ជនអន្តោប្រវេសន៍​1​លាន​នាក់​លើកគ្នា​មក​កាន់​អឺរ៉ុប​ក្នុង​ឆ្នាំ​2015

ក្នុង​សេចក្តី​ប្រកាស​រួម​មួយ​ស្នងការ​ជាន់ខ្ពស់​អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR និង​អង្គការ​អន្តរជាតិ​សម្រាប់​ជនអន្តោប្រវេសន៍ OIM ថ្លែង​កាលពី​ថ្ងៃ​ទី​២២ ធ្នូ ថា បណ្តា​ជម្លោះ​និង​ភាព​ក្រីក្រ​បាន​ចាប់បង្ខំ​មនុស្ស​១​លាន​នាក់​ឱ្យ​លើកគ្នា​មក​កាន់​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៥ ។

យោង​តាម​ស្ថិតិ​របស់​HCR ថា​គិត​មក​ដល់​ថ្ងៃ​ទី​២១ ធ្នូ មនុស្ស​ប្រមាណ​ជា​៩២៧.៥០០​នាក់​បាន​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​មក​កាន់​អឺរ៉ុប​ចាប់ពី​ដើមឆ្នាំ​នេះ​មក ។

ចំណែក OIM វិញ​គូសបញ្ជាក់​ថា មនុស្ស​ជាង​៣៤.០០០​នាក់​បាន​ចូល​មក​ប្រទេស​ប៊ុល​ហ្គា​រី​និង​ក្រិ​ក ដោយ​ឆ្លងកាត់​ប្រទេស​តួ​ក​គី​តាម​ជើង​គោក ។ OIM បន្ត​ថា ចំនួន​មនុស្​ស​ដែល​រត់​ភៀសខ្លួន​ដោយ​សង្គ្រាម​និង​ជម្លោះ​ឡើង​ដល់​កំពូល​ជា​ប្រវត្តិសាស្ត្រ​នៅ​អឺរ៉ុប​ខាងលិច និងអឺរ៉ុប​កណ្តាល​ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​១៩៩០​មក ។ មនុស្ស​ពាក់កណ្តាល​លាន​នាក់ ពោល​គឺ​ពាក់កណ្តាល​នៃ​ចំនួន​មនុស្ស​ដែល​នា​ឆ្នាំ​នេះ​ធ្វើ​ដំណើរ​ផ្សងព្រេង​កាត់​ស​មុ​ុ​ទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ជា​ជនជាតិ​ស៊ី​រី​ដែល​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​កំពុង​មាន​សង្គ្រាម ចំណែក​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​ប្រមាណ​២០% និង​ជនជាតិ​អុ​ី​រ៉ា​ក់​៧% ។

ក្នុង​របាយការណ៍​ពី​ស្ថិតិ​មួយ​ចេញផ្សាយ​កាលពី​ពាក់កណ្តាល​ខែធ្នូ HCR បាន​ព្យាករណ៍​ថា ឆ្នាំ​២០១៥​ពិតជា​ឆ្នាំ​នៃ​ការ​កើនឡើង​ខ្ពស់​បំផុត ពុំ​ធ្លាប់​មាន​ពី​មុន​មក​នៃ​អ្នក​រត់​ភៀសខ្លួន​ដោយ​បង្ខំ​លើ​ពិភពលោក ។

ចំនួន​សរុប​នៃ​ជនភៀសខ្លួន​លើ​ពិភពលោក​ឡើង​ដល់​១៩,៥​លាន​នាក់​កាលពី​ឆ្នាំ​២០១៤​។ ចំនួន​នោះ​នឹង​ឡើង​ដល់​២០​លាន​នាក់​ក្នុង​ឆ្នាំ​២០១៥​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។  អ្នក​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​កើន​ដល់​៧៨% បើ​ប្រៀបធៀប​ទៅ​នឹង​ដំណាក់កាល​ដូច​គ្នា​នោះ ក្នុង​ឆ្នាំ​២០១៤ ហើយ​ចំនួន​មនុស្ស​រត់​ភៀសខ្លួន​ក្នុង​ប្រទេស​ពួក​គេ​ផ្ទាល់​កើនឡើង​ថែម​ប្រមាណ​២​លាន​នាក់​ដល់​សរុប​៣៤​លាន​នាក់ ៕