GMAC បញ្ជាក់​ពី​ជំហរ​រឹងមាំ​របស់​ថៅកែ​រោងចក្រ ចំពោះ​កូដកម្ម នៅ​បាវិត គឺ​កាត់លុយ និង​មិន​ដោះលែង​កម្មករ ៤ នាក់​មកវិញ​ទេ​

ភ្នំពេញ: សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បានប្រកាស​ពី​ជំហរ​រឹងមាំ​របស់​និយោជក​ថៅកែ​រោងចក្រ ក្នុងការ​អនុវត្ត​មាត្រា ៣៣២ នៃ​ច្បាប់​ការងារ ចំពោះ​ស្ថានភាព​កូដកម្ម​ហិង្សា ដែល​បាន​កើតឡើង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​តាយសេង ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង ចាប់ពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។ នោះ​គឺ​ភាគី​ថៅកែ​រោងចក្រ ចាត់ទុកថា កូដកម្ម​របស់​កម្មក​រ​នៅ​បាវិត ជា​កូដកម្ម​ខុសច្បាប់​ការងារ ហើយ​ថៅកែ​រោងចក្រ នឹងមិន​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ទេ ក្នុងអំឡុងពេល​នៃ​ការតវ៉ា​។​

​សេចក្តីថ្លែងការណ៍​រប​ស់ GMAC ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ បង្ហាញថា "​មាត្រា​៣៣២ នៃ​ច្បាប់​ស្តីពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ញត្តិ​យ៉ាងច្បាស់​ថា “​កិច្ចសន្យា ការងារ ត្រូវ​ព្យួរ​នៅពេល​ធ្វើ​កូដកម្ម​។ ក្នុងកំឡុងពេល​កូដកម្ម​តាវកាលិក​នៃ​ការងារ​មិនត្រូវ​បានផ្តល់​ឲ្យ​ទេ ហើយ​ប្រាក់​ឈ្នួល​ក៏​មិនត្រូវ​បើក​ឲ្យ​ដែរ​”​។

១-​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សូមបញ្ជាក់​ពី​ជំហរ​រឹងមាំ​របស់​និយោជក​ក្នុងការ​អនុវត្ត​មាត្រា​ខាងលើ ចំពោះ​ស្ថានភាព​កូដកម្ម​ហិង្សា​ដែល​កើតឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​តា​យ សេង ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង​នាពេល​ថ្មីៗ​នេះ​។ គោលការណ៍ “​មិន​ធ្វើការ មិនមាន​ប្រាក់​ឈ្នួល​” នេះ​មានន័យ​សាមញ្ញ និង​សម​ហេតុផល ហើយ​វា​ផ្តល់នូវ​ភាពយុត្តិធម៌​ចំពោះ​ភាគី ទាំងពីរ គឺ​ភាគី​និយោជក និង​ភាគី​កម្មករនិយោជិត​ផងដែរ​។

២.​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏​ធ្វើការ​ថ្កោលទោស​ចំពោះ​ក្រុម​ណាមួយ​ដែល​ប៉ុនប៉ង​ក្នុងការ ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​ជន​ត្រូវ​ចោទ​ទាំង ៤​នាក់ ដែល​ស្ថិតក្រោម​បទ​ចោទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដោយ​សាលាដំបូង​ខេត្ត ស្វាយរៀង​។ គ្មាន​នរណាម្នាក់​គួរ ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​កិច្ច​អន្តរាគមន៍​ក្នុង​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌ កម្ពុជា​ឡើយ ហើយ​គេ​ត្រូវ​ទុក​ឲ្យ​តុលាការ​អនុវត្ត​នូវ​នីតិវិធី​ពេញលេញ​របស់ខ្លួន​ក្នុង​លក្ខណៈ​ឯករាជ្យ​។
 
​សេចក្តីថ្លែងការណ៍​ចំហរ​បញ្ជាក់ថា "GMAC និង​និយោជក​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ ជាថ្មី​ម្តងទៀត អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លើកកម្ពស់​គោលការណ៍​នីតិរដ្ឋ ដោយ​អនុវត្ត​យន្តការ​ច្បាប់ ឲ្យ​បាន​តឹងរ៉ឹង​ដោយ​គ្មាន​ការរើសអើង និង​លម្អៀង​"​។​

​សេចក្តីថ្លែងការណ៍​រប​ស់ GMAC ដូច្នេះ បានធ្វើ​ឡើង បន្ទាប់ពី​កិច្ចប្រជុំ កាលពី​រសៀល​ថ្ងៃទី​២២ ខែធ្នូ នៅ​សាលាក្រុង​បាវិត គឺ​ក្រុម​សហជីព​កម្មករ ចំនួន ៤ បានស្នើ​ឲ្យ​មានការ​ដោះលែង​កម្មករ ៤ នាក់ មកវិញ ហើយ​ខ្លួន​នឹងចូលរួម​សម្របសម្រួល​ឲ្យ​កម្មករ បញ្ឈប់​ការតវ៉ា និង​វិលត្រឡប់​ចូលធ្វើការ​ឡើងវិញ​។

​ជា​ថ្នូរ​នឹង​ការសម្របសម្រួល​នោះ សហជីព​កម្មករ​ទាំង ៤ បានស្នើ​កុំ​ឲ្យ​ថៅកែ​រោងចក្រ​កាត់លុយ​ពេលធ្វើ​កូដកម្ម និង​ដោះលែង​កម្មករ ៤ នាក់ ដែល​តុលាការ សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​៕​

GMAC បញ្ជាក់​ពី​ជំហរ​រឹងមាំ​របស់​ថៅកែ​រោងចក្រ ចំពោះ​កូដកម្ម នៅ​បាវិត គឺ​កាត់លុយ និង​មិន​ដោះលែង​កម្មករ ៤ នាក់​មកវិញ​ទេ​