អ្នកនាំពាក្យ បក្សកាន់អំណាច ស្វាគមន៍ ដំណើរ មាតុភូមិនិវត្ត លោកសម រង្ស៊ី មុនការ បោះឆ្នោត ថ្នាក់ជាតិ

ភ្នំពេញ៖ ក្រោយពីការប្រកាសរបស់ លោក សម រង្ស៊ី ប្រធាន គណបក្សសង្រ្គោះជាតិ ថា នឹងចូលស្រុកវិញ មុនការបោះឆ្នោត ឃុំ-សង្កាត់ និងថ្នាក់ជាតិ នៅអាណត្តិក្រោយនោះ ត្រូវបាន លោក សុខ ឥសាន្ត អ្នកនាំគណបក្សប្រជាជនកម្ពុជាស្វាគមន៍។

លោក សុខ ឥសាន្ត បានមានប្រសាសន៍នៅ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ថា ការមិនចូលមកកម្ពុជាវិញរបស់ លោក សម រង្ស៊ី នាពេលនេះ ប្រហែលជាគាត់ខ្លាចជាប់ពន្ធនាគារពាក់ព័ន្ធ នឹងពាក្យបណ្តឹងផ្សេងៗ។

លោកបញ្ជាក់ថា “ឥលូវគាត់ប្រកាសចូលដើម្បីស្ទង់មតិមើល  អីចឹងខ្ញុំយល់ថានៅពេលណា គាត់មិនទាន់អនុវត្តទោសទណ្ឌ តាមសាលក្រម សាលដីកា តាមច្បាប់នោះទេ គាត់នៅតែមិនហ៊ានចូលអីចឹង។ ពាក្យសំដីគាត់ល្អណាស់ប៉ុន្តែការអនុវត្តអត់បាន”។

ទាក់ទិននឹងការ អះអាងរបស់ លោក សម រង្ស៊ី ការចួលស្រុកវិញ ដោយមានដំណោះស្រាយ នយោបាយនោះ មិនត្រូវបានអ្នកនំាពាក្យរូបនេះ មានមតិយ៉ាងណានោះទេ គ្រាន់តែរង់ចំាមើល ទំាងអស់គ្នាមិនយូរទេ រយៈពេល១ឆ្នាំឬ២ឆ្នាំទៀតប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បានប្រកាសនៅក្នុង វិទ្យុអន្តរជាតិ ជាខេមរភាសា ថា លោកនឹងចូលស្រុកវិញ មុនការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់និងថ្នាក់ជាតិ ហើយ លោកបានអះអាងថា ជារឿយៗលោកតែងតែបានចូលស្រុក២សប្តាហ៍ ឬ៣សប្តាហ៍ មុនការបោះឆ្នោតរាល់លើក៕

អ្នកនាំពាក្យ បក្សកាន់អំណាច ស្វាគមន៍ ដំណើរ មាតុភូមិនិវត្ត លោកសម រង្ស៊ី មុនការ បោះឆ្នោត ថ្នាក់ជាតិ