ប្រកាសតែងតាំងប្រធានសាខាគយ និងរដ្ឋករ ខេត្តបន្ទាយមានជ័យថ្មី ខណៈមេចាស់ទៅកាន់ជាប្រធាន នៅខេត្តកំពង់ធំ

ភ្នំពេញ៖ លោក ឆែ សុធា អតីតមេគយខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងប្រធានសាខាគយ និងរដ្ឋករ ខេត្តបន្ទាយមានជ័យ នៅរសៀលម៉ោង៣ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ ខណៈលោក ថោង សុខាំភូ ត្រូវបានដកតំណែង ឲ្យទៅបម្រើការងារនៅខេត្តផ្សេង។

ទន្ទឹមគ្នានោះ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ លោក ថោង សុខាំភូ ប្រធានសាខា គយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ក៏នឹងត្រូវប្រកាសចូលកាន់តំណែងជាមេគយនៅខេត្តកំពង់ធំផងដែរ។ នេះបើតាមសេចក្តីរាយការណ៍ ពីខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា អំឡុងពេលដែលលោក ថោង សុខាំភូ កាន់តំណែងជាមេគយខេត្តបន្ទាយមាន ជ័យ អស់រយៈពេល៣ឆ្នាំកន្លងមកនេះ គេសង្គេតឃើញថា មានកម្មករអូសរទេះ ក្រុមអ្នករត់តាក់ស៊ី ក្រុម អាជីវករ ជាច្រើនបានលើកគ្នាធ្វើការតវ៉ា និងធ្វើបាតុកម្មបិតផ្លូវ ជាញឹកញាប់ ដែលមេគយមុនៗ មិនអាចធ្វើដូច។ ក្រៅពីនេះ គេបានឃើញបង្កើត ឲ្យមានគយចល័ត បើករថយន្តប្រដេញតាមដងផ្លូវ និងដាក់កុងត្រូលជជុះ នៅចំនុចផ្លូវ៥០ ភូមិកូនដំរី ដើម្បីប្រមូលលុយពីក្រុមអ្នកដឹកទំនិញ ក្រោមរូបភាពត្រួតពិនិត្យពន្ធ។

ពលរដ្ឋ និងអាជីវករ អ្នកដឹកទំនិញបង់ពន្ធស្របច្បាប់ជាច្រើន បានសាទរ ចំពោះការផ្លាស់ប្តូរមេគយថ្មីថ្ងៃនេះ ព្រោះអាជីវករទាំងនោះរំពឹងថា មេគយមកកាន់តំណែង នឹងកែទម្រង់ការប្រមូល និងមិនកៀបសង្កត់ ដូចអ្នកមុន។ តែចំពោះឈ្មោះរកស៊ីគេចពន្ធវិញពេលនេះ ហាក់មានការមិនសូវសប្បាយចិត្តឡើយ ព្រោះពួកគេអស់ខ្នងបង្អែកក្នុងការរកស៊ីគេចពន្ធ ព្រោះពីមុនអាចរកស៊ី បង់ពន្ធខ្លះ មិនបង់ពន្ធខ្លះ ទុកចែកគ្នាស៊ី ធ្វើមានធ្វើបានរៀងៗខ្លួន៕

ប្រកាសតែងតាំងប្រធានសាខាគយ និងរដ្ឋករ ខេត្តបន្ទាយមានជ័យថ្មី ខណៈមេចាស់ទៅកាន់ជាប្រធាន នៅខេត្តកំពង់ធំ