​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣១

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣១

​នៅ​សប្តាហ៍​នេះ កូន​របស់​អ្នកមាន​ប្រវែង​ខ្លួន​រហូតដល់ ៤១ សង់ទីម៉ែត្រ​ហើយ​។ ចំណែក​ទម្ងន់​ប្រហែល ១,៥ គីឡូក្រាម (​ប្រហែល​ប៉ុន​ផ្លែ​ដូង​មួយ​) ហើយ​កំពុងតែ​ស្ថិត​ក្នុង​ការលូតលាស់​មួយ​យ៉ាង​លឿន​។ គេ​អាច​ងាក​ក្បាល​ទៅ​ចំហៀង​បាន ហើយ​ដៃ ជើង និង​រាងកាយ​គេ កំពុងតែ​ចាប់ផ្តើម​បឺត​ជាតិ​ខ្លាញ់ ដាក់​នៅ​ខាងក្រោម​ស្បែក​គេ ធ្វើឲ្យ​មើលទៅ គឺ​ធាត់​ទ្រលុកទ្រលន់​តែម្តង​។ គេ​ក៏​ប្រហែល​ជា​ធ្វើ​ចលនា​ច្រើន​ណាស់​ដែរ ដូច្នេះ អ្នក​ប្រហែលជា​មាន​បញ្ហា​ក្នុងកា​រគេង ដោយសារតែ​ការ​ធាក់ និង​ក្រឡាប់​របស់គេ​ធ្វើឲ្យ​អ្នក​ភ្ញាក់​។ ចូរ​ត្រជាក់ចិត្ត​ទៅ សកម្មភាព​ទាំងអស់​នេះ គឺជា​សញ្ញា​ដែល​កូន​របស់​អ្នក មាន​សកម្មភាព និង​សុខភាព​ល្អ​ទេ​។

