លោក Claudio Ranieri ថា ​ខ្សែ​ប្រយុទ្ធ Mahrez នឹងអាច​រីក​ចម្រើន​បន្ត​​ទៀត​នៅ Leicester

លោក Claudio Ranieri គ្រូបង្វិករបស់​​ក្លិបបាល់ទាត់​ Leicester City របស់​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែ​ប្រយុទ្ធ Riyad Mahrez ពុំ​ចាំ​បាច់​ចេញ​ពី​ក្លិប​នេះ ​ដើម្បី​បន្ត​អាជីព​របស់​គេ​នោះ​ឡើយ។

Riyad_Mahrez

កីឡាករ​វ័យ ២៤ ឆ្នាំ​​សញ្ញាតិ អាល់ហ្សេរី​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លិប​បាល់​ទាត់​ជាច្រើន បន្ទាប់​ពី​គេ​បាន​ស៊ុត​បញ្ចូល​ទី​បាន ១៣ គ្រាប់ និង​ជួយ​ដល់​ការ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៧ លើក ដែល​បាន​ជួយ​ឲ្យ​ក្លិប​កញ្ជ្រោង​នេះ ឡើង​ទៅ​កំពូល​តារាង​លីក​កំពូល​អង់គ្លេស Premier League។

លោក Ranieri ថ្លែង​ថា៖ «គេ​ចង់​នៅ​ជាមួយ​យើង ហើយ​យើង​ចង់​រក្សា​គេ ប៉ុណ្ណឹង​គឺ​គ្រប់​គ្រាន់​ហើយ។ ការ​លេង​របស់​គេ ​ចាំបាច់​ត្រូវ​តែ​រីក​ចម្រើន ហើយ​នៅ​ពេល​ដែល​គេបាន​រិក​ចម្រើន ក្លិប​ក៏​នឹង​រីក​ចម្រើន​ដែរ។ បើ​ដូច្នេះ តើ​មាន​មូលហេតុ​អ្វី​ដែល​គេ​ចង់​ទៅ​លេង​ឲ្យ​ក្លិប​ដទៃ? គេ​គឺ​ជា​ស្តេច​នៅ​ក្នុង​ក្លិប​នេះ»។

កីឡាករ Mahrez បាន​ចូលមក​លេងឲ្យ​ក្លិប Leicester City បន្ទាប់​ពី​ក្លិប​នេះបាន​ទិញ​រូប​គេ​ពីក្លិប Le Havre​ ក្នុង​ក្របខណ្ឌទីពីរ​របស់​បារាំង កាល​ពី​ខែ មករា ឆ្នាំ ២០១៤ ហើយ​តម្លៃ​ខ្លួន​របស់​គេ​ត្រូវ​បាន​លាក់​ជា​ការ​សម្ងាត់។

កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​ក្លាយ​ជា​ដៃ​គូ​ដ៏​ប៉ិន​ប្រសព្វ​ជាមួយ​នឹង​កីឡាករ Jamie Vardy ដែល​ជា​កីឡាករ​កំពុង​ឈាន​មុខ​គេ​ក្នុង​ការ​ស៊ុត​បញ្ជូល​ទី​នៅ​ Premier League ដោយ​រក​គ្រាប់​បាល់​បាន​រហូត​ដល់​ទៅ ១៥ គ្រាប់៕ TN​