ភរិយា​គ្រូបង្វឹក​ក្លិប Bayern Munich​ចង់​ស្នាក់​នៅ​ក្រុង​ឡុ​ងជា​ឱកាសល្អ​របស់ Chelsea តាម​អន្ទង​ស្វាមី

Chelsea​ជា​ក្លិប​ល្បី​នៅ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស កំពុង​ត្រៀម​ផ្ដល់​កិច្ចសន្យា​ដល់​លោក ប៉េ​ប ក្វា​ឌី​យ៉ូ​ឡា គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ជា​អ្នកដឹកនាំ​ក្លិប ក្រោយ​ពី​មាន​របាយការណ៍​ថា ភរិយា​របស់​លោក​ចាប់អារម្មណ៍​ចង់​ផ្លាស់​ទៅ​រស់នៅ​ក្រុង​ឡុ​ង បន្ទាប់​ពី​ស្វាមី​មិន​ព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប​Bayern Munich ។

លោក រ៉ូ​ម៉ា​ន់ អា​ប្រា​ម៉ូ​វិច ម្ចាស់​ក្លិប Chelsea មិន​ព្រម​បោះបង់​មហិច្ឆតា​ចង់បាន​គ្រូបង្វឹក​ថ្មី​ហើយ​លោក​ក្វា​ឌី​យ៉ូ​ឡា ជា​គោលដៅ​សំខាន់​ដែល​ក្លិប​ធ្លាប់​តាម​ចែចូវ​តាំងពី​ឆ្នាំ​២០១២ ហើយ​ពេល​នេះ​មិន​ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ដឹកនាំ​ក្លិប Bayern Munich នៅ​រដូវ​កាល​ក្រោយ​នេះ​។ បច្ចុប្បន្ន​ក្លិប​បាន​តែងតាំង​លោក ហ្គូ​ស ហ៊ី​ដ​ឌី​ង ឱ្យ​ដឹកនាំ​ក្លិប​បណ្ដោះអាសន្ន​រហូត​ដល់​ចប់​រដូវ​កាល ។

លើស​ពី​នេះ ក៏​មាន​ក្លិប Man City  ជា​គូប្រជែង​មួយ​ក្នុង​ប្រឺ​មី​ញេ​លី​ក កំពុង​ដណ្ដើម​ចុះ​ហត្ថា​លេខា​លើ​គ្រូបង្វឹក​អាយុ​៤៤​ឆ្នាំ​រូប​នេះ ដោយ​មិន​សំចៃ​ប្រាក់ ប៉ុន្តែ​Chelsea ហាក់ដូចជា​មាន​ប្រៀប​នៅ​ពេល​លោកស្រី គ្រី​ស្ទី​ណា សេ​រ៉ា ជា​ប្រពន្ធ​របស់​លោក​ក្វា​ឌី​យ៉ូ​ឡា ចាប់អារម្មណ៍​ចង់​មក​នៅ​ក្រុង​ឡុ​ង ។ ក្រៅពី​នេះ ប្រសិនបើ​លោក​មក​ដឹកនាំ​ក្លិប Chelsea ពិតមែន​នោះ  លោក​ក្វា​ឌី​យ៉ូ​ឡា នឹង​ក្លាយជា​គ្រូបង្វឹក​មាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ៕