យោធាថៃ ប្រកាសថា នឹងផ្ដល់អំណាច ឲ្យរដ្ឋាភិបាល ស៊ីវិល វិញ នៅឆ្នាំ២០១៧

បាងកក៖ នាយករដ្ឋមន្រ្តី និងជាមេដឹកនាំយោធា នៃព្រះរាជាណាចក្រ ថៃលោក ប្រាយុទ្ធ ចាន់អ៊ូឆា នៅចុងឆ្នាំ ២០១៥ នេះបានថ្លែងសុន្ទរកថា បើកចំហរស្ដីពីការ ផ្ដល់អំណាច ដល់ រដ្ឋាភិបាលស៊ីវិលវិញ នៅឆ្នាំ២០១៧ និងថា វាឈានចូលដល់ “ដំណាក់កាលទីពីរហើយ” នៃផែនការធ្វើកំណែទម្រង់ របស់ខ្លួន។

យោងតាមការចុះផ្សាយពី Channel News Asia នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា របបយោធា ឬក្រុម ប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ កាលពីខែឧសភា ឆ្នាំ២០១៤ បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតរបស់លោកស្រី យីងឡាក់ ដែលបានបញ្ចប់ការ ប្រឆាំងតវ៉ា នៅក្នុងទីក្រុងបាងកក ក្រោមការដឹកនាំ ដោយមន្រ្តីថ្នាក់កណ្តាល និងឥស្សរជន ផ្សេងទៀត ដែលចង់កម្ចាត់រដ្ឋាភិបាលស៊ីវិល របស់លោកស្រីអតីត នាយករដ្ឋមន្ត្រី។

ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលថ្មីមានការមមាញឹកក្នុងការធ្វើ សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី និងការធ្វើ កំណែ ទម្រង់ ដែលក្រុមអ្នករិះគន់ បានលើកឡើងថា ត្រូវបានរចនាឡើងដើម្បីកំណត់ អំណាចរបស់ គណបក្ស នយោបាយ និង ដល់អ្នកដែលស្មោះត្រង់ចំពោះ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្រោយពីត្រូវ បានធ្វើ រដ្ឋប្រហារ ទម្លាក់កាលឆ្នាំ២០០៦។

គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាយោធានេះ បានពន្យាពេលម្តង ហើយម្តងទៀតសម្រាប់ ការបោះឆ្នោត ដោយ អះអាងថា ប្រទេស មិនទាន់មានស្ថេរភាពគ្រប់គ្រាន់ ដើម្បីធ្វើការបោះឆ្នោតបាននោះទេ៕

យោធាថៃ ប្រកាសថា នឹងផ្ដល់អំណាច ឲ្យរដ្ឋាភិបាល ស៊ីវិល វិញ នៅឆ្នាំ២០១៧