ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ពី​បាតុភូត​ក្តៅ​ហួតហែង នៅ​ឆ្នាំ​២០១៦ រហូតដល់​ចុងខែ​មិថុនា សូមរក្សាទឹក!

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានចេញ​សារាចរ​ណែនាំ ស្តីពី ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក សម្រាប់​ឆ្នាំ​២០១៦​។ មូលហេតុ មកពី​ឆ្នាំ​២០១៦ ខាងមុខនេះ កម្ពុជា​នឹង​ទទួលរង​នូវ​បាតុភូត El Nino ( ក្តៅ ) រហូតដល់​ចុងខែ​មិថុនា​។ ដូច្នេះ​ប្រមុខ​រាជ​រដ្ឋា​ភិបាល បានអំពាវនាវ​ឲ្យរក្សាទឹកទុក សម្រាប់ការប្រើប្រាស់​។

​តាម​សារាចរ​ណែនាំ​នោះ ឥទ្ធិពល​នៃ​បាតុភូត El Nino អាច​នឹង​បង្ក​ឲ្យ​រដូវវស្សា មកដល់​យឺត នៅ​ដើមរដូវ​វស្សា មាន​ភ្លៀង​ធ្លាក់​តិច មាន​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន កម្រិត​សីតុណ្ហភាព​អតិបរមា​កើនឡើង អាកាសធាតុ​ក្តៅ​ហួតហែង​។​ល​។​

​ក្នុង​សារាចរ​ណែនាំ​ដដែល លើកឡើងថា ស្ថានភាព​អាកាសធាតុ​បែបនេះ នឹង​កើតមាន​ចាប់ពី​ខែកុម្ភៈ រហូតដល់​ចុងខែ​មិថុនា ឆ្នាំ​២០១៦​។ កត្តា​ទាំងនេះ អាច​នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង ប្រឈម​នឹង​កង្វះខាត​ទឹក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ នៅតាម​តំបន់​មួយចំនួន ហើយ​រហូតដល់​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០១៦ ទើប​បាតុភូត​ថ្មី La Nina ( ត្រជាក់ ) មាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​វិញ ហើយ​ភ្លៀង​ក៏​នឹង​ចាប់ផ្តើម ធ្លាក់​នាពេលនោះ​។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ​នៃ​ការព្យាករណ៍​ខាងលើនេះ រាជរដ្ឋាភិបាល បានធ្វើ​ការណែនាំ ២ ចំណុច ដូចតទៅ​៖
១-​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង ក្នុងឆ្នាំនេះ ( ឆ្នាំ​២០១៥-​ឆ្នាំ​២០១៦ ) គឺអាច​ធ្វើ​បានតែ ១ ដង ប៉ុណ្ណោះ ដោយ​មិន​អាចធ្វើ​ស្រូវប្រាំង លើក​ទី​២ បានទេ ទោះបីជា​ទឹក​តាម​បណ្តា​អាង ដែល​បាន​រក្សាទុក និង​កន្លែង​មួយចំនួន ដែលមាន​ទឹកជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត ក្រៅពី​ស្រូវ​។​

២-​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​ប៉ុណ្ណោះ រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​៕​

ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ពី​បាតុភូត​ក្តៅ​ហួតហែង នៅ​ឆ្នាំ​២០១៦ រហូតដល់​ចុងខែ​មិថុនា សូមរក្សាទឹក!