទោស​ថ្នាក់​រាជធានី​-​ខេត្ត​នៅ​ពេល​ខាង​មុខ ដើម្បី​ពិនិត្យ​នីតិវិធី​នៃ​បែបបទ ក៏​ដូច​ជា​នីតិវិធី​នៃ​ការ​លើកលែងទោស​ដល់​ទណ្ឌិត ។

លោក គឹ​ម សន្តិភាព ថ្លែង​ទៀត​ថា តាម​ការ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ ទាំង​ស្ថាប័ន​កងរាជអាវុធហត្ថ និង​នគ​បាល​ជាតិ ប្រ​មួល​ផ្តុំ​ព័ត៌មាន​បញ្ចូល​គ្នា ដើម្បី​ធ្វើ​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំង​ពី​នេះ​ក្នុង​ការ​បង្ក្រាប​បទល្មើស ឲ្យ​បានជា​អតិបរមា ។ លោក​បញ្ជាក់​ថា «​ជា​ចុង​ក្រោយ មន្ត្រី​អនុវត្ត​ច្បាប់ មាន​ទាំង​ចៅក្រម ព្រះរាជអាជ្ញា នគរបាល​យុត្តិធម៌ ត្រូវ​មាន​សុវត្ថិភាព​ខ្ពស់ ក្នុង​ការ​បង្ការ បង្ក្រាប និង​ផ្តន្ទាទោស​ជនល្មើស​ដើម្បី​ពង្រឹង​សន្តិសុខ​សាធារណៈ​សង្គម​ជាតិ​» ។

ជាមួយ​គ្នា​នេះ លោក គឹ​ម សន្តិភាព គូសបញ្ជាក់​ថា បញ្ហា​ប្រឈម​របស់​មន្ត្រី​អនុវត្ត​ច្បាប់​គឺ នីតិវិធី​នៃ​ការ​អនុវត្ត​ច្បាប់ ហើយ​បញ្ហា​នេះ​ក្រសួង​នឹង​ធ្វើការ​ដោះស្រាយ​ដើម្បី​ឲ្យ​អ្នក​អនុវត្ត​ច្បាប់​ទាំងអស់​ខិត​ជិត​គ្នា គឺ​នៅ​ពេល​មន្ត្រី​មាន​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​មាន​ភាព​ខ្វះខាត​ចំណុច​ណាមួយ មន្ត្រី​តុលាការ​ត្រូវ​បំពេញបន្ថែម ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ជនល្មើស​អនុវត្ត​ទោស​ឲ្យ​បាន ។

ក្រសួង​នឹង​ធ្វើការ​ប្រជុំ​ពិនិត្យ​សំណើ​លើកលែងទោស​ទណ្ឌិត ហើយ​ចំពោះ​ករណី​ទណ្ឌិត​ដែល​មាន​ព្រះរាជក្រឹត្យ​លើកលែងទោស​រួច​ហើយ ជា​គោលការណ៍​យើង​មិន​អាច​ចាប់ខ្លួន​គាត់​ត្រឡប់​មក​វិញ​ទេ វៀរលែងតែ​គាត់​ប្រព្រឹត្ត​បទល្មើស​ណាមួយ​ដែល​មាន​សំណុំរឿង​បន្ថែម ឬ​ប្រព្រឹត្ត​បទល្មើស​ក្រោយ​ទៀត​» ។

ចំណែក​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ​អគ្គស្នងការ​រង​នគ​បាល​ជាតិ មាន​ប្រសាសន៍​ថា ក្រោយ​អនុសាសន៍​ថ្នាក់ដឹកនាំ ទាំង​ក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ​បាន​លើក​ឡើង​ថា ទី​១-​ត្រូវ​បង្ការ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​បទល្មើស​កើតឡើង ទី​២-​បើ​បទល្មើស​កើតឡើង​ត្រូវ​ស្រាវជ្រាវ​ចាប់​ឲ្យ​បាន​មិន​ឲ្យ​រួច​ឡើយ ។

លោក​ឧត្តមសេនីយ៍​ថ្លែង​ទៀត​ថា ក្នុង​ឆ្នាំ​២០១៥​បទល្មើស​ដែល​ត្រូវ​បាន​កសាង​សំណុំរឿង​ទៅ​តុលាការ​មាន សំណុំរឿង​បទល្មើស​លួច​១.០៣៨​ករណី ឆក់​៩​ករណី ប្លន់​២៥០​ករណី បទល្មើស​គ្រឿងញៀន​ចំនួន​៤៣៥​ករណី ។ បទល្មើស​ទាំងនេះ​ត្រូវ​បាន​គិត​ថា​ច្រើន ប៉ុន្តែ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤​មានការ​ថយ​ចុះ​ចំនួន​១៤%​។ ប៉ុន្តែ​ឥឡូវនេះ អ្វី​ដែល​ទាំង​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សមត្ថកិច្ច​ចាប់អារម្មណ៍​នោះ ដោយសារ​តែ​មាន​ករណី​ប្លន់​កើតឡើង​ផ្ទួន​ៗ​គ្នា​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ អ៊ី​ចឹ​ង​ខ្ញុំ​ឆ្លើយ​ចំពោះ​អ្នក​សារព័ត៌មាន​ថា ទាល់តែ​សម្តេច ឬ​ប្រមុខ​រាជរដ្ឋាភិបាល​ស្រែក ទើប​សមត្ថកិច្ច​ធ្វើ គឺ​មិនមែន​ទេ ការ​ធ្វើ​ហ្នឹង​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​រហូត​មក​» ។

ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​ឲ្យ​ដឹង​ចំពោះ​ករណី​ប្លន់​នៅ​តាម​បណ្តា​ខេត្ត​នានា​(​បាត់ដំបង ពោធិ៍សាត់ កណ្តាល​) នា​ពេល​កន្លង​មក​ត្រូវ​បាន​កំណត់​មុខសញ្ញា​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ឃាត់ខ្លួន​ទេ ដោយ​ទុក​ស៊ើបអង្កេត​បន្ត​ទៀត ។ លោក​បញ្ជាក់​ថា ចំពោះ​មុខសញ្ញា​នោះ យើង​បាន​ស្រាវជ្រាវ​កំណត់​ស្គាល់​អស់ហើយ ដូច​ជា​នៅ​បាត់ដំបង​យើង​បាន​ផ្សព្វផ្សាយ ហើយ​ចាប់​២​នាក់ សល់​៣​នាក់ ហើយ​មាន​ទាំង​រូបថត​ទៀត ដូច្នេះ​សូម​ជួយ​ផ្សព្វផ្សាយ ។

ដោយឡែក ពាក់ព័ន្ធ​នឹង​អាវុធ​វិញ កិច្ចប្រជុំ​ក៏​បាន​លើក​ឡើង​ដែរ បញ្ហា​ការ​គ្រប់គ្រង​អាវុធ​នេះ​ជា​បញ្ហា​មួយ​ត្រូវ​យកចិត្តទុកដាក់ ដូច្នេះ​ទាំង​កងរាជអាវុធហត្ថ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ពិនិត្យ​ឡើង​វិញ ។ ការ​គ្រប់គ្រង​អាវុធ​កំពុង​តែ​មាន​ភាព​ស្មុគស្មាញ ។ ពេល​នេះ​សូម​ប្រាប់​ថា យើង​គ្រប់គ្រង​អាវុធ​របស់​អង្គភាព និង​អាវុធ​ស្របច្បាប់ ចំណែក​មិន​ស្របច្បាប់​មិន​អាច​គ្របគ្រង​បាន​ទេ​» ។ ទាក់ទិន​នឹង​ករណី​ប្លន់​នា​ពេល​កន្លង​មក ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អះអាង​ថា ជា​ករណី​ជា​ក្រុម មិនមែន​ជា​ករណី​អង្គការ​ចាត់តាំង​នោះ​ទេ ។

លោក ហុង វិសាល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល​ព័ត៌មាន​សន្តិសុខ និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស មាន​ប្រសាសន៍​ថា ចំពោះ​ជនសង្ស័យ​ដែល​បង្ក្រាប​បាន​នោះ មិន​ទាន់​មាន​ជនសង្ស័យ​ណាមួយ​សារភាព​ថា បាន​ទិញ​អាវុធ​ពី​ស្ថាប័ន​ណាមួយ​ច្បាស់លាស់​នោះ​ទ ។ រាល់​អាវុធ​ដែល​ជនសង្ស័យ​ប្រើ​នោះ ជា​អាវុធ​ខុសច្បាប់ ហើយ​ការ​ប្រើប្រាស់​គឺ​តាម​រយៈ​បក្ខពួក​បន្ត​គ្នា ៕