រាជរដ្ឋាភិបាល ចេញសារាចរ ឲ្យចាត់វិធានការ ថែរក្សាទឹកទុក នៅឆ្នាំ២០១៦

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញនូវសារាចរ ណែនាំមួយស្តីពី ការចាត់វិធានការ ថែរក្សាទឹកទុក សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃរបស់ប្រជាជន នៅតាមតំបន់មួយ ដោយសារនៅឆ្នាំ២០១៦ខាងមុខនេះ កម្ពុជា នឹងរងនូវបាតុភូតធម្មជាតិក្តៅហួតហែង ហើយរដូវវស្សាអាចនឹងមកដល់ យឺតជាងធម្មតា។

យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា នៅក្នុងឆ្នាំ២០១៦ កម្ពុជា នឹងទទួលរងនូវបាតុភូត Ei Nino (ក្តៅ) រហូតដល់ចុងខែមិថុនា។ ឥទ្ធិពលនៃបាតុភូតនេះ អាចនឹងបង្ករឲ្យរដូវវស្សាមកដល់យឺត នៅដើមរដូវវស្សាមានមានភ្លៀងធ្លាក់តិច មានបាតុភូតផ្គរន្ទះខ្យល់កន្រ្ទាក់កើតមានច្រើន កម្រិតសីតុណ្ហភាពអតិបរមាមានការកើនឡើង អាកាសថាតក្តៅហួតហែង។ល។

ស្ថានភាពបែបនេះ នឹងកើតមានចាប់ពី ខែកុម្ភៈរហូត ដល់ចុងខែមិថុនា ឆ្នាំ២០១៦ ហើយអាចធ្វើឲ្យ កម្ពុជាប្រឈមនឹងកង្វះខាតទឹ កសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃនៅតាមតំបន់មួយចំនួន ហើយរហូតដល់ ខែពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៦ ទើបបាតុភូតថ្មី La Nina (ត្រជាក់) មានឥទ្ធិលមកលើប្រទេសកម្ពុជាវិញ ហើយភ្លៀងក៏នឹងចាប់ផ្តើមធ្លាក់នាបេលនោះផងដែរ។

យោងលើស្ថានភាពអាកាសធាតុ ដូចការព្យាករណ៍ខាងលើ រាជរដ្ឋាភិបាលបាន ធ្វើការណែនាំដូចជា៖ ទី១-ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំនេះ (ឆ្នាំ២០១៥-២០១៦) គឺអាជធ្វើបានតែមួយដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ ទោះបីជាទឹកតាមបណ្តាអាង ដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំង នោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងដាំដំណាំរួមផ្សំ ផ្សេងទៀតក្រៅពីស្រូវ។

ទី២ - ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះរហូតដល់ពេលមានភ្លៀងធ្លាក់៕

រាជរដ្ឋាភិបាល ចេញសារាចរ ឲ្យចាត់វិធានការ ថែរក្សាទឹកទុក នៅឆ្នាំ២០១៦