អាជ្ញាធរ​ខេត្ត​​តាកែវ​រៀបចំ​​ជួស​ជុលកែលម្អ​វិមាន​ឯក​រាជ្យ​ឱ្យមានសោភ័ណភាព​​ឡើង​វិញ​

ខេត្ត​តាកែវ ៖ ដើម្បី​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​​ទីរួម​ខេត្ត​​ឱ្យ​កាន់​តែ​​​ល្អ​​ប្រសើរ​​​សម្រាប់​ទាក់​ទាញ​ភ្ញៀវទេសចរ​​មក​លេង​កម្សាន្ត​​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​នោះ ​​លោក ឡាយ វណ្ណៈ អភិ​បាល​ខេត្ត ​បាន​​រៀបចំ​ជួស​ជុល​​កែ​លម្អ​​​វិមាន​ឯក​រាជ្យ​​ឡើង​វិញ ។​

លោក មាស អ៊ុយ នាយក​ទី​ចាត់​ការ​ផែនការ​ និង​វិនិយោគ​នៃ​សាលា​​ខេត្ត បាន​ឱ្យ​ដឹង​ថា ​ការ​ជួស​ជុល​វិមាន​ឯក​រាជ្យ​នេះ គឺ​ក្រោម​ការ​ផ្តួច​ផ្តើមគំនិត​​ពី​លោក​អភិ​បាល​ខេត្ត​តាកែវ ចំពោះ​គម្រោង​ គឺ​ត្រូវ​​​​ដុសខាត់ថ្នាំ​​ចាស់​ចោល ​លាប​ថ្នាំ​ថ្មី​ឡើង​វិញ​ គាស់​​សាប​​ចាស់​ចោល ចាក់​សាប​​ថ្មី និង​ដាក់​លូបង្ហូរ​ទឹក​តាម​ជ្រុង ​ព្រម​ទាំង​​ដាំ​ផ្កា​​ចម្រុះ​ពណ៌​នៅ​ជុំវិញ​វិមាន​​ឯក​រាជ្យ​​ផង​ដែរ ៕​