​តើ​អ្នក​ធ្លាប់​សម្គាល់​ឃើញ សាច់ដុំ​ជាច្រើន​ក្នុង​ស្បូន តឹង​ដែរ​ទេ​នា​ពេល​ឥឡូវ និង​ក្រោយមកទៀត​? ស្ត្រី​ជា​ច្រើន​មាន​អារម្មណ៍​ថា មាន​អាការៈ​កន្ត្រាក់​ស្បូន ដោយ​មិន​បាន​ត្រៀម​ទុកជាមុន (Braxton Hicks Contractions) ទាំង​នេះ​កើតឡើង​ជា​វគ្គ​ទី​ពីរ​។ ការ​កន្ត្រាក់​នេះ ជាធម្មតា មាន​រយៈពេល​ប្រហែល ៣០ វិនាទី និង​មិន​ទៀងទាត់ ហើយ​ក្នុង​ចំណុច​នេះ​ដែរ វា​គួរតែ​កើតឡើង​មិន​ញឹកញាប់ និង​គ្មាន​ការឈឺចាប់​អ្វី​ឡើយ​។ ម្យ៉ាងវិញទៀត (​ទោះបីជា​មិន​ឈឺចាប់​ក៏ដោយ​) ការ​ដែល​ឧស្សាហ៍​កន្ត្រាក់​ស្បូន​ពេក ប្រហែល​ជា​សញ្ញា​មួយ នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ​។ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម បើសិនជា​អ្នក​មាន​ការ​កន្ត្រាក់​ស្បូន ច្រើន​ជាង​បួន​ដង​ក្នុង​មួយ​ម៉ោង ឬ​មាន​សញ្ញា​ផ្សេងៗ​ទៀត នៃ​ការ​សម្រាល​មិន​គ្រប់​ខែ​ដូច​ជា ហូរ​ទឹករំអិល​តាម​ទ្វារមាស​កាន់តែច្រើន ឬ​ទឹករំអិល​នោះ​ផ្លាស់ប្តូរ​ពណ៌ ដែល​អាច​ជា​ទឹក​សុទ្ធ សំ​បោរ ឬ​ឈាម (​ពណ៌​ផ្កាឈូក ឬ​ក្រហមព្រឿងៗ​) ឈឺ​ពោះ ឬ​ឈឺពោះ​ដូច​មក​រដូវ សម្ពាធ​ក្នុង​អាង​ត្រគាក​កាន់តែខ្លាំង ឬ​ឈឺចង្កេះ​ជាពិសេស បើសិន​ជា​អ្នក​មិន​ធ្លាប់​មាន​អាការៈ​នេះ​ពីមុនមក​។ អ្នក​ប្រហែលជា សម្គាល់​ឃើញ​ការ​ហៀរ​ទឹកដោះ​ដំបូង​មួយ​ចំនួន​ចេញពី​សុដន់​។ បើសិនជា​អញ្ជឹង​មែន ចូរ​ព្យាយាម​ប្រើ​ទ្រនាប់​ដាក់ចូល​ក្នុង​អាវទ្រនាប់ ដើម្បី​ការពារ​កុំឲ្យ​ប្រឡាក់​សម្លៀកបំពាក់​។ (​ហើយ​បើសិនជា​មិន​មាន​ចេញ​ទឹកដោះ​ដំបូង​ទេ វា​ក៏​គ្មាន​អ្វី​ត្រូវ​បារម្ភ​ដែរ ព្រោះ​សុដន់​របស់​អ្នក កំពុង​តែ​បង្កើត​ទឹកដោះ​ដំបូង​ដូចៗ​គ្នា​ទាំងអស់ ទោះបីជា​អ្នក​មិន​បាន​ឃើញ​វា​ក៏ដោយ​)​។ បើសិនជា​អាវទ្រនាប់​ដែល​អ្នក​ប្រើ​ចង្អៀត​ពេក អ្នក​គួរតែ​ប្រើ​អាវទ្រនាប់​សម្រាប់​បំបៅ​ដោះ​កូន​វិញ​ទៅ​។ ចូរ​ជ្រើសរើស​អា​វណា​ដែល​មាន​ទំហំ​យ៉ាងហោចណាស់ ក៏​ធំ​ជាង​អាវ​អ្នក​ប្រើ​បច្ចុប្បន្ន One Cup ដែរ​។ នៅពេល​ទឹក​ដោះចេញ​ហើយ អ្នក​នឹង​អាច​ត្រង់​វា​ទុក​បាន​! បើសិន​ជា​អ្នក​កំពុងតែ​មាន​កូនប្រុស អ្នក និង​ប្តី​គួរតែ​យក​ពេលវេលា​ខ្លះ​គិត​ថា​តើ ត្រូវ​កាត់​ចុង​លិង្គ​កូន​ដែរ​ឬ​អត់​។ ចូរ​ស្វែងយល់​អំពី​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វាពី​គ្រូពេទ្យ ហើយ​បើ​ត្រូវ​កាត់​គ្រូពេទ្យ​ត្រូវ​ធ្វើ​អ្វីខ្លះ​៕

​សកម្មភាព​ដែល​ត្រូវធ្វើ នៅ​សប្តាហ៍​នេះ​
​កុំ​ទាន់​វេច​បង្វិច​អី ប៉ុន្តែ ចូរ​ចាប់ផ្តើម​បង្កើត​ជា​តារាង​របស់រ​បរ​មួយចំនួន ដែល​ត្រូវ​យក​ទៅ​មន្ទីរពេទ្យ​។
•​    ​សម្លៀក​បំពាក់ និង​ច្រាស់​ដុស​ធ្មេញ​
•​    ​រូបថត ឬ​របស់​ណាមួយ ដែល​ផ្តោត​ទៅលើ​ការ​សម្រាល​
•​    ​អាហារសម្រន់​ដើម្បី​ជំនួយ​កម្លាំង និង​ស្ករ​កៅស៊ូ ដើម្បី​បំបាត់​ក្លិន​មាត់​
•​    ​ស្រោម​ជើង និង​ស្បែកជើង​ពាក់​នៅ​ផ្ទះ​
•​    ​សម្លៀក​បំពាក់​កំប្លេរ​សម្រាប់​កូនា​
•​    ​ម៉ាស៊ីន​ថត ឬ​ម៉ាស៊ីន​ថត​វីដេអូ និង​ថ្ម បើសិនជា​ករណី​ចាំបាច់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